ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Floyd ប្តឹង​អតីត​សហការី​ពី​បទ​ក្លែ.ងប.ន្លំ​ទាមទារ​ប្រាក់​ចំនួន ១៧៥ លាន​ដុល្លារ​អា​មេ​រិ​ក

14 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ កីឡាករ​ប្រដាល់សកល​ឆ្នើម​អា​មេ​រិ​ក Floyd Mayweather បាន​ដាក់​ពាក្យបណ្តឹង​នៅ​តុលាការ​ក្នុង​រដ្ឋ​ញូ​វ​យ៉​ក (New York) សហរដ្ឋអាមេរិក ដោយ​ទាមទារ​ប្រាក់​យ៉ាងតិច…

សហរដ្ឋអាមេរិក ៖ កីឡាករ​ប្រដាល់សកល​ឆ្នើម​អា​មេ​រិ​ក Floyd Mayweather បាន​ដាក់​ពាក្យបណ្តឹង​នៅ​តុលាការ​ក្នុង​រដ្ឋ​ញូ​វ​យ៉​ក (New York) សហរដ្ឋអាមេរិក ដោយ​ទាមទារ​ប្រាក់​យ៉ាងតិច ១៧៥​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​អតីត​អ្នកគ្រប់គ្រង​វិនិយោគ និង​ទីប្រឹក្សា​អចលនទ្រព្យ​របស់​ខ្លួន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ក្លែងបន្លំ និង​រំលោភ​លើ​សេចក្តី​ទំនុកចិត្ត​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​។ នេះ​បើ​តាម​ប្រភព​ពី ESPN បាន​ចេញផ្សាយ​។

តាម​រយៈ​បណ្តឹង​បាន​ចោទ​ថា លោក Jona Rechnitz អតីត​អ្នកចាត់ការ​របស់ Floyd និង​លោក Ayal Frist អ្នកគ្រប់គ្រង​ក្រុមហ៊ុន Frist Apex Ventures ដែល​ជា​ក្រុមហ៊ុន​វិនិយោគ និង​អចលនទ្រព្យ​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ផ្ល​រី​ដា ដែល​ជា​ក្រុមហ៊ុន​លុយ​ភាគច្រើន​របស់ Floyd ត្រូវ​បាន​វិនិយោគ​នៅ​ទីនោះ​ថា​បាន​ប្រព្រឹត្ត​អំពើ​បោកប្រាស់ និង​រួមចំណែក​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​លើ​កាតព្វកិច្ច​ទំនុកចិត្ត​។

បន្ថែម​ពីលើ​លោក Rechnitz និង Frist បណ្តឹង​នេះ ក៏​បាន​ដាក់​ឈ្មោះ លោក Alexander Seligson មេធាវី​ម្នាក់​ដែល​បាន​ដោះស្រាយ​បុនហិរញ្ញប្បទាន​នៃ​អចលនទ្រព្យ​មួយ​របស់ Floyd ដោយ​ចោទប្រកាន់​មេធាវី​រូប​នោះ​ពី​បទ​គ្រប់គ្រង​មូលនិធិ​មិន​បាន​ត្រឹមត្រូវ​។

ពាក្យបណ្តឹង​របស់ Floyd បាន​ចោទប្រកាន់​លើ​បញ្ហា​ជា​ច្រើន ដោយ​ក្នុង​នោះ​រួម​មាន​ទាំង ៖ ការ​ផ្ទេរ​ប្រាក់​ខុសច្បាប់ ៧,៥ លាន​ដុល្លារ ដោយ​វេរ​ទៅ​ក្រុមហ៊ុន Frist Apex កាលពី​ឆ្នាំ​២០២៤ សម្រាប់​វិនិយោគ​រយៈពេល​១២​ខែ ប៉ុន្តែ​គ្មាន​ការ​វិនិយោគ​ណាមួយ​ត្រូវ​បាន​ធ្វើ​ឡើង ហើយ​ប្រាក់​ដើមដំបូង​ក៏​មិន​ត្រូវ​បាន​ប្រគល់​ត្រឡប់​មក​វិញ​។ ការ​បង្វែរ​ប្រាក់​ខុសច្បាប់ ១៥ លាន​ដុល្លារ ដោយ​បែងចែក​ប្រាក់​របស់ Floyd ទៅ​ឱ្យ​ក្រុមហ៊ុន Frist Apex ដោយ​គ្មាន​ការ​អនុញ្ញាត ក្រោម​ការ​បង្គាប់បញ្ជា​របស់​បុគ្គល Rechnitz​។

ការ​បញ្ចាំ​គ្រឿងអលង្ការ​តម្លៃ​ជិត ១០០​លាន​ដុល្លារ ដោយ​បុគ្គល Rechnitz បាន​យក​គ្រឿងអលង្ការ Floyd ទៅ​បញ្ចាំ​ឱ្យ​ជាងមាស និង​ពេជ្រ​ពីរ​រូប​នៅ​ទីក្រុង​ម៉ៃ​អា​មី (Miami) ដើម្បី​ដូរ​យក​ប្រាក់​ត្រឹម ១៣​លាន​ដុល្លារ​ប៉ុណ្ណោះ ដោយ​គ្មាន​ការ​ផ្តល់​របាយការណ៍​គណនេយ្យ​ច្បាស់លាស់​ជូន​ម្ចាស់​កម្មសិទ្ធិ​។

លើស​ពី​នេះ​ទៀត បណ្តឹង​ក៏​បាន​អះអាង​ផង​ដែរ​ថា Floyd បាន​ចុះហត្ថលេខា​លក់​យន្តហោះ Gulfstream IV ឆ្នាំ ១៩៩៦ របស់​ខ្លួន តាម​ការ​ស្នើ​សុំ​លោក Rechnitz ដោយ​គ្មាន​អ្នកទិញ​ណា​ម្នាក់​ត្រូវ​បាន​ចុះបញ្ជី ហើយ​លុយ​បាន​ពី​ការ​លក់​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​កាតព្វកិច្ច​ទាក់ទង​នឹង​រថយន្ត​ទំនើប Bugatti ដូច​ជា​ការ​ថែទាំ​ជាដើម ប៉ុន្តែ​ធាតុ​ពិត​លុយ​ត្រូវ​បាន​បង្វែរ​ទៅ​ក្រុមហ៊ុន Frist Apex ដោយ​មិន​ជូនដំណឹង​ដល់ Floyd​។

បណ្តឹង​ខាងលើ​នេះ គឺ​បណ្តឹង​ក្លែងបន្លំ​ដ៏​ធំ​ដែល​បាន​បន្ថែម​ទៅ​លើ​បញ្ជី​នៃ​ការ​ប្រយុទ្ធ​ផ្លូវច្បាប់ និង​ហិរញ្ញវត្ថុ​បច្ចុប្បន្ន​របស់​លោក Floyd​។ បច្ចុប្បន្ន​អ្នក​ប្រដាល់​កំពូល​ឌឺ​វ័យ​៤៩​ឆ្នាំ​រូប​នេះ ក៏​ជាដើម​បណ្តឹង​ដាច់​ដោយឡែក​មួយទៀត​មាន​តម្លៃ ៣៤០​លាន​ដុល្លារ ដែល​បាន​ដាក់​កាលពីដើម​ឆ្នាំ​នេះ ដោយ​ចោទប្រកាន់​ក្រុមហ៊ុន Showtime ថា​បាន​ចូលរួម​ក្នុង​ការ​ប្រើប្រាស់​ហិរញ្ញវត្ថុ​ដោយ​ខុស អំឡុង​ពេល​ភាព​ជា​ដៃគូ​ផ្សាយ​ជាមួយ​គ្នា​។

លើស​ពី​នេះ​ទៀត កាលពី​ថ្មី​ៗ​នេះ អាជ្ញាធរ​ចំណូល​ផ្ទៃក្នុង​សហរដ្ឋ​អាម​រិ​ក (IRS) បាន​ដាក់​ពាក្យបណ្តឹង​ពន្ធ​ចំនួន ៧,៣ លាន​ដុល្លារ​ប្រឆាំង​នឹង Floyd ចំពោះ​ការ​មិន​បាន​បង់ពន្ធ​ចាប់ពី​ឆ្នាំ ២០១៨ និង ២០២៣៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ