ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូ​ល H ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ គោ​ជល់​អេ​ស្ប៉ា​ញ​ត្រៀម​បង្ហាញ​សាច់ដុំ

2 ម៉ោង មុន

អន្តរជាតិ ៖ ពូ​ល H ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ ជា​ពូ​ល​មានការ​ប្រកួតប្រជែង​ដ៏​ស្វិតស្វាញ និង​ជា​ការ​ជួប​គ្នា​រវាង​ក្រុម​ខ្លាំង​ៗ​លំដាប់​ពិភពលោក និង​ក្រុម​ទើបតែ​ប​ង្កើ​ការ​ភ្ញាក់ផ្អើល​កាលពី​ថ្មី​ៗ​នេះ រួម​ម​មាន អេ​ស្ប៉ា​ញ​, អ៊ុយ​រូ​ហ្កា​យ​, អា​រ៉ា​ប៊ី​សា​អូឌីត និង​ក្រុម​ចំណូល​ថ្មី កាប់​វែ​រ (Cape Verde)​។

អេ​ស្ប៉ា​ញ គឺជា​ក្រុម​ជើងឯក​អឺរ៉ុប​ឆ្នាំ​២០២៤ (Euro 2024) និង​ជា​គីឡូ​ធ្ងន់​ប្រចាំ​ពូ​ល ដែល​ត្រូវ​បាន​គេ​រំពឹង​ខ្ពស់​ថា​នឹង​បញ្ចប់​នៅ​កំពូល​តារាង មិនតែប៉ុណ្ណោះ​ក៏​ជា​ក្រុម​ត្រូវ​បាន​បណ្តា​អ្នកវិភាគ​ផ្តល់​ភាគរយ​ខ្ពស់​ជា​បេក្ខភាព​ប្រជែង​ជើងឯក​ឆ្នាំ ២០២៦ ផង​ដែរ​។ ដឹកនាំ​ដោយ​លោក Luis de la Fuente ក្រុម​រហស្សនាម​គោ​ជល់​មួយ​នេះ សំបូរ​ទៅ​ដោយ​ក​កីឡាករ​ឆ្នើម​ៗ​ជា​ច្រើន​រួម​ទាំង ខ្សែបម្រើ​ការពារ Rodri ម្ចាស់​ពាន Ballon d’Or ឆ្នាំ ២០២៤ រួម​ជាមួយ​ខ្សែបម្រើ​ពោរពេញ​ដោយ​បច្ចេកទេស Pedri និង​ខ្សែប្រយុទ្ធ​វ័យក្មេង​ដ៏​លេចធ្លោ​លើ​ពិភពលោក Lamine Yamal ជាដើម​។

-​ចំណាត់ថ្នាក់ FIFA ៖ លេខ ៨
-​ឱកាស​លេខ ១ ក្នុង​ពូ​ល​ពី​ការ​ព្យាករណ៍​របស់ Opta ៖ ៧៥,៦%
-​កីឡាករ​ឆ្នើម ៖ Lamine Yamal, Rodri, Pedri និង David Raya

អ៊ុយ​រូ​ហ្កា​យ អតីត​ម្ចាស់​ជើងឯក FIFA World Cup ២ សម័យកាល បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក Marcelo Bielsa គ្រូបង្វឹក​ឆ្នើម​ជនជាតិ​អា​ហ្ស​ង់​ទី​ន​។ ក្រុម​មក​ពី​អា​មេ​រិ​ក​ខាងត្បូង​នេះ ត្រូវ​បាន​គ្រប់​គ្នា​ស្គាល់​ថា តាម​រយៈ​ទម្រង់​លេង​វាយ​សម្រុក​លឿន និង​តំបន់​ការពារ​ដ៏​រឹង​មាំ មក​ជាមួយ​កីឡាករ​ឆ្នើម​ៗ​ជា​ច្រើន​រូប រួម​ទាំង​ខ្សែបម្រើ​កណ្តាល​ដ៏​រឹង​មាំ Federico Valverde របស់​ក្លិប Real Madrid និង​ខ្សែប្រយុទ្ធ​មុត​ស្រួច Darwin Núñez របស់​ក្លិប Al-Hilal​។

-​ចំណាត់ថ្នាក់ FIFA ៖ លេខ ១៥
-​ឱកាស​លេខ ១ ក្នុង​ពូ​ល​ពី​ការ​ព្យាករណ៍​របស់ Opta ៖ ១៨,៩%
-​កីឡាករ​ឆ្នើម ៖ Federico Valverde, Darwin Núñez និង Ronald Araújoa

អា​រ៉ា​ប៊ី​សា​អូឌីត គឺជា​ក្រុម​ខ្លាំង​មក​ពី​អាស៊ី ដែល​ធ្លាប់​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ដ៏​ភ្ញាក់ផ្អើល​បំផុត​កាលពី World Cup ឆ្នាំ ២០២២ ដោយ​បាន​យកឈ្នះ​លើ​ក្រុម​អា​ហ្ស​ង់​ទី​ន​។ ឥឡូវនេះ ពួក​គេ​បាន​វិល​ត្រលប់​មក​វិញ​ជាមួយ​ទម្រង់​លេង​ដ៏​មាន​វិន័យ​ខ្ពស់ ក្រោម​ការ​ដឹកនាំ​របស់​លោក Georgios Donis ព្រមទាំង​មាន​តារា​ឆ្នើម​ប្រចាំ​ក្រុម​គឺ ខ្សែបម្រើ​ស្លាប​ឆ្វេង Salem Al-Dawsari ជា​ប្រធាន​ក្រុម​។

-​ចំណាត់ថ្នាក់ FIFA ៖ លេខ ៥៧
-​ឱកាស​លេខ ១ ក្នុង​ពូ​ល​ពី​ការ​ព្យាករណ៍​របស់ Opta ៖ ៣,១%
-​កីឡាករ​ឆ្នើម ៖ Salem Al-Dawsari, Saud Abdulhamid និង Musab Al-Juwayr

កាប់​វែ​រ គឺជា​ក្រុម​ចំណូល​ថ្មី​ដែល​ទើបតែ​បាន​មក​បង្ហាញខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup ជា​លើក​ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​។ បើ​ទោះបីជា​ក្រុម​កម្រិត​ទាប​ប្រចាំ​ពូ​ល​ក៏​ពិតមែន ប៉ុន្តែ​ក្រុម​របស់​លោក Bubista មួយ​នេះ បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​កាលពី​ការ​ប្រកួត​ជម្រុះ​ទ្វីបអាហ្វ្រិក ដែល​ដឹកនាំ​ដោយ​ប្រធាន​ក្រុម​វ័យក្មេង និង​ជា​អ្នករក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​គឺ ខ្សែប្រយុទ្ធ Ryan Mendes​។

-​ចំណាត់ថ្នាក់ FIFA ៖ លេខ ៧៤
-​ឱកាស​លេខ ១ ក្នុង​ពូ​ល​ពី​ការ​ព្យាករណ៍​របស់ Opta ៖ ២,៤%
-​កីឡាករ​ឆ្នើម ៖ Ryan Mendes, Dailon Livramento, Jamiro Monteiro និង Kevin Pina
កាលវិភាគ​ប្រកួត​ទី ១ (​ម៉ោង​នៅ​កម្ពុជា​)
-​អេ​ស្ប៉ា​ញ ប៉ះ កាប់​វែ​រ ម៉ោង ១១ យប់​ថ្ងៃ​ទី​១៥ ខែមិថុនា
-​អា​រ៉ា​ប៊ី​សា​អូឌីត ប៉ះ អ៊ុយ​រូ​ហ្កា​យ ម៉ោង ៥ ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា

កាលវិភាគ​ប្រកួត​ទី ២
-​អេ​ស្ប៉ា​ញ ប៉ះ អា​រ៉ា​ប៊ី​សា​អូឌីត ម៉ោង ១១ យប់​ថ្ងៃ​ទី​២១ ខែមិថុនា
-​អ៊ុយ​រូ​ហ្កា​យ ប៉ះ កាប់​វែ​រ ម៉ោង ៥ ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា
កាលវិភាគ​ប្រកួត​ទី ៣
-​កាប់​វែ​រ ប៉ះ អា​រ៉ា​ប៊ី​សា​អូឌីត ម៉ោង ៧ ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា
-​អ៊ុយ​រូ​ហ្កា​យ ប៉ះ អេ​ស្ប៉ា​ញ ម៉ោង ៧ ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា​៕ ប្រភព ៖ FIFA, Yahoo Sports, Opta Analyst, MLS Soccer និង​ប្រភព​ផ្សេង​ទៀត