ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូ​ល J ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ អា​ហ្ស​ង់​ទី​ន​ប្តូរផ្តាច់​ការពារ​ជើងឯក

19 ម៉ោង មុន

អន្តរជាតិ ៖ ក្រុម​ការពារ​តំណែង​ជើងឯក​អា​ហ្ស​ង់​ទី​ន គឺជា​ក្រុម​មាន​ភាគរយ​ខ្ពស់​បំផុត​ទទួល​បាន​ចំណាត់ថ្នាក់​លេខ ១ ពូ​ល J ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ​២០២៦​។ ដ្បិត​ពូ​ល​នេះ​មានការ​ចូលរួម​ពី​ក្រុម​កំពូល​ៗ​មក​ពី ៤ ទ្វីប​ផ្សេង​គ្នា​ក្រៅពី​អា​ហ្ស​ង់​ទី​ន រួម​មាន អាល់​ហ្សេ​រី អូ​ទ្រី​ស និង​ក្រុម​ចំណូល​ថ្មី ហ្ស៊​ក​ដា​នី​។

អា​ហ្ស​ង់​ទី​ន នៅ​ក្នុង​នាម​ជា​ម្ចាស់​ការពារ​តំណែង​ជើងឯក​ពិភពលោក ដឹកនាំ​ដោយ​លោក Lionel Scaloni ដែល​មាន​ខ្សែប្រយុទ្ធ​ឆ្នើម Lionel Messi ជា​ប្រធាន​ក្រុម ដែល​នឹង​ក្លាយជា​ការ​ប្រកួត FIFA World Cup លើក​ចុង​ក្រោយ​របស់​ខ្សែប្រយុទ្ធ​វ័យ​៣៨​ឆ្នាំ​រូប​នេះ​។ ក្រុម​រហស្សនាម​ពពក​ស​មួយ​នេះ ក៏​មាន​កម្លាំង​ស្នូល​ដ៏​រឹង​មាំ​ដូច​ជា Lautaro Martínez និង Julián Álvarez ព្រមទាំង​កីឡាករ​ឆ្នើម​ៗ​ជា​ច្រើន​ផ្សេង​ទៀត​។ ក្រុម​ពី​អា​មេ​រិ​ក​ខាងត្បូង​មួយ​នេះ កំពុង​តែង​ស្វែង​ការ​ឈ្នះ​ជើងឯក​ពិភពលោក​ជា​លើក​ទី​៤​របស់​ខ្លួន ហើយ​ពួក​គេ​ក៏​ស្ថិត​ក្នុង​ចំណោម​ក្រុម​ភាគរយ​ខ្ពស់ ដែល​បណ្តា​អ្នកវិភាគ​មើលឃើញ​ថា​អាច​សម្រេច​គោលដៅ​មួយ​នេះ​។

-​ចំណាត់ថ្នាក់ FIFA ៖ លេខ ១
-​ឱកាស​លេខ ១ ក្នុង​ពូ​ល​ពី​ការ​ព្យាករណ៍​របស់ Opta ៖ ៧២%
-​កីឡាករ​ឆ្នើម ៖ Lionel Messi, Lautaro Martínez, Julián Álvarez និង Enzo Fernández
អាល់​ហ្សេ​រី ក្រុម​ពី​ទ្វីបអាហ្វ្រិក​មួយ​នេះ រំពឹង​ការ​ធ្វើ​បាន​ល្អ​កីឡាករ​បទ​ពិសោធន៍​ក្រាស់ក្រែល​គឺ ខ្សែបម្រើ​ប្រយុទ្ធ Riyad Mahrez និង​ទម្រង់​លេង​វាយ​សម្រុក​ដ៏​មុត​ស្រួច​ពី​ខ្សែប្រយុទ្ធ​ឆ្នើម Mohammed Amoura ដែល​ជា​អ្នករក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​កាលពី​វគ្គ​ជម្រុះ​។ តាម​រយៈ​នេះ បណ្តា​អ្នកវិភាគ​មើលឃើញ​ថា ក្រុម​រហស្សនាម​អ្នក​ចម្បាំង​វាល​ខ្សាច់ ក្រោម​ការ​ដឹកនាំ​របស់​លោក Vladimir Petković នឹង​ក្លាយជា​គូប្រកួត​ប្រជែង​ដ៏​ស្វិតស្វាញ​បំផុត​របស់​អូ​ទ្រី​ស​ដណ្តើម​ចំណាត់ថ្នាក់​លេខ ២​។

-​ចំណាត់ថ្នាក់ FIFA ៖ លេខ ២៨
-​ឱកាស​លេខ ១ ក្នុង​ពូ​ល​ពី​ការ​ព្យាករណ៍​របស់ Opta ៖ ៩,៣%
-​កីឡាករ​ឆ្នើម ៖ Mohamed Amoura, Riyad Mahrez និង Rayan Aït-Nouri
អូ​ទ្រី​ស បាន​វិល​ត្រឡប់​មក​កាន់ការ​ប្រកួត World Cup វិញ បន្ទាប់​ពី​ខកខាន​អស់​ពេល​២៨​ឆ្នាំ​។ បច្ចុប្បន្ន​ក្រោម​ការ​ដឹកនាំ​របស់​លោក Ralf Rangnick ជនជាតិ​អា​ល្លឺ​ម៉​ង់ ក្រុម​មក​ពី​អឺរ៉ុប​កណ្តាល​មួយ​នេះ ប្រើប្រាស់​ទម្រង់​លេង​ដាក់​សម្ពាធ​គូប្រកួត​តាម​រយៈ​ការ​ដេញ​ដណ្តើម​បាល់​មក​វិញ​ភ្លាម​ៗ បន្ទាប់​ពី​បាត់បង់​ការ​គ្រប់គ្រង​បាល់​។ ជាមួយ​កីឡាករ​ឆ្នើម​ៗ រួម​ទាំង ខ្សែប្រយុទ្ធ Marcel Sabitzer និង​ខ្សែការពារ David Alaba នោះ អូ​ទ្រី​ស​គឺជា​បេក្ខភាព​ឈានមុខ​គេ​ទី ២ ក្នុង​ការ​ឡើង​ទៅ​វគ្គ​បន្ត ដោយសារ​តែ​កម្រិត​កីឡាករ​ភាគច្រើន​លេង​ក្នុង​លី​គ​កំពូល​អា​ល្លឺ​ម៉​ង់ Bundesliga​។

-​ចំណាត់ថ្នាក់ FIFA ៖ លេខ ២៤
-​ឱកាស​លេខ ១ ក្នុង​ពូ​ល​ពី​ការ​ព្យាករណ៍​របស់ Opta ៖ ១៣,៧%
-​កីឡាករ​ឆ្នើម ៖ David Alaba, Konrad Laimer និង Marcel Sabitzer
ហ្ស៊​ក​ដា​នី គឺជា​ការ​បង្ហាញខ្លួន​លើក​ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ World Cup​។ ក្រោម​ការ​ដឹកនាំ​របស់​លោក Jamal Sellami និង​ខ្សែប្រយុទ្ធ Musa Al-Tamari ជា​ប្រធាន​ក្រុម ដែល​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា «Messi ហ្ស៊​ក​ដា​នី​។ ទោះ​យ៉ាងណា​ក៏​ដោយ ក្រុម​មក​ពី​អាស៊ី​ខាងលិច​មួយ​នេះ នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​លទ្ធផល ក៏​ដូច​ជា​ត្រូវ​តស៊ូ​យ៉ាង​ខ្លាំង ដោយសារ​ការ​អវត្តមាន​ខ្សែប្រយុទ្ធ​សំខាន់ Yazan Al-Naimat ដោយសារ​របួស​។

-​ចំណាត់ថ្នាក់ FIFA ៖ លេខ ៦៣
-​ឱកាស​លេខ ១ ក្នុង​ពូ​ល​ពី​ការ​ព្យាករណ៍​របស់ Opta ៖ ៥%
-​កីឡាករ​ឆ្នើម ៖ Musa Al-Taamari, Yazan Al-Arab, Nizar Al-Rashdan និង Ali Olwan
កាលវិភាគ​ប្រកួត​ទី ១ (​ម៉ោង​នៅ​កម្ពុជា​)
-​អា​ហ្ស​ង់​ទី​ន ប៉ះ អាល់​ហ្សេ​រី ម៉ោង ៨ ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា
-​អូ​ទ្រី​ស ប៉ះ ហ្ស៊​ក​ដា​នី ម៉ោង ១១ ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា

កាលវិភាគ​ប្រកួត​ទី ២
-​អា​ហ្ស​ង់​ទី​ន ប៉ះ អូ​ទ្រី​ស ម៉ោង ១២ រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​២៣ ខែមិថុនា
-​ហ្ស៊​ក​ដា​នី ប៉ះ អាល់​ហ្សេ​រី ម៉ោង ១០ ព្រឹក​ថ្ងៃ​ទី​២៣ ខែមិថុនា
កាលវិភាគ​ប្រកួត​ទី ៣
-​អាល់​ហ្សេ​រី ប៉ះ អូ​ទ្រី​ស ម៉ោង ៩ ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា
-​ហ្ស៊​ក​ដា​នី ប៉ះ អា​ហ្ស​ង់​ទី​ន ម៉ោង ៩ ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា​៕ ប្រភព ៖ FIFA, Yahoo Sports, Opta Analyst, MLS Soccer និង​ប្រភព​ផ្សេង​ទៀត