ទីក្រុងតូក្យូ ៖ លោក ស៊ីនណូស៊ូកេ អាបេ (Shinnosuke Abe) អ្នកចាត់ការទូទៅរបស់ក្រុមកីឡាបេស្បលដ៏ល្បីមួយនៅជប៉ុន Yomiuri Giants បានសម្រេចចិត្តលាលែងចេញពីតំណែង កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីលោកត្រូវបានប៉ូលិសចាប់ខ្លួនពីបទសង្ស័យថាបានប្រើអំពើហិង្សាលើកូនស្រីបង្កើតរបស់ខ្លួន។ នេះបើយោងតាមប្រភពពីសារព័ត៌មាន NHK, The Japan Times និង Nippon បានចេញផ្សាយ។
លោក អាបេ វ័យ៤៧ឆ្នាំ ត្រូវបានប៉ូលិសឃាត់ខ្លួននៅគេហដ្ឋានលោកស្ថិតនៅក្នុងសង្កាត់ស៊ីប៊ូយ៉ា (Shibuya) ទីក្រុងតូក្យូ (Tokyo) កាលពីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ប៉ុន្តែក្រោយមកត្រូវបានដោះលែងវិញ។ ការឃាត់ខ្លួននេះកើតឡើង បន្ទាប់ពីលោកកើតការខឹងសម្បារយ៉ាងខ្លាំង និងបាត់បង់ម្ចាស់ការ ហើយជ្រុលដៃរុញកូនស្រីច្បងវ័យ១៨ឆ្នាំឱ្យដួលទៅលើឥដ្ឋ អំឡុងពេលជម្លោះក្នុងគ្រួសារ។ ភរិយារបស់លោក និងកូនស្រីអាយុ១៥ឆ្នាំ ក៏ស្ថិតនៅផ្ទះ អំឡុងពេលកើតហេតុនោះដែរ។
របាយការណ៍ប៉ូលិសបានឱ្យដឹងថា លោក អាបេ បានព្យាយាមបំបែកការឈ្លោះប្រកែកគ្នារវាងកូនស្រីទាំងពីរ ហើយខឹងសម្បារខ្លាំង នៅពេលកូនស្រីច្បងតមាត់លោក អំឡុងពេលឈ្លោះប្រកែកគ្នា។ អតីតកីឡាករបេស្បលឆ្នើមក្រុមជម្រើសជាតិជប៉ុនរូបនេះ ត្រូវបានរាយការណ៍ថាក៏ស្ថិតក្នុងស្ថានភាពស្រវឹងដែរនៅពេលនោះ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ កូនស្រីលោក អាបេ បានប្រើកម្មវិធីបញ្ញាសិប្បនិម្មិត AI (ដូចជា ChatGPT ជាដើម) ដើម្បីសួរនាំរកដំណោះស្រាយចំពោះបញ្ហាក្នុងគ្រួសារនេះ។ បន្ទាប់មក ស្រាប់តែកម្មវិធីបានផ្តល់លេខទំនាក់ទំនងរបស់មជ្ឈមណ្ឌលណែនាំកុមារ ទើបនាងឈានដល់ការរាយការណ៍ទៅកាន់សមត្ថកិច្ចតែម្តង។
បន្ទាប់ពីត្រូវបានដោះលែងពីការឃុំខ្លួន លោក អាបេ បានពិភាក្សាជាមួយម្ចាស់ក្លិប និងបានដាក់ពាក្យសុំលាលែងពីតំណែងភ្លាមៗ ក៏ដូចជាសុំទោសជាសាធារណៈទាំងទឹកភ្នែកចំពោះការបង្កផលប៉ះពាល់ដល់អ្នកគាំទ្រ និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ក្លិប។ ចំណែកកូនស្រីរបស់លោកក៏បានសរសេរសំបុត្រសម្តែងការសោកស្តាយ និងអៀនខ្មាស់យ៉ាងខ្លាំង ដែលរឿងរ៉ាវក្នុងគ្រួសារនាងបានរាលដាលទៅជាធំ និងបញ្ជាក់ថា នាង និងឪពុកបានផ្សះផ្សាគ្នាវិញរួចរាល់ហើយ។
គួរបញ្ជាក់ថា លោក ស៊ីនណូស៊ូកេ អាបេ គឺជាកីឡាបេស្បលដ៏ល្បីល្បាញ១រូបនៅជប៉ុន ដោយធ្លាប់ជាកីឡាករឆ្នើម (Catcher) ដែលវាយផ្តាច់យក Home Run ជាង៤០០ដង។ នៅក្នុងអាជីពជាអ្នកចាត់ការ លោកបានដឹកនាំក្រុម Yomiuri Giants ឱ្យឈ្នះពានរង្វាន់លីគកំពូល Central League ក្នុងឆ្នាំ ២០២៤ កន្លងទៅផងដែរ៕




ចែករំលែកព័តមាននេះ