សហរដ្ឋអាមេរិក ៖ អ្នកប្រដាល់សកលឆ្នើមអាមេរិក Floyd Mayweather កំពុងប្រឈមនឹងការដកហូតលិខិតឆ្លងដែនពីសំណាក់អាជ្ញាធរសហរដ្ឋអាមេរិក ដោយសារតែបំណុលពន្ធដែលមិនទាន់បានបង់ចំនួនជាង ៧ លានដុល្លារអាមេរិក។
យោងតាមរបាយការណ៍ថ្មីៗពីកាសែត Marca កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ និងប្រភពផ្សេងទៀតបានបង្ហាញថា អាជ្ញាធរចំណូលផ្ទៃក្នុងសហរដ្ឋអាមរិក (IRS) បានជូនដំណឹងទៅ Mayweather អំពីការស្នើឱ្យក្រសួងការបរទេសដកហូតលិខិតឆ្លងដែនរបស់អ្នកប្រដាល់វ័យ៤៩ឆ្នាំរូបនេះ ដោយសារបំណុលពន្ធដែលត្រូវបានចាត់ទុកថា ការជំពាក់ពន្ធដ៏ធ្ងន់ធ្ងរលើទឹកប្រាក់ប្រហែល ៧,២៥ លានដុល្លារ។
បំណុលពន្ធនេះ ត្រូវបានរាយការណ៍ថា ជាប់ទាក់ទងនឹងការមិនទាន់បង់សម្រាប់ឆ្នាំ ២០១៨ និង ២០២៣។ ដើម្បីអាចរក្សាលិខិតឆ្លងដែនរបស់ខ្លួន Mayweather ត្រូវតែបង់បំណុលពន្ធទាំងអសើ ក៏ដូចជាជម្រើសរៀបចំគម្រោងបង់រំលស់ជាមួយ IRS ឬក៏ប្តឹងតវ៉ាផ្នែកច្បាប់ផ្សេងៗ។
ការវិវឌ្ឍថ្មីៗនេះ មិនមែនគ្រាន់តែជាបញ្ហារដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែអាចមានផលប៉ះពាល់ភ្លាមៗចំពោះសកម្មភាពប្រកួតប្រជែងរបស់ Mayweather ពិសេសការពឹងផ្អែករបស់គេលើការប្រកួតក្រៅប្រទេសដែលរកប្រាក់ចំណេញបានយ៉ាងច្រើន។ ប្រសិនបើលិខិតឆ្លងដែនត្រូវបានដកហូត Mayweather នឹងមិនអាចចេញទៅក្រៅប្រទេសសម្រាប់ការប្រកួត តាំងពិព័រណ៍ ឬការប្រកួតមិត្តភាពដែលបានគ្រោងទុក រួមមាន៖ ការប្រកួតជាមួយនឹងអ្នកលេងគុនចម្រុះឆ្នើមក្រិក Mike Zambidis នៅទីក្រុងអាតែន ប្រទេសក្រិក ដែលគ្រោងធ្វើឡើងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។ ការប្រកួតជាមួយអតីតកំពូលអ្នកប្រដាល់អាមេរិក Mike Tyson ដែលគ្រោងធ្វើឡើងនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (មិនទាន់កំណត់កាលបរិច្ឆេទ) ជាដើម។
ទោះមានបញ្ហាទាំងនេះក៏ដោយ ប៉ុន្តែការប្រកួតសងសឹកជាមួយស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao ដែលគ្រោងធ្វើឡើងនៅសហរដ្ឋអាមេរិកក្នុងខែកញ្ញាខាងមុខ អាចនឹងមិនរងផលប៉ះពាល់ដោយផ្ទាល់ពីការដកហូតលិខិតឆ្លងដែននោះទេ៕



ចែករំលែកព័តមាននេះ