ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូ​ល I ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ «​ពូ​លម​រណៈ​»

1 ម៉ោង មុន

អន្តរជាតិ ៖ ពូ​ល I ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ​២០២៦ ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា​ជា​ពូ​លម​រណៈ ដោយសារ​តែ​វត្តមាន​ពី​ក្រុម​ខ្លាំង​ៗ​ដូច​ជា បារាំង​, សេ​ណេ​ហ្គា​ល់​, ន័​រ​វែ​ស និង​អ៊ី​រ៉ា​ក់ ដើម្បី​អង្រួន​នៅ​ក្នុង​វគ្គ​ចែក​ពូ​ល​នេះ​។

បារាំង ឈរ​ក្នុង​នាម​ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ដែល​មានឱកាស​ឈ្នះ​ជើងឯក FIFA World Cup ឆ្នាំ ២០២៦ ខ្ពស់​បំផុត ជាមួយ​កម្លាំង​ប្រយុទ្ធ​ដ៏​មុត​ស្រួច​គួរ​ឱ្យ​ខ្លាច​។ ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក Didier Deschamps តែងតែ​និយម​ប្រើប្រាស់​ប្រព័ន្ធ​ការពារ​ដ៏​រឹង​មាំ​។ ទោះជា​យ៉ាងណា​ក៏​ដោយ លោក​បាន​កែប្រែ​មក​ប្រើប្រាស់​ទម្រង់ ៤-២-៣-១ ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​ឆ្នាំ ២០២៦ ហើយ​បើ​ទោះជា​ខ្វះខាត​ខ្សែប្រយុទ្ធ​កណ្តាល​ពិតប្រាកដ ជា​បង្គោល​ក្នុង​ការ​រក​គ្រាប់​បាល់​ក៏​ដោយ ក៏​ក្រុម​របស់​លោក​បាន​របូត​គ្រាប់​បាល់​ត្រឹមតែ ៤ គ្រាប់​ប៉ុណ្ណោះ អំឡុង​ពេល​ប្រកួត​វគ្គ​ជម្រុះ ហើយ​ថែម​ទាំង​មាន​តំបន់​ប្រយុទ្ធ​ពោរពេញ​ដោយ​កីឡាករ​ឆ្នើម​ៗ និង​មាន​តម្លៃ​ខ្លួន​ខ្ពស់​ថែម​ទៀត​ផង​។

-​ចំណាត់ថ្នាក់ FIFA ៖ លេខ ២
-​ឱកាស​លេខ ១ ក្នុង​ពូ​ល​ពី​ការ​ព្យាករណ៍​របស់ Opta ៖ ៦០,៥%
-​កីឡាករ​ឆ្នើម ៖ Kylian Mbappé និង Ousmane Dembélé

សេ​ណេ​ហ្កា​ល់ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ក្រុម​ដ៏​រឹង​មាំ​បំផុត​មួយ​របស់​ទ្វីបអាហ្វ្រិក​សម្រាប់​ការ​ប្រកួត World Cup ឆ្នាំ ២០២៦ បន្ទាប់​ពី​ពួក​គេ​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​ទ្វីប ដោយ​មិន​ស្គាល់​ពាក្យ​ថា​ចាញ់​សោះ​។ ក្រោម​ការ​ដឹកនាំ​របស់​លោក Pape Thiaw ក្រុម​រហស្សនាម តោ​តេ​រ៉ាង​ហ្គា​មួយ​នេះ កំពុង​សម្លឹង​រក​ការ​បង្កើត​ប្រវត្តិសាស្ត្រ​ឡើង​វិញ ក៏​ដូច​ជា​ការ​ឈាន​ទៅ​វគ្គ​បន្ត​ឱ្យ​បាន​ជ្រៅ​បំផុត​ក្នុង​ការ​បង្ហាញខ្លួន​លើក​ទី ៤ របស់​ពួក​គេ​ក្នុង​ព្រឹត្តិការណ៍ World Cup​។

-​ចំណាត់ថ្នាក់ FIFA ៖ លេខ ២០
-​ឱកាស​លេខ ១ ក្នុង​ពូ​ល​ពី​ការ​ព្យាករណ៍​របស់ Opta ៖ ១១,៣%
-​កីឡាករ​ឆ្នើម ៖ Sadio Mané និង Kalidou Koulibaly

អ៊ី​រ៉ា​ក់ គឺជា​ក្រុម​ទី ៤៨ ឬ​ក្រុម​ចុង​ក្រោយ​គេ​បង្អស់​ដណ្តើម​បាន​កៅអី​មក​កាន់​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ បន្ទាប់​ពី​ខកខាន​អស់​រយៈពេល​៤០​ឆ្នាំ​។ ក្រុម​រហស្សនាម​ថា តោ​មេ​សូ​ប៉ូ​តា​មី​មួយ​នេះ បាន​ឆ្លងកាត់​ការ​ប្រកួត​ជម្រុះ​យ៉ាង​ស្វិតស្វាញ​រហូត​ដល់​ទៅ ២១ ប្រកួត​។ ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​ជនជាតិ​អូស្ត្រាលី លោក Graham Arnold (​ដែល​ធ្លាប់​បាន​ដឹកនាំ​អូស្ត្រាលី​ឡើង​ដល់​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​កាលពី​ឆ្នាំ ២០២២) អ៊ី​រ៉ា​ក់បាន​រៀបចំ​ទម្រង់​លេង​យ៉ាង​មាន​របៀបរៀបរយ ដោយ​ផ្តោត​ខ្លាំង​លើ​ការ​ការពារ​រឹង​មាំ និង​ការ​វាយបក​លឿន​ៗ​។

-​ចំណាត់ថ្នាក់ FIFA ៖ លេខ ៦៨
-​ឱកាស​លេខ ១ ក្នុង​ពូ​ល​ពី​ការ​ព្យាករណ៍​របស់ Opta ៖ ៣%
-​កីឡាករ​ឆ្នើម ៖ Aymen Hussein, Ali Al-Hamadi និង Zidane Iqbal
ន័​រ​វែ​ស បាន​ឡើង​មក​ដល់​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ដែល​នេះ​ជា​ការ​ត្រឡប់​មក​វិញ​ជា​លើក​ដំបូង​ក្នុង​រយៈពេល ២៨ ឆ្នាំ​។ ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក Ståle Solbakken ពួក​គេ​ត្រូវ​បាន​មើលឃើញ​ថា​ជា​ក្រុម​បង្ក​ភាព​ភ័យ​ខ្លាច​ដល់​គូប្រកួត​របស់​ខ្លួន ដោយសារ​តែ​មាន​កីឡាករ​យុគមាស ពោរពេញ​ដោយ​សមត្ថភាព​ខ្ពស់ និង​លេង​ក្នុង​លី​គ​កំពូល​ៗ​នៅ​អឺរ៉ុប ជា​ពិសេស​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច Erling Haaland ជាដើម​។

-​ចំណាត់ថ្នាក់ FIFA ៖ លេខ ៦៨
-​ឱកាស​លេខ ១ ក្នុង​ពូ​ល​ពី​ការ​ព្យាករណ៍​របស់ Opta ៖២៥,២%
-​កីឡាករ​ឆ្នើម ៖ Erling Haaland និង​ប្រធាន​ក្រុម Martin Ødegaard នៅ​តែ​តួអង្គ​ដ៏​សំខាន់​របស់​ក្រុម
កាលវិភាគ​ប្រកួត​ទី ១ (​ម៉ោង​នៅ​កម្ពុជា​)

-​បារាំង ប៉ះ សេ​ណេ​ហ្កា​ល់ ម៉ោង ២ រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃ​ទី​១៧ ខែមិថុនា
-​អ៊ី​រ៉ា​ក់ ប៉ះ ន័​រ​វែ​ស ម៉ោង ៥ ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា

កាលវិភាគ​ប្រកួត​ទី ២
-​បារាំង ប៉ះ អ៊ី​រ៉ា​ក់ ម៉ោង ៤ ព្រឹក​ថ្ងៃ​ទី​២៣ ខែមិថុនា
-​ន័​រ​វែ​ស ប៉ះ សេ​ណេ​ហ្កា​ល់ ម៉ោង ៧ ព្រឹក​ថ្ងៃ​ទី​២៣ ខែមិថុនា

កាលវិភាគ​ប្រកួត​ទី ៣
-​ន័​រ​វែ​ស ប៉ះ បារាំង ម៉ោង ២ រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃ​ទី​២៧ ខែមិថុនា
-​សេ​ណេ​ហ្កា​ល់ ប៉ះ អ៊ី​រ៉ា​ក់ ម៉ោង ២ រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃ​ទី​២៧ ខែមិថុនា​៕ ប្រភព ៖ FIFA, Yahoo Sports, Opta Analyst, MLS Soccer និង​ប្រភព​ផ្សេង​ទៀត