អន្តរជាតិ ៖ ខណៈពេលដែលពិភពលោកកំពុងតែទន្ទឹងរង់ចាំព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦នោះ ក្រឡេកទៅកាន់សណ្ឋាគារនានានៅតំបន់អាមេរិកខាងជើង កំពុងជួបប្រទះអត្រាការកក់បន្ទប់ស្នាក់នៅទាបជាងការរំពឹងទុកឆ្ងាយ ដោយតំបន់ខ្លះមានត្រឹម ៣០% ប៉ុណ្ណោះ។
ទិន្នន័យពីគេហទំព័រវិភាគអចលនទ្រព្យ CoStar បានបង្ហាញថា អត្រាការកក់សណ្ឋាគារនៅក្នុងទីក្រុងមួយចំនួន ដែលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត World Cup ឆ្នាំ ២០២៦នាពេលបច្ចុប្បន្នមានកម្រិតទាបជាងពេលដូចគ្នា កាលពីឆ្នាំមុនទៅទៀត បើទោះបីជាការប្រកួតព្រឹត្តិការណ៍បាល់ទាត់ធំបំផុតនេះ នៅសល់តែប្រមាណ២សប្តាហ៍ទៀតប៉ុណ្ណោះនឹងចាប់ផ្តើម ពោលចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា។ នេះនឹងក្លាយជាព្រឹត្តិការណ៍ World Cup លើកដំបូងបង្អស់ បង្កើនក្រុមចូលរួមរហូតដល់ ៤៨ ដោយនាំមកនូវការប្រកួតចំនួន ១០៤ ប្រកួត នៅក្នុងទីក្រុងចំនួន ១៦ នៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ដែលជាម្ចាស់ផ្ទះរួមគ្នា។
បើតាមកាសែត The Times បានឱ្យដឹងថា ខណៈពេលទីក្រុងម្ចាស់ផ្ទះដូចជា ទីក្រុងម៉ិកស៊ិកស៊ីធី (Mexico City) ម៉ុងតេរៃ (Monterrey) ដាឡាស (Dallas) និងសានហ្វ្រាន់ស៊ីស្កូ (San Francisco) បានរាយការណ៍ពីតួលេខការកក់បន្ទប់ក្នុងកម្រិតវិជ្ជមាន ប៉ុន្តែនៅទីតាំងជាច្រើនផ្សេងទៀត បានធ្លាក់ចុះទាបជាងការរំពឹងទុកយ៉ាងខ្លាំង។
របាយការណ៍ថ្មីៗនេះពីសមាគមសណ្ឋាគារ និងកន្លែងស្នាក់នៅអាមេរិក (American Hotel & Lodging Association) បានបង្ហាញថា ឧស្សាហកម្មបដិសណ្ឋារកិច្ចអាចនឹងវាយតម្លៃខ្ពស់ពេកចំពោះឆន្ទៈអ្នកគាំទ្រក្នុងការចំណាយប្រាក់យ៉ាងច្រើន ដើម្បីធ្វើដំណើរមកកាន់អាមេរិកខាងជើង។ ការភ្ញាក់ផ្អើលនៃព្រឹត្តិការណ៍ World Cup នៅដំណាក់កាលដំបូងនេះ ត្រូវបានព្យាករណ៍ថានឹងមិនអាចបង្កើតប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់ដូចការរំពឹងទុកដំបូងឡើយ។
តួលេខទន់ខ្សោយទាំងនេះ បានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល ដោយសារតែឧស្សាហកម្មសណ្ឋាគារបានចំណាយពេលច្រើនឆ្នាំ ដើម្បីត្រៀមខ្លួនសម្រាប់អ្វីដែលត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថាជា «អណ្តូងរ៉ែមាសទេសចរណ៍» ដែលធានានឹងទទួលបានជោគជ័យពីព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦។
ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ កំពុងតែប្រព្រឹត្តទៅចំពេលស្ថានភាពសេដ្ឋកិច្ចជួបការលំបាក ដោយសារតែតម្លៃសំបុត្រយន្តហោះកើនឡើង អតិផរណា និងការកើនឡើងនៃថ្លៃចំណាយផ្សេងៗ ដែលបញ្ហាទាំងនេះត្រូវបានជំរុញកាន់តែខ្លាំងដោយភាពតានតឹងផ្នែកនយោបាយជាសកល។ លើសពីនេះទៀត ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងនៅក្នុងប្រទេសចំនួន ៣ ដែលធ្វើឱ្យការធ្វើដំណើររបស់សហគមន៍អ្នកគាំទ្រដែលមានបំណងចង់តាមគាំទ្រក្រុមជម្រើសជាតិរបស់ពួកគេកាន់តែមានភាពស្មុគស្មាញ និងការចំណាយកាន់តែច្រើន។ ទម្រង់ការប្រកួតត្រូវបានពង្រីករហូតដល់ ១០៤ ប្រកួត ក៏បានធ្វើឱ្យតម្រូវការទូទៅត្រូវបានបែងចែកនៅតាមកីឡដ្ឋានជាច្រើនផងដែរ។
ជាមួយគ្នានោះ ក្រុមអ្នករិះគន់បានវែកញែកថា ការកើនឡើងយ៉ាងគំហុកនៃតម្លៃសំបុត្រផ្លូវការ រួមផ្សំជាមួយនឹងទីផ្សារលក់សំបុត្របន្តដែលកំពុងរីកដុះដាលដោយគ្មានការគ្រប់គ្រង និងការកំណត់តម្លៃប្រែប្រួលតាមតម្រូវការនោះ អាចប្រឈមនឹងការធ្វើការប្រកួតឃ្លាតឆ្ងាយពីអ្នកគាំទ្របាល់ទាត់ បើទោះបីជា FIFA បានរាយការណ៍ថា World Cup ឆ្នាំ២០២៦ លក់សំបុត្រអស់ជាង ៥ លានសន្លឹកហើយយ៉ាងណាក៏ដោយ៕




ចែករំលែកព័តមាននេះ