ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជាង​៤០០​នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​បារាំង ក្រោយ​ក្រុម PSG ឈ្នះ​ជើងឯក UCL

8 ម៉ោង មុន

ទី​ក្រុងប៉ារីស ៖ មនុស្ស​ជាង ៤០០ នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន នៅ​ទូ​ទាំង​ប្រទេស​បារាំង បន្ទាប់​ពី​ការ​អបអរសាទរ​ប្រែ​ក្លាយជា​ភាព​ចលាចល ក្រោយ​ជ័យជម្នះ​ក្រុម PSG លើ​ក្រុម Arsenal វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ UEFA Champions League កាល​យប់​ពី​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៦ កន្លង​ទៅ​។ បើ​តាម​របាយការណ៍​ចុង​ក្រោយ​ពី​ក្រសួងមហាផ្ទៃ​បារាំង មនុស្ស​ចំនួន ៤១៦ នាក់​ត្រូវ​បាន​ចាប់ខ្លួន ដោយ​ក្នុង​នោះ​មាន ២៨០ នាក់ ស្ថិត​នៅ​ក្នុង​ទី​ក្រុងប៉ារីស​។ នេះ​បើ​តាម​ប្រភព​ពី BBC និង The Sun បាន​ចេញផ្សាយ​។

PSG ការពារ​តំណែង​ជើងឯក​ដោយ​ជោគជ័យ និង​ជា​ការ​ឈ្នះ​ជើងឯក​ទ្វីបអឺរ៉ុប​ជា​លើក​ទី​២ និង​ជាប់​គ្នា​របស់​ខ្លួន បន្ទាប់​ពី​យកឈ្នះ Arsenal តាម​រយៈ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​កាត់សេចក្តី​លទ្ធផល ៤-៣ បន្ទាប់​ពី​បញ្ចប់ ១២០ នាទី​ស្មើគ្នា ១-១ នៅ​ឯ​កីឡដ្ឋាន Puskás Aréna ទីក្រុង​ប៊ុ​យ​ដា​ប៉ែស (Budapest) ប្រទេស​ហុង​គ្រី​។

ហ្វូង​មនុស្ស​យ៉ាងច្រើន​កុះករ​បាន​សម្រុក​ចេញ​ទៅ​កាន់​ដងផ្លូវ​ជា​ច្រើន ជា​ពិសេស​មហាវិថី Champs-Élysées​។ ក្រុម​អ្នកគាំទ្រ​ខ្លះ​បាន​ដុត​កាំជ្រួច និង​ដុត​កង់​អគ្គិសនី​ចត​ជា​ជួរ​សម្រាប់​ទុក​ជួល ក៏​ដូច​ជា​បាន​វាយ​កម្ទេច​កញ្ចក់​ហាង​ទំនិញ​មួយ​ចំនួន​ផង​ដែរ​។ កងកម្លាំង​ប៉ូលិស​ប្រឆាំង​កុបកម្ម​បាន​ប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែកហ្វូង​មនុស្ស​ដែល​បង្ក​ភាព​វឹកវរ ដោយ​ក្នុង​នោះ​មន្ត្រី​៧​នាក់​បាន​រង​របួស​។ បើ​តាម​របាយការណ៍​បឋម​អំពី​ការ​ខូ​ខាត​រួម​មាន រថយន្ត ៦ គ្រឿង ទីតាំង​អាជីវកម្ម ២ កន្លែង និង​ទីតាំង​ចំណត​រង់ចាំ​ឡានក្រុង​១​កន្លែង​ត្រូវ​បាន​បំផ្លិចបំផ្លាញ​។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បារាំង លោក Laurent Nuñez បាន​ថ្កោលទោស​ចំពោះ​ទ​ង្វើ​នេះ​ថា​ជា​ទ​ង្វើ​មិន​អាច​ទទួលយក​បាន​ទាល់តែ​សោះ​។ ចំណែក​មេដឹកនាំ​ស្តាំ​និយម លោកស្រី Marine Le Pen បាន​សរសេរ​លើ​បណ្តាញ​សង្គម X ដូច្នេះ​ថា «​មើល​ទ​ភ​មាន​តែ​នៅ​ក្នុង​ប្រទេស​បារាំង​ទេ ដែល​ជ័យជម្នះ​របស់​ក្លិប​បាល់ទាត់​មួយ បង្ក​ឱ្យ​មាន​កុបកម្ម​»៕