«វិន័យ និងការប្ដេជ្ញាចិត្តខ្ពស់» ជាចំណុចសំខាន់ដែលគ្រូកម្ពុជាលើកឡើងមុនប៉ះថៃ វគ្គ១/២ ពានរង្វាន់ ASEAN U19 រសៀលនេះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រុមជម្រើសជាតិកម្ពុជាយុវជនអាយុក្រោម១៩ឆ្នាំ (U19) នឹងត្រូវជួបក្រុម U19 ថៃ នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម ១៩ឆ្នាំ (ASEAN U-19 Boys’ Championship 2026) នាវេលាម៉ោង ៤រសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ដែលធ្វើឡើងនៅកីឡដ្ឋាន Utama Sumatera Utara នៃប្រទេសឥណ្ឌូណេស៊ី។
នេះគឺជាជំនួបដ៏ទាក់ទាញសម្រាប់អ្នកគាំទ្រ ហើយក៏ជាការបន្តបេសកកម្មដ៏សំខាន់របស់ក្រុម U19 កម្ពុជា បន្ទាប់ពីបង្កើតកំណត់ត្រាថ្មី តាមរយៈការឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់នេះ។
លោក Yasuhiro Yoshida គ្រូបង្វឹកក្រុម U19 កម្ពុជា បានថ្លែងនៅក្នុងសន្និសីទមុនការប្រកួតដ៏សំខាន់នេះ ដើម្បីបន្ដលើកទឹកចិត្តដល់កីឡាករទាំងអស់ឱ្យខំប្រឹងប្រែង ហើយកែប្រែកន្លែងខ្វះខាត ក៏ដូចជាបន្ដលើកទឹកចិត្តឱ្យរក្សាចំណុចល្អដែលក្រុមមានកន្លងមក។ សំខាន់លើសពីនេះ លោកបានសង្កត់ធ្ងន់ដូច្នេះថា «អ្វីដែលយើងចង់ឃើញពីកីឡាករនោះ គឺមានវិន័យល្អ មានការប្ដេជ្ញាខ្ពស់ និងខំប្រឹងប្រែងឱ្យខ្លួនអភិវឌ្ឍន៍ទៅមុខទៀត នៅថ្ងៃខាងមុខ»។
គួររំលឹកជូនថា ឆ្លងកាត់ការ ២ ប្រកួតនៅក្នុងពូល C ក្រុម U19 កម្ពុជា ឈ្នះ ១ និងស្មើ ១ ពោលគឺឈ្នះហ្វីលីពីនលទ្ធផល ២-០ និងស្មើអូស្ត្រាលីលទ្ធផល ២-២ ដោយឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅក្នុងនាមក្រុមលេខ២ល្អជាងគេ ពោលល្អជាង U19 វៀតណាមក្នុងពូល A និង U19 ម៉ាឡេស៊ីក្នុងពូល B ដែលមានត្រឹម ៣ពិន្ទុដូចគ្នា។
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ ASEAN U-19 Boys’ Championship 2026 នៅកីឡដ្ឋាន Utama Sumatera Utara ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ៖
-ថៃ ប៉ះ កម្ពុជា វេលាម៉ោង ៤ រសៀល
-ម្ចាស់ផ្ទះឥណ្ឌូណេស៊ី ប៉ះ អូស្ត្រាលី វេលាម៉ោង ៨ និង ១៥ នាទីយប់៕ រូបភាព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា


ចែករំលែកព័តមាននេះ