ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FIFA នឹង​បង់ប្រាក់​ប្រចាំ​ថ្ងៃ​ដល់​គ្រប់​ក្លិប​មាន​កីឡាករ​ទៅ World Cup ឆ្នាំ​នេះ ជាង​១​ម៉ឺន​ដុល្លារ​ក្នុង​ម្នាក់

4 ម៉ោង មុន

អន្តរជាតិ ៖ សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) នឹង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ជាង ៩​ពាន់​អឺ​រ៉ូ ឬ​ប្រមាណ ១ ១០០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ថ្ងៃ​សម្រាប់​កីឡាករ​ម្នាក់ ដើម្បី​ផ្តល់​ជូន​ក្លិប​ដែល​កីឡាករ​ពួក​គេ​ទៅ​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦​។ នេះ​បើ តាម​ការ​ចេញផ្សាយ​ពី​លោក Fabrizio Romano អ្នកកាសែត​បាល់ទាត់​ជនជាតិ​អ៊ី​តា​លី​ដ៏​ល្បីល្បាញ និង​ប្រភព​ពី​កាសែត​អេ​ស្ប៉ា​ញ AS ក៏​ដូច​ជា​ប្រភព​ផ្សេង​ទៀត​។

FIFA World Cup 2026 ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ដល់​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៦ ដែល​សហរដ្ឋ​អាមេ​រិក កា​ណា​ដា ម៉ិ​ក​ស៊ិ​ក​ធ្វើ​ជា​ម្ចាស់ផ្ទះ​រួម​គ្នា​នោះ នឹង​ក្លាយជា​ការ​ប្រកួត​លើក​ដំបូង​បំផុត​ដែល​មាន ៤៨ ប្រទេស​ចូលរួម ដូច្នេះ​កីឡាករ​ដែល​ចូលរួម​ក៏​កាន់តែ​ច្រើន​ជាង​ពេល​ណា​ៗ​ទាំងអស់​ផង​ដែរ​។

ទន្ទឹម​នឹង​នោះ FIFA នឹង​បំបែក​កំណត់​ត្រា​ចាស់​របស់​ខ្លួន តាម​រយៈ​ការ​រក​ប្រាក់​ចំណូល​បាន​ច្រើន​បំផុត​ពី​ព្រឹត្តិ​ការណ៍​មួយ​នេះ បើ​ទោះបីជា​ស្ថាប័ន​ក្បាលម៉ាស៊ីន​បាល់ទាត់​ពិភពលោក​នឹង​ត្រូវ​ចំណាយ​ប្រាក់​បង់​ជូន​បណ្តា​ក្លិប​មាន​កីឡាករ​ចូលរួម​ប្រកួត​ច្រើន​ជាង​មុន​យ៉ាងណា​ក៏​ដោយ​។

ក្លិប​ដែល​មាន​កីឡាករ​ប្រកួត World Cup ឆ្នាំ​នេះ នឹង​បាន​សំណង​ហិរញ្ញវត្ថុ​តាម​រយៈ​កម្មវិធី​មូលនិធិ​អត្ថប្រយោជន៍​ក្លិប​របស់ FIFA ចំនួន​សរុប ៣៥៥​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​ចំនួន​ច្រើន​បំផុត​។ មូលនិធិ​នេះ ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ ២០១០ ជា​ចំណែក​ប្រាក់​ចំណេញ​រកបាន​ពី​ការ​ប្រកួត និង​ការ​ឧបត្ថម្ភ​នានា ហើយ​ត្រូវ​បម្រុង​ទុក​ពិសេស សម្រាប់​ចែកចាយ​ដល់​ក្លិប​ទាំងឡាយ​ណា​ដែល​បាន​ចុះ​ឈ្មោះ​ចូលរួម​កម្មវិធី​នេះ​។

ការ​ផ្តល់​ជូន​នេះ ដើម្បី​ជួយ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​លើកទឹកចិត្ត​ដល់​ក្លិប​ដែល​ចាយ​ពេល និង​ធនធាន​ក្នុង​ការ​អភិវឌ្ឍ​កីឡាករ ក៏​ដូច​ជា​ផ្តល់​សំណង​លើ​ហានិភ័យ​ផ្សេង​ៗ ដូច​ជា​ការពារ​នៅ​ពេល​កីឡាករ​រង​របួស​ក្នុង​កាតព្វកិច្ច​ជម្រើសជាតិ​ជាដើម​។

ក្លិប​នីមួយ​ៗ​នឹង​ទទួល​បានការ​ផ្តល់​ជូន​ជា​ប្រចាំ​ថ្ងៃនេះ គិត​ចាប់តាំងពី​ថ្ងៃ​កីឡាករ​ពួក​គេ​ចាកចេញ​ទៅ​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​ផ្លូវការ រហូត​ដល់​១​ថ្ងៃ​បន្ទាប់​ពី​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​របស់​ក្រុម​ជម្រើសជាតិ​នោះ​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦​។ ជាមួយ​គ្នា​នោះ គ្រប់​ក្លិប​មាន​កីឡាករ​ប្រកួត World Cup នៅ​ឆ្នាំ​នេះ ត្រូវ​បាន​ធានា​ថា​នឹង​ទទួល​បាន​ប្រាក់​ប្រហែល ២៥​ម៉ឺន​ដុល្លារ​ក្នុង​កីឡាករ​ម្នាក់ បើ​ទោះបីជា​ប្រទេស​របស់​ពួក​គេ​ធ្លាក់​ចេញ​តាំងពី​វគ្គ​ចែក​ពូ​ល​យ៉ាងណា​ក៏​ដោយ​៕