អន្តរជាតិ ៖ គូរ៉ាសៅ (Curaçao) បានបង្កើតប្រវត្តិសាស្ត្រដ៏ភ្ញាក់ផ្អើល និងនឹកស្មានមិនដល់មួយរួចទៅហើយ តាមរយៈការក្លាយជាប្រទេសតូចជាងគេបំផុតនៅលើពិភពលោក បានទៅលេងជុំចុងក្រោយពានរង្វាន់ FIFA World Cup ។ ប៉ុន្តែអ្វីដែលគ្រប់គ្នាកាន់តែភ្ញាក់ផ្អើលទៀតនោះ គឺក្រុមជម្រើសជាតិពួកគេ មានកីឡាករតែម្នាក់គត់ដែលបានកើតលើទឹកដីប្រទេសកោះមួយនេះផ្ទាល់ នៅក្នុងចំណោមកីឡាករសរុប ២៦នាក់។
ចាប់តាំងពីក្រុមបាល់ទាត់ជម្រើសជាតិគូរ៉ាសៅ ចាប់កំណើតលើកដំបូងនៅឆ្នាំ ១៩២៤ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលពួកគេបានកៅអីការប្រកួតព្រឹត្តិការណ៍ World Cup។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសដីកោះនៃប្រជុំកោះការ៉ាអ៊ីបហូឡង់ (Caribbean Netherlands) ដែលមានផ្ទៃដីសរុបត្រឹម ៤៤៤ គីឡូម៉ែត្រការ៉េ និងមានប្រជាជនសរុបជាង ១៥៥ ០០០ នាក់មួយនេះ បានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រជាប្រទេសតូចបំផុតបានទៅលេងជុំចុងក្រោយព្រឹត្តិការណ៍ World Cup ដោយបានបំបែកកំណត់ត្រាចាស់ប្រទេសអ៊ីស្លង់។ ដ្បិតអ៊ីស្លង់បានក្លាយជាប្រទេសតូចជាងគេបំផុតក្នុងប្រវត្តិសាស្ត្របានទៅលេង World Cup ឆ្នាំ ២០១៨ ដោយប្រទេសនៅអឺរ៉ុបមួយនេះ មានផ្ទៃដីសរុបត្រឹម ១០៣ ១២៥ គីឡូម៉ែត្រការ៉េ និងប្រជាជនប្រមាណ ៣៥០,០០០ នាក់ នៅពេលនោះ។
យ៉ាងណាមិញ នៅក្នុងចំណោមកីឡាករទាំង ២៦រូបរបស់គូរ៉ាសៅ ដែលកំពុងត្រៀមខ្លួនសម្រាប់ World Cup ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ខាងមុខនោះ មានកីឡាករតែម្នាក់គត់ដែលបានកើតនៅប្រទេសដីកោះនេះផ្ទាល់ ខណៈដែលកីឡាករ ២៥រូបផ្សេងទៀត សុទ្ធតែបានកើតនៅប្រទេសហូឡង់។ ស្តាប់ទៅហាក់ដូចជារឿងមិនគួរឱ្យជឿ ប៉ុន្តែកត្តានេះ គឺជាលទ្ធផលនៃយុទ្ធសាស្ត្រដែលបានរៀបចំឡើងយ៉ាងល្អ និងអភិវឌ្ឍអស់រយៈជាច្រើនឆ្នាំមកហើយ។
គូរ៉ាសៅ ជាផ្នែកមួយនៃប្រជុំកោះការ៉ាអ៊ីបហូឡង់ ហើយបច្ចុប្បន្ននៅតែជាប្រទេសស្វយ័តមួយស្ថិតក្នុងព្រះរាជាណាចក្រហូឡង់ផងដែរ។ តាមរយៈទំនាក់ទំនងជាប្រវត្តិសាស្ត្រនេះ បានអនុញ្ញាតឱ្យកីឡាករជាច្រើនមានដើមកំណើតគូរ៉ាសៅអាចកើត ឬលូតលាស់ធំធាត់ និងអភិវឌ្ឍអាជីពបាល់ទាត់របស់ពួកគេនៅអឺរ៉ុប មុនពេលដែលពួកគេសម្រេចចិត្តជ្រើសរើសលេងតំណាងឱ្យប្រទេសកំណើតរបស់គ្រួសារពួកគេ។
ជាក់ស្តែង ខ្សែបម្រើប្រយុទ្ធ Tahith Chong គឺជាឧទាហរណ៍ដ៏លេចធ្លោមួយ ដោយធ្លាប់លេងឱ្យក្រុមជម្រើសជាតិយុវជនហូឡង់រហូតដល់កម្រិតយុវជន U 21 ប៉ុន្តែក្រោយមកបានសម្រេចចិត្តលេងឱ្យក្រុមជម្រើសជាតិគូរ៉ាសៅឈុតធំ។ Tahith Chong នេះហើយ គឺជាកីឡាករតែម្នាក់គត់ក្នុងក្រុមជម្រើសជាតិបច្ចុប្បន្ន ដែលកើតនៅប្រទេសដីកោះនេះផ្ទាល់តែម្តង ពោលនៅទីក្រុង វីលមស្តាដ (Willemstad)។
នៅពីក្រោយភាពជោគជ័យរបស់ក្រុមជម្រើសជាតិគូរ៉ាសាវ ជាចំណែកស្នាដៃរបស់លោក Dick Advocaat ។ យុទ្ធសាស្ត្រដ៏មានបទពិសោធន៍គ្របង្វឹកជនជាតិហូឡង់រូបនេះ ដែលបានចូលកាន់តំណែងនៅក្នុងឆ្នាំ ២០២៤ ជាមួយបេសកកម្មដ៏ច្បាស់លាស់មួយ ដោយប្រមូលផ្តុំកីឡាករមានដើមកំណើតគូរ៉ាសាវ ធ្លាប់លេងឱ្យក្រុមយុវជនហូឡង់ ប៉ុន្តែពិបាករកកៅអីនៅក្នុងក្រុមជម្រើសជាតិធំហូឡង់ ហើយតាមរយៈផែនការនេះ ពិតជាបានហុចផលយ៉ាងរហ័សប្រាកដមែន៕ ប្រភព ៖ Znews



ចែករំលែកព័តមាននេះ