រាជធានីភ្នំពេញ ៖ កីឡាករឈុត សេរីវ៉ាន់ថង បានយកឈ្នះកីឡាករបារាំងដោយពិន្ទុក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ប្រភេទទម្ងន់៥៩គីឡូក្រាម ខណៈឃីម បូរ៉ា បានផ្ដួលជើងខ្លាំងមកពីអុីរ៉ង់ត្រឹមទឹកទី១ក្នុងការប្រកួតការពារតំណែងម្ចាស់ខ្សែក្រវាត់ប្រភេទទម្ងន់៦០គីឡូក្រាមនៅលើសង្វៀនទូរទស្សន៍ហង្សមាស កាលពីថ្ងៃទី៣ ខែឧសភា។
ការប្រកួតលើកនេះអ្នកនិយមទស្សនាកីឡាប្រដាល់ភាគច្រើនមិនសូវទុកចិត្តលើឈុត សេរីវ៉ាន់ថងប៉ុន្មានទេ ព្រោះគេដឹងច្បាស់ថា កីឡាករបារាំងអឹម បាយសាំ មានក្បាច់ប្រយុទ្ធខ្លាំង កម្លាំងក៏រឹងមាំធ្វើឱ្យគូប្រកួតភាគច្រើនពិបាកទប់ទល់ខ្លាំងណាស់។ នៅក្នុងទឹកទី១ការប្រកួតមានសភាពប្រហាក់ប្រហែលគ្នាព្រោះពួកគេទាំងពីរនៅមិនទាន់បញ្ចេញអស់ពីសមត្ថភាពនៅឡើយគ្រាន់តែវាយក្នុងសភាពស្ទាបស្ទង់គ្នា។លុះចូលដល់ទឹកទី២ កីឡាករបារាំងចាប់ផ្ដើមវាយសន្ធាប់មកលើកីឡាករឈុត សេរីវ៉ាន់ថង ធ្វើឱ្យឈុត សេរីវ៉ាន់ថង សម្រុកចូលវាយនិងបុកស្នៀតជង្គង់សងវិញភ្លាមៗ។
ជើងខ្លាំងបារាំងដែលធ្លាប់វាយកីឡាករពេជ្រ អាទិទេពឱ្យចូលដេកពេទ្យម្ដងរួចមកហើយនោះ លើកនេះគេក៏មានបំណងយកឈ្នះឈុត សេរីវ៉ាន់ថង ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ម្ដងទៀត។ ថ្វីត្បិតឈុត សេរីវ៉ាន់ថង ចាញ់ប្រៀបខាងកម្ពស់បន្តិចមែន តែគេមិនញញើតកីឡាករបារាំងរូបនេះបន្តិចណាឡើយ គេបានព្យាយាមចូលកៀកម៉ាត់និងបុកស្នៀតកែងសំដៅមុខអឹម បាយសាំចូលពេញៗវិញដែរធ្វើឱ្យសង្វៀនទាំងមូលកាន់តែឡើងកម្ដៅពីមួយទឹកទៅមួយទឹក។ ទោះបីយ៉ាងណាការប្រកួតពេញទាំង៥ទឹកឈុត សេរីវ៉ាន់ថង បានត្រឹមយកឈ្នះដោយពិន្ទុទាំងត្រដាបត្រដួសប៉ុណ្ណោះ។តាមការឱ្យដឹង នេះជាខ្សែក្រវាត់ទី១០ហើយដែលកីឡាករឈុត សេរីវ៉ាន់ថង ដណ្ដើមបាន។
ចំណែកកីឡាករឃីម បូរ៉ា មានឱកាសការពារតំណែងជាម្ចាស់ខ្សែក្រវាត់ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមបានសម្រេចបន្ទាប់ពីបានប្រើស្នៀតកណ្ដាប់ដៃវាយផ្ដួលកីឡាករអុីរ៉ង់ដានីញ៉ែលមហាម៉ាឌី ឱ្យសន្លប់នៅត្រឹមទឹកទី១។ តាមពិត កីឡាករអុីរ៉ង់ម្នាក់នេះក៏មានប្រវត្តិប្រកួតមិនធម្មតានោះដែរ ប៉ុន្តែពេលមកប៉ះអ្នកប្រដាល់ជើងខ្លាំងមកពីខេត្តបន្ទាយមានជ័យឃីម បូរ៉ា បានត្រឹមទឹកទី១ប៉ុណ្ណោះក៏ត្រូវលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតតែម្ដងបន្ទាប់ពីគ្មានលទ្ធភាពតដៃកីឡាករកម្ពុជា។
នៅលើសង្វៀនដដែលកីឡាករធន់ ម៉េងហុងដែលឡើងការពារខ្សែក្រវាត់ទម្ងន់៦០គីឡូក្រាមជាមួយកីឡាករលាវ ស៊ូស៊ូ មកពីប្រទេសចិនបានត្រឹមតែ៤ទឹកប៉ុណ្ណោះត្រូវកីឡាកររចិនវាយឱ្យបោះបង់ការប្រកួតតែម្ដង ។ កីឡាករធន់ ម៉េងហុង ជាជើងខ្លាំងស្រករក្រោយម្នាក់ដែលធ្លាប់បំបាក់គូប្រកួតអស់ជាច្រើននាក់រួចមកហើយ។ ប៉ុន្តែការមកប៉ះកីឡាករជើងខ្លាំងមកពីប្រទេសចិនលើកនេះធ្វើមិនបានល្អទាល់តែសោះបណ្ដាលឱ្យរបូតខ្សែក្រវាត់ទាល់តែបាន ។
ទោះបីជាយ៉ាងណា កីឡាករធន់ ម៉េងហុង បានប្រឹងអស់ពីសមត្ថភាពទៅហើយ សូម្បីអ្នកតាមដានការប្រកួតភាគច្រើនក៏គេគិតថា កីឡាករចិនម្នាក់នេះល្អពេកហើយ ។ តាមរយៈលទ្ធផលប្រកួតលើកនេះកីឡាករធន់ ម៉េងហុង ដែលត្រូវណាត់ជួបប្រកួតជាមួយកីឡាករពេជ្រ សម្បត្តិ នៅថ្ងៃទី១០ខែឧសភាខាងមុខនេះនៅមិនទាន់ដឹងថា យ៉ាងណានោះទេ ព្រោះគេមានរបួសនៅលើផ្ទៃមុខជាទម្ងន់ដោយសារស្នៀតកណ្ដាប់ដៃរបស់កីឡាករចិន ៕
ចែករំលែកព័តមាននេះ