ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Arsenal ផ្តួល AT Madrid ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ជា​លើក​ដំបូង​ក្នុង​ពេល​២០​ឆ្នាំ

2 ម៉ោង មុន

ចក្រភព​អង់គ្លេស ៖ ក្រុមបាល់ទាត់​កាំភ្លើង​ធំ Arsenal បាន​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ UEFA Champions League រដូវ​កាល ២០២៥-២០២៦…

ចក្រភព​អង់គ្លេស ៖ ក្រុមបាល់ទាត់​កាំភ្លើង​ធំ Arsenal បាន​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ UEFA Champions League រដូវ​កាល ២០២៥-២០២៦ និង​ជា​លើក​ដំបូង​នៅ​ក្នុង​រយៈពេល ២០ ឆ្នាំ បន្ទាប់​ពី​បាន​យកឈ្នះ​លើ​ក្រុម​ខ្លាំង​អេ​ស្ប៉ា​ញ Atletico Madrid សុ​រប​ទាំង​ពីរ​ជើង​ដោយ​លទ្ធផល ២-១​។

បន្ទាប់​ពី​ស្មើ​ជើង​ទី​១​ដោយ​លទ្ធផល ១-១ លើ​ទឹកដី​ក្រុម Atletico Madrid នា​កីឡដ្ឋាន Metropolitano នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ ប្រទេស​អេ​ស្ប៉ា​ញ កាលពី​វេលា​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​កម្ពុជា​) Arsenal ក្រោម​ការ​ដឹកនាំ​របស់​លោក Mikel Arteta មិន​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខកចិត្ត​ឡើយ ដោយ​បាន​យកឈ្នះ​លើ​ក្រុម​របស់​លោក Diego Simeone ដោយ​លទ្ធផល ១-០ នៅ​ឯ​កីឡដ្ឋាន Emirates ចក្រភព​អង់គ្លេស កាលពី​វេលា​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២៦​។

១​គ្រាប់​សម្រេច​បាន​ដោយ​កីឡាករ Bukayo Saka សម​ល្មម​ជួយ​ក្រុម​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុ​ង​ដ៍​មួយ​នេះ ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើក​ដំបូង បន្ទាប់​ពី​ខកខាន​អស់​រយៈពេល ២០​ឆ្នាំ និង​ជា​លើក​ទី​២​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​។ ដ្បិត​ក្រុម​ដែល​មិន​ទាន់​ស្គាល់​ជាតិ​ឈ្នះ​ជើងឯក Champions League មួយ​នេះ បាន​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​តែ​១​លើក​គត់ កាលពី​រដូវ​កាល ២០០៥-០៦ ដោយពេល​នោះ​ចាញ់​ក្រុម​អ្នកមាន​បុណ្យ Barcelona ដោយ​លទ្ធផល ២-១ នៅ​កីឡដ្ឋាន​ជាតិ​បារាំង Stade de France នាទី​ក្រុងប៉ារីស​។

ក្រោយ​ចប់​ការ​ប្រកួត លោក Mikel Arteta បាន​អបអរសាទរ​ចំពោះ​អ្វី​ដែល​លោក​ហៅ​ថា យប់​ដ៏​អស្ចារ្យ​នៅ​ភាគ​ខាងជើង​ទីក្រុង​ឡុ​ង​ដ៍ ហើយ​បាន​សរសើរ​អ្នកគាំទ្រ​ដែល​បាន​ធ្វើ​ឱ្យ​ឱកាស​នេះ​កាន់តែ​ពិសេស​។ អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ​៤៤​ឆ្នាំ​រូប​នេះ​ក៏​បាន​ថ្លែង​ដូច្នេះ​ថា «​ខ្ញុំ​មិន​អាច​មិន​ក្លាយជា​អ្នក​សប្បាយចិត្ត ឬ​មាន​មោទនភាព​ចំពោះ​អ្នក​រាល់គ្នា​ដែល​ពាក់ព័ន្ធ​នឹង​ក្លឹ​ប​នេះ​បាន​ទេ​។ បរិយាកាស​ដែល​បណ្តា​អ្នកគាំទ្រ​បាន​បង្កើត​ឡើង ថាមពល​ទាំងនោះ ធ្វើ​ឱ្យ​យប់​នេះ​ក្លាយជា​យប់​ដ៏​ពិសេស​។ ខ្ញុំ​មិន​ដែល​ធ្លាប់​មាន​អារម្មណ៍​បែប​នេះ​នៅ​ក្នុង​កីឡដ្ឋាន​ពី​មុន​មក​ទេ វា​ពិសេស​ណាស់​។ យើង​បាន​ដាក់​អ្វី​ៗ​គ្រប់យ៉ាង​នៅ​ក្នុង​ការ​ប្រកួត​នេះ កីឡាករ​ទាំងអស់​បាន​ធ្វើ​ការងារ​ដ៏​អស្ចារ្យ​»​។

គួរ​បញ្ជាក់​ជូន​ដែរ​ថា ក្រុម​យក្ស​អា​ល្លឺ​ម៉​ង់ Bayern Munich នឹង​បើកទ្វារ​កីឡដ្ឋាន Allianz Arena នាទី​ក្រុង​មុ​យ​និ​ច ស្វាគមន៍​ក្រុម​សេដ្ឋី​បារាំង PSG វេលា​ម៉ោង​២​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៦ បន្ទាប់​ពី​ខកចិត្ត​កាលពី​ជើង​ទី​១ នៅ​កីឡដ្ឋាន Parc des Princes នាទី​ក្រុងប៉ារីស ដោយ​លទ្ធផល ៥-៤​។ ក្រុម​ដែល​ឈ្នះ​នឹង​ត្រូវ​ទៅ​តទល់​ជាមួយ Arsenal វគ្គ​ផ្តាច់ព្រ័ត្រ នៅ​កីឡដ្ឋាន Puskas Arena នាទី​ក្រុង​ប៊ុ​យ​ដា​ប៉ែស ប្រទេស​ហុង​គ្រី នៅ​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៦៕ ប្រភព ៖ Sky News

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ