ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាកណ្តាល​សូ​ម៉ា​លី​ ដែល​អា​មេ​រិ​ក​បដិសេធ​ទិដ្ឋាការ ត្រឡប់​ទៅ​ផ្ទះ​វិញ​បានការ​ស្វាគមន៍​អធិកអធម​ដូច​វីរបុរស

1 ម៉ោង មុន

ប្រទេស​សូ​ម៉ា​លី ៖ លោក Omar Abdulkadir Artan អាជ្ញាកណ្តាល​បាល់ទាត់​អន្តរជាតិ​ឆ្នើម​របស់​ប្រទេស​សូ​ម៉ា​លី ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​អធិកអធម​ប្រៀប​ដូច​ជា​វីរបុរស​ជាតិ នៅ​ពេល​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​ដល់ទី​ក្រុង​ម៉ូ​ហ្កា​ឌី​ស្យូ (Mogadishu) ប្រទេស​កំណើត​វិញ កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៦ បន្ទាប់​ពី​ក្តី​ស​ម្រៃ​កាត់សេចក្តី​ការ​ប្រកួត​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ​២០២៦ បាន​រលាយ​។ នេះ​បើ​តាម​ប្រភព​ពី Reuters, Al Jazeera, ESPN និង​ប្រភព​ផ្សេង​ទៀត​បាន​ចេញផ្សាយ​។

ការ​វិល​ត្រឡប់​នេះ​កើតឡើង បន្ទាប់​ពី​លោក​ត្រូវ​បាន​អាជ្ញាធរ​សហរដ្ឋអាមេរិក បដិសេធ​មិន​ឱ្យ​ចូល​ប្រទេស ដើម្បី​បំពេញភារកិច្ច​កាត់សេចក្តី​ការ​ប្រកួត​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ បើ​ទោះបីជា​រដ្ឋាភិបាល​សូ​ម៉ា​លី​បាន​ចេញ​លិខិតឆ្លងដែន​ការទូត​ជូន​លោក ដើម្បី​ជៀសវាង​ឧបសគ្គ​នានា​យ៉ាងណា​ក៏​ដោយ ក៏​អាជ្ញាធរ​អា​មេ​រិ​ក​នៅ​តែ​បដិសេធ​ដោយ​លើក​ឡើង​អំពី​បញ្ហា​ការ​ត្រួតពិនិត្យ​សន្តិសុខ​ជាតិ​ជា​ហេតុផល​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) បាន​សម្តែង​ការ​សោកស្តាយ ប៉ុន្តែ​បាន​បញ្ជាក់​ថា ខ្លួន​មិន​អាច​លូកដៃ​ក្នុង​កិច្ចការ​អន្តោប្រវេសន៍ និង​ច្បាប់​ទិដ្ឋាការ​របស់​សហរដ្ឋអាមេរិក ដែល​ជា​ប្រទេស​ម្ចាស់ផ្ទះ​បាន​ឡើយ​។

លោក Artan ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​អាហ្វ្រិក (CAF) ជ្រើសរើស​ជា​អាជ្ញាកណ្តាល​ឆ្នើម​ប្រចាំឆ្នាំ ២០២៥​។ អាជ្ញាកណ្តាល​វ័យ​៣៤​ឆ្នាំ​រូប​នេះ គឺជា​អាជ្ញាកណ្តាល​ម្នាក់​នៅ​ក្នុង​ចំណោម​អាជ្ញាកណ្តាល​ទាំង​៥២​រូប ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ FIFA ឱ្យ​កាត់សេចក្តី​ប្រកួត World Cup ឆ្នាំ ២០២៦ ហើយ​លោក​ក៏​ត្រៀម​នឹង​ក្លាយជា​ជនជាតិ​សូ​ម៉ា​លី​ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ ដែល​បាន​ដឹកនាំ​ការ​ប្រកួត​ព្រឹត្តិការណ៍​ពិភពលោក​មួយ​នេះ និង​ជា​ក្តី​ស​ម្រៃ​របស់​លោក​ផង​ដែរ​។

យ៉ាងណាមិញ ទោះជា​ក្តី​ស្រមៃ​នោះ​ត្រូវ​បាន​រលាយ​ក៏​ពិតមែន ប៉ុន្តែ​ការ​ត្រឡប់​មក​កាន់​ប្រទេស​កំណើត​វិញ លោក Artan ត្រូវ​បាន​គ្រប់​គ្នា​ចាត់​ទុកដូចជា​វីរបុរស​ជាតិ​អ៊ីចឹង​។ ជាក់ស្តែង ប្រជាជន​សូ​ម៉ា​លី​រាប់រយ​នាក់ មន្ត្រី​រដ្ឋាភិបាល រួម​ទាំង​រដ្ឋមន្ត្រីក្រសួង​កីឡា បាន​ទៅ​រង់ចាំ​ទទួល​លោក​នៅ​ឯ​ព្រ​លាន​យន្តហោះ​អន្តរជាតិ Aden Adde ដោយ​នាំ​យក​ទាំង​ទង់ជាតិ​សូ​ម៉ា​លី​មក​គ​ដណ្តប់​លើ​លោក​ថែម​ទៀត​ផង ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ និង​ក្តី​ស្រឡាញ់​។

នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ លោក​ត្រូវ​បាន​អញ្ជើញ​ជា​ភ្ញៀវ​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ការ​ប្រកួត​បាល់ទាត់​មួយ នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ​សូ​ម៉ា​លី ដែល​មាន​អ្នកគាំទ្រ​រាប់​ពាន់​នាក់​ចូលរួម​អបអរសាទរ​។ មិនតែប៉ុណ្ណោះ នាយក​រដ្ឋមន្ត្រី​សូ​ម៉ា​លី លោក Hamza Abdi Barre បាន​ជួប​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​លោក Artan និង​បាន​ប្រកាស​ថា លោក​បាន​ឈ្នះ​បេះដូង​ប្រជាជន​សូ​ម៉ា​លី​រាប់​លាន​នាក់ និង​បាន​កត់ត្រា​ឈ្មោះ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​រួច​ស្រេច​ទៅ​ហើយ​។

បើ​ទោះជា​ខកចិត្ត​ខ្លាំង​នៅ​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ប៉ុន្តែ​លោក Artan បាន​ថ្លែង​ទៅ​កាន់​អ្នក​គ្រប់​គ្នា​ដូច្នេះ​ថា «​ខ្ញុំ​សន្យា​ជាមួយ​អ្នក​ទាំងអស់​គ្នា​ថា ព្រះ​នឹង​ជួយ​ឱ្យ​ខ្ញុំ​បាន​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup លើក​ក្រោយ​ជាក់​ជា​មិន​ខាន​»៕