ថ្នាក់ដឹកនាំក្រសួងអប់រំណែនាំដល់គ្រូជម្រើសជាតិត្រូវចេះអភិវឌ្ឍខ្លួន ដើម្បីដើរឱ្យទាន់ការវិវត្តរបស់ពិភពលោក
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ឯកឧត្តមវ៉ាត់ ចំរើនរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់សិក្ខាកាមដែលជាថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិ ក៏ដូចជាគ្រូបង្វឹកត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួន ដើរឱ្យទាន់នូវគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ក៏ដូចជាគោលនយោបាយរបស់ក្រសួងអប់រំ យុវជននិងកីឡា ក្នុងការធ្វើកំណែទម្រង់ និងទំនើបកម្មវិស័យកីឡាកម្រិតខ្ពស់ ជាពិសេសការវិវត្តរបស់ពិភពលោកដែលចេះធ្វើដំណើរទៅមុខជារៀងរាល់ឆ្នាំ។
ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាស្ដីពីការរៀបចំទ្រឹស្ដី ផែនការហាត់ហ្វឹកហ្វឺននៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា កាលពីថ្ងៃទី១ ខែមិថុនាឆ្នាំ២០២៦ ឯកឧត្តមវ៉ាត់ ចំរើន បានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្ននៅលើពិភពលោកចេះតែមានការវិវត្តទៅមុខឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ។ ដូច្នេះយើងទាំងអស់គ្នាមិនអាចនៅស្ងៀមបានទេ ព្រោះថា ការរៀនសូត្រជំនាញនីមួយៗមិនចេះចប់នោះទេ គឺរៀនពេញមួយជីវិតជាពិសេសកីឡាកម្រិតខ្ពស់។
ឯកឧត្តមបានសង្កត់ធ្ងន់ថា សភាពការណ៍នៅលើពិភពលោកមិនថាតែកីឡា និងអ្វីៗនោះទេ បានវិវត្តទៅមុខជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំពោលគឺមានការប្រែប្រួលធ្វើឱ្យយើងរត់តាមរហូត ។ ដូច្នេះកើតមកជាមនុស្សត្រូវតែចេះអភិវឌ្ឍខ្លួន ដុសខាត់ឱ្យបានល្អ។ ថ្វីដ្បិតវគ្គសិក្សានេះមានរយៈពេលខ្លី(៦ថ្ងៃ)ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៦ ខែមិថុនា តែយើងត្រូវសិក្សាពីគ្នាទៅវិញទៅមកឱ្យបានល្អ និងមិនត្រូវធ្វើអ្វីជារឿងដដែលៗទៀតនោះទេ។
លោក យាន គីស៊ីវុត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានឱ្យដឹងថា វគ្គនេះគឺជាវគ្គហ្វឹកហ្វឺនដើម្បីពង្រឹងសមត្ថភាពគ្រូបង្វឹក គ្រូជំនួយ ក្រុមកីឡាករថ្នាល និងក្រុមកីឡាជម្រើសជាតិឆ្នាំ២០២៦ ដែលបានអនុវត្តតាមគោល
ការណ៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ឱ្យធ្វើការប្រមូលផ្ដុំហ្វឹកហាត់ក្រុមកីឡាជម្រើសជាតិជា៣ដំណាក់កាល។
ដំណាក់កាលទី១ មានរយៈពេល២ខែចាប់ពីថ្ងៃទី១ ខែកុម្ភះ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ត្រៀមចូលរួមប្រកួតកីឡាអាស៊ីឆ្នេរខ្សាច់នៅសាធារណៈរដ្ឋប្រជាមានិតចិនកន្លងមកនេះ ។ដំណាក់កាលទី២រយៈពេល៧ខែ ចាប់ពីថ្ងៃទី១ខែមេសា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ត្រៀមចូលរួមប្រកួតកីឡាអាស៊ីលើកទី២០នៅប្រទេសជប៉ុន និងកីឡាករថ្នាលរយៈពេល៩ខែចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២៦ និងដំណាក់កាលទី៣ចាប់ពីថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រៀមចូលរួមកីឡាអូឡាំពិកយុវជនរដូវក្ដៅ និងការប្រកួតកីឡាអាស៊ីក្នុងសាលនិងយុទ្ធគុនចម្រុះលើកទី៧ នៅអារ៉ាប៊ីសាអូឌីត ៕


ចែករំលែកព័តមាននេះ