ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​កីឡាករ​វ័យក្មេង​លេចធ្លោ​បំផុត​បង្ហាញ​វត្តមាន​ជា​លើក​ដំបូង​នៅ World Cup 2026

3 ម៉ោង មុន

World Cup ៖ ព្រឹត្តិការណ៍​បាល់ទាត់ពិភពលោក​២០២៦(FIFA World Cup 2026) កាន់តែ​ខិត​ជិត​ចូល​មក​ដល់​ហើយ​ពោល​គឺ​នៅ​សល់​ត្រឹមតែ​១​ស​ប្តា​ហ៍​ទៀត​ប៉ុណ្ណោះ ។ ជាមួយ​គ្នា​នេះ ក្រុម​ជម្រើសជាតិ​នីមួយ​ៗ​ដែល​ទទួល
បាន​កៅអី​ចូល​ប្រកួតប្រជែង ក៏​បាន​ប្រកាស​បញ្ជីឈ្មោះ​តាម​ក្រុម​នីមួយ​ៗ​រួចរាល់​ហើយ​ដែរ​។

ព្រឹត្តិការណ៍​បាល់ទាត់​លំដាប់​យក្ស​មួយ​នេះ តែងតែ​ជាទី​ន្លែ​ង​ធ្វើ​ឱ្យ​រះ​ឡើង​នៃ​អាជីព​កីឡាករ​បាល់ទាត់​ជា​ច្រើន ជា​ពិសេស​កីឡាករ ក្មេង​ៗដែល​មាន​សមត្ថភាព​លេចធ្លោ និង​ទើប​បង្ហាញខ្លួន​លើក​ដំបូង​នៅ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​មួយ​នេះ​។

១.​កីឡាករ Lamine Yamal ៖ ខ្សែប្រយុទ្ធ​វ័យក្មេង​រូប​នេះ​នឹង​ក្លាយជា​សរសរ​ទ្រូង​ដ៏​សំខាន់​របស់​ក្រុម​គោ​ជល់ អេ​ស្ប៉ា​ញ នៅ World Cup 2026 ។ បច្ចុប្បន Lamine Yamal ទើប​មាន​១៨​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​មាន​សមត្ថ​ភាពល្អ​ហួស​ពី​ការ​ស្មាន ទាំង​ការ​លេង​នៅ​ក្លិប Barcelona និង​ជម្រើសជាតិ អេ​ស្ប៉ា​ញ​។

នៅ Barcelona គឺ Yamal បាន​បង្ហាញឱ្យ​អ្នកគាំទ្រ​បានឃើញ​រួច​ហើយ​អំពី​សមត្ថភាពដ៏​អស្ចារ្យ​របស់​គេ ។ រូបគេ​ត្រូវ​បាន Barcelona ដំឡើង​មក​កាន់​ក្រុម​ឈុត​ធំ​៣​រដូវ​កាល​ហើយ ក្នុង​នោះ​បង្ហាញខ្លួន​បាន​ចំនួន​១៥១​ប្រកួត រក
បាន​៤៩​គ្រាប់ និង​៥២​បញ្ជូន ។ ចំណែក​នៅ​ជម្រើសជាតិ​វិញ Yamal​ក៏​បាន​បង្ហាញ​រួច​ហើយ​ដែរ​តាម​រយៈ​ជួយ​ឱ្យ​ក្រុម​គោ​ជល់​ឈ្នះ​ពាន Euro 2024 និង​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន UEFA Nations League 2025 ។ ភស្តុ​តាង​ទាំងនេះ បាន​បង្ហាញ​ថា Yamal នឹង​ក្លាយជា​កីឡាករ ដែល​អ្នកគាំទ្រ​តាមដាន និង​លេចធ្លោ​បំផុត​នៅ World Cup 2026​។

២.​កីឡាករ Joao Neves ៖ ខ្សែបម្រើ​វ័យ​ក​ក្មេង​របស់​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូបនេះ កំពុង​ធ្វើ​ឱ្យ​អ្នកគាំទ្រ​បាល់ទាត់​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង អំពី​សមត្ថភាព​នាំ​លេង និង​ការ​ចែក​បាល់​របស់​គេ ។ រូបគេ​ក៏​ជា​កីឡាករ​ដ៏​សំខាន់​ម្នាក់​ផង​ដែរ​ដែល​បាន​រួមចំណែក​ជួយ​ឱ្យ​ក្រុម Paris SG ឈ្នះ​ពាន​យូ​ហ្វា​ឆេ​ម​ពាន​លី​គ ២ រដូវ​កាល​ជាប់​គ្នា​។

ភាព​ឆ្លាត​វៃ និង​ជំនាញ​ចែក​បាល់​ដ៏​ល្អ​របស់​កីឡាករ​វ័យ​២១​ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ក្លាយជា​កីឡាករ​ដែល​មិន​អាច​រំលង​បាន​ម្នាក់នៅ World Cup 2026 ។ ជាមួយ​គ្នា​នេះ Joao Neves​ក៏​ត្រូវ​បាន​គេ​ចាត់ទុកជា​កម្លាំង​ច​លករដ៏​សំខាន់​ដើម្បី​ជួយ​ដល់​ក្រុម​បញ្ច​ខែល​ព័រ​ទុ​យហ្គា​ល់ ឱ្យ​ឈ្នះ​ពាន World Cup ជា​លើក​ដំបូង​នៅ​ឆ្នាំ ២០២៦​ផង​ដែរ​។

៣.​កីឡាករ Desire Doue ៖ កីឡាករ​រូប​នេះ​បាន​បង្ហាញ​សមត្ថភាព​យ៉ាង​អស្ចារ្យ​នៅក្រុម Paris SG នា​២​រដូវ​កាល​ចុង​ក្រោយ រហូត​ត្រូវ​បាន​ក្រុម​ជម្រើសជាតិ បារាំង កោះហៅ​ទៅ​លេង World Cup ជា​លើក​ដំបូង ។ Desire Doue បាន​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​ជួយ​ឱ្យ Paris SG ឈ្នះ​ពាន​យូ​ហ្វា​ឆេ​ម​ពាន​លី​គ ២ រដូវ​កាល​ជាប់​គ្នា ពោល​គឺ​រដូវ​កាល ២០២៤-២៥ និង ២០២៥-២៦​។

Desire Doue បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​បាល់ទាត់​ជា​ច្រើន​ចាប់អារម្មណ៍​តាម​រយៈ​ការ​បញ្ចេញ​ជំនាញ​ញាក់​បាល់​ប្រកបដោយ​ទេព​កោសល្យ​។

សមត្ថភាព​នៃ​ការ​ញាក់ រត់ និង​ស៊ុត​បញ្ចូល​ទី​របស់​ខ្សែប្រយុទ្ធ​ស្លាប​វ័យ​២០​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​គេ​ជឿជាក់​ថា នឹង​លេចធ្លោ​ខ្លាំង​នៅ World Cup 2026 ។

៤.​កីឡាករ Arda Guler ៖ ជា​កីឡាករ​ដែល​មាន​ទេព​កោ​ល​ស្យ​ម្នាក់​របស់​ក្រុម​ជម្រើសជាតិ​តួ​ក​គី​យេ ។ រូបគេ​ក៏​មានគុណ​សម្បត្តិ​ធំធេងក្នុង​ការ​ជួយ​ឱ្យ​ក្រុម​តួ​ក​គី​យេ ឆ្លង​ផុត​វគ្គ​ជម្រុះតាម​ទ្វីប​ឡើង​មក​កាន់​ជុំ​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍ World Cup 2026 ។ ខ្សែបម្រើ​វ័យ​២១​ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ក្លាយជា​កីឡាករ
សំខាន់​​ក្នុង​ការ​ជួយ​ក្រុម​តួ​ក​គី​យេ នៅ World Cup 2026​។

ថ្វី​ដ្បិត Arda Guler មាន​វ័យក្មេង ប៉ុន្តែ​រូបគេមាន​សមត្ថ​ភាពល្អ​គួរ​ឱ្យ​កត់សម្គាល់ ក្នុង​ការ​លេង​នៅ​ក្រុម Real Madrid កាលពី​រដូវ​កាល​មុន​។ ទោះបីជា​ក្រុម​ស្ដេច​ស មិន​បាន​ឈ្នះ​ពាន​អ្វី​សោះ ប៉ុន្តែ​រូបគេ​បាន​បង្ហាញ​ស្ថិតិ​ដ៏​ល្អ ដោយ​លេង​បាន ៥១ ប្រកួត ក្នុង​នោះ​រកបាន ៦ គ្រាប់ និង​បញ្ជូន​បាល់​១៤​លើក​។

៥.​កីឡាករ Nico Paz ៖ ជា​កីឡាករ​របស់ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន ដែល​បាន​កោះហៅ​មក​ពី​ក្រុម Como នៃ​លី​គ​កំពូល​អុ​ី​តា​លី​(​ស៊េរី​A)​។ ខ្សែបម្រើ​ប្រយុទ្ធ​វ័យ​២១​ឆ្នាំ​រូប​នេះត្រូវ​បាន​គេ​រំពឹង​ថា នឹង​ក្លាយជា​កម្លាំង​ដ៏​សំខាន់
ម្នាក់​របស់​ក្រុម​ពពក​ស​នៅ​ព្រឹត្តិការណ៍​World Cup 2026 ។

នៅ​វ័យក្មេង​ក៏​ពិតមែន ប៉ុន្តែ​រូបគេ​បាន​បង្ហាញ​សមត្ថភាព​យ៉ាង​លេចធ្លោ​ជាមួយ​ក្រុម Como កាលពី​រដូវ​កាល​២០២៥-២០២៦​។

Nico Paz បង្ហាញខ្លួន​សរុប​បាន​ចំនួន​៤០​ប្រកួត ក្នុង​នោះ​រកបាន​១៣​គ្រាប់ និង​បញ្ជូន​៨​លើក​។ ហើយ​រឿង​ដ៏​ពិសេស​នោះ គឺ​កីឡាករ​រូប​នេះ​បាន​រួមចំណែក​យ៉ាង​ធំធេង​ជួយ​ឱ្យ Como ឈរ​លេខ​៤​ក្នុង​តារាង​លី​គ​កំពូល ដើម្បី​ទទួល​បាន​កៅអី​លេង​យូ​ហ្វា​ឆេ​ម​ពាន​លី​គ​នៅ​រដូវ​កាល​ក្រោយ​។

មិន​ទាន់​អស់​ទេ នៅ​មាន​កីឡាករ​វ័យក្មេងឆ្នើម​ៗ​ជា​ច្រើន​ទៀត​ដែល​នឹង​បង្ហាញ​វត្ត​មាននៅ​ក្នុង​ព្រឹត្តិការណ៍ World Cup 2026 ប៉ុន្តែការ​លើកយក​កីឡាករ​វ័យក្មេង​ទាំង​៥​ខាងលើ​មកបង្ហាញ ដោយសារ​ពួក​គេ​លេចធ្លោ​ជាងគេ ហើយ
រំពឹង​ថា នឹង​អាច​ជួយ​ក្រុម​ដល់​វគ្គ​សំខាន់​ៗ​ឬ​វគ្គ​ផ្តាច់ព្រ័ត្រ​ឬ​ឈាន​ដល់​ឈ្នះ​ពាន​ជើងឯក​តែ​ម្ដង​៕