ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តសៀមរាប​បើក​ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​មហាជន​ឆ្នាំ​២០២៦

5 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​កីឡដ្ឋាន​ខេត្តសៀមរាប នា​រសៀល​ថ្ងៃ​ទី ២៤ ខែឧសភា ឆ្នាំ ២០២៦ មាន​រៀបចំ​បើក​ការ​ប្រកួត​បាល់ទាត់​មហាជន​ខេត្តសៀមរាប ឆ្នាំ​២០២៦…

ខេត្តសៀមរាប ៖ នៅ​កីឡដ្ឋាន​ខេត្តសៀមរាប នា​រសៀល​ថ្ងៃ​ទី ២៤ ខែឧសភា ឆ្នាំ ២០២៦ មាន​រៀបចំ​បើក​ការ​ប្រកួត​បាល់ទាត់​មហាជន​ខេត្តសៀមរាប ឆ្នាំ​២០២៦ ក្រោម​ប្រធានបទ «​ទាំងអស់​គ្នា​ដើម្បី​កីឡា កីឡា​ដើម្បី​សុខភាព និង​សាមគ្គីភាព​» ក្រោម​វត្តមានរបស់​ឯកឧត្តម តោ គឹ​ម​ស៊ា​ន សមាជិក​ក្រុមប្រឹក្សា​ខេត្ត តំណាង​ឯកឧត្តម លី សំ​រិ​ទ្ធ ប្រធានក្រុមប្រឹក្សា​ខេត្ត និង​លោក សំកុល សុចិ​ត្រា
អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​។

នៅ​ក្នុង​ឱកាស​នោះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អស់លោក
លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព កងកម្លាំងប្រដាប់​អាវុធ​ទាំង​បី រដ្ឋបាល​ក្រុង ស្រុក រួម​ទាំង​ប្រតិភូ​កីឡាករ​ទាំង​២៨​ក្រុម និង​ក្រុមកីឡា​ផ្កា​រីក​គ្រប់​រដូវ ព្រមទាំង​មាន​ទស្ស​និ​ជន​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ​ផង​ដែរ ។

លោក សំកុល សុចិ​ត្រា បានឱ្យ​ដឹង​ថា ការ​ប្រកួត​បាល់ទាត់​មហាជន​ឆ្នាំ​២០២៦​នេះមាន​ក្រុមកីឡា​បាល់ទាត់​ចំនួន​២៨​ក្រុម​មក​ពីបណ្តា​ក្រុង​-​ស្រុក និង​វិស័យ​ឯកជន​នានា​ក្នុងខេត្ត​ចូលរួម ។ ការ​ប្រកួត​កីឡា​មហាជន​ក្រោមប្រធានបទ​«​ទាំងអស់​គ្នា​ដើម្បី​កីឡា កីឡា​ដើម្បីសុខភាព និង​សាមគ្គីភាព​»​ធ្វើ​ឡើង​ដេ​ី​ម្បី​រឹតចំណងមិត្តភាព សាមគ្គីភាព សន្តិភាព​រវាង​អ្នក​ស្នេហាកីឡាបាល់ទាត់​ក្នុង​ខេត្ត និង​ផ្តោត​លើ​កីឡា​នាំមក​នូវ​សុខភាព​ល្អ កម្លាំង​មាំមួន ធ្វើ​ឲ្យ​យុវជន​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន និង​លើកកម្ពស់​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ទៀត​ផង ។

លោក​បាន​បន្ត​ថា ការ​បង្កើត​ឱ្យ​មានការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​មហាជន​នេះ​ឡើងសំដៅ​លើក​ស្ទួយ​វិស័យ​កីឡា​ផ្សារ​ភ្ជាប់​នឹង​ទេសចរណ៍ ដោយសារ​ខេត្តសៀមរាប​ជា​ខេត្ត​គោលដៅ​របស់​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ។ ម្យ៉ាងទៀត ការ​ប្រកួត​នេះ គឺ​ដើម្បី​ផ្តល់​ឱកាស​ដ៏​ល្អ​ដល់​កីឡាករ​បាន​វាស់​ស្ទង់​គុណ​ផល​កីឡា សម្រាប់​ផ្លាស់​ប្តូរ​បច្ចេកទេស បទ​ពិសោធន៍ ព្រមទាំង​ជួយ​បំផុសស្មារតី​ឱ្យ​យុវជន​ស្រឡាញ់ និង​គាំទ្រ​វិស័យ​កីឡា ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន ពិសេស​ស្វែងរក​ធនធាន​កីឡាករ​ឆ្នើម​ៗ ដើម្បី​តំណាង​ឱ្យ​ខេត្ត​ទៅ​ប្រកួតប្រជែង​ក្នុង​កម្រិត​ថ្នាក់​ជាតិ​ថែម​ទៀត​ផង ។

លោក លី ប៊ុ​ន​ណា ប្រធាន​មន្ទី​អប់រំ យុវជន និង​កីឡា​ខេត្ត បាន​បញ្ជាក់​ថា ការ​ប្រកួត​នេះ​មាន​២៨​ក្រុម សរុប​៥៨​ប្រកួត និង​បាន​បែងចែក​ជា ជា​៧​ពូ​ល​ពី​ពូ​ល​(​ក​)​ដល់​ពូ​ល​(​ឆ​) ។ ក្នុង​នោះ​មានការ​ប្រកួត​ជម្រុះ​ក្នុង​១​ពូ​លយ​ក​២​ក្រុម គឺ​លេខ​១ និង​លេខ​២ ព្រមទាំង​លេខ​៣​ល្អ​ចំនួន​២​ក្រុម​ដើម្បី​បង្គ្រប់​សម្រាប់​វគ្គ​១៦​ក្រុម ។ នៅ​ក្នុង​វគ្គ​ជម្រុះ​១៦​ក្រុម គឺ​លេខ​១​ពូ​ល​(​ក​) ប្រកួត​ជាមួយ​លេខ​២​ពូ​ល​(​ខ​), លេខ​១​ពូ​ល​(​ខ​) ប្រកួត​ជាមួយ​លេខ​២ ពូ​ល​(​ក​), លេខ​១​ពូ​ល​(​គ​)​ប្រកួត​ជាមួយ​លេខ​២​ពូ​ល​(​ឃ​), លេខ​១​ពូ​ល
(​ឃ​)​ប្រកួត​ជាមួយ​លេខ​២​ពូ​ល​(​គ​), លេខ​១​ពូ​ល(​ង​) ប្រកួត​ជាមួយ​លេខ​២​ពូ​ល​(​ច​), លេខ​១ ពូ​ល​(​ច​)​ប្រកួត​ជាមួយ​លេខ​២​ពូ​ល​(​ង​), លេខ​១​ពូ​ល​(​ឆ​) ប្រកួត​ជាមួយ​លេខ​៣​ល្អ​(២) និង លេខ​២​ពូ​ល​(​ឆ​) ប្រកួត​ជាមួយ​លេខ​៣​ល្អ​(១)​។

ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ក្រុម​ចាញ់​ជួប​ក្រុម​ចាញ់​រក​ចំណាត់ថ្នាក់​លេខ​៣ និង​លេខ​៤ និង​ក្រុម​ឈ្នះ​ជួប​ក្រុម​ឈ្នះ យក​ចំណាត់ថ្នាក់​លេខ​១ និង​លេខ​២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ