អន្តរជាតិ ៖ ពូល K ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ ព័រទុយហ្កាល់ និង កូឡុំប៊ី គឺជាក្រុមខ្លាំងដែលមានភាគរយខ្ពស់បំផុតទទួលបានកៅអីឡើងទៅវគ្គបន្ត ខណៈពេលដែល សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងក្រុមចំណូលថ្មី អ៊ូសបេគីស្ថាន នឹងត្រូវតស៊ូយ៉ាងស្វិតស្វាញ ដើម្បីដណ្តើមឱកាសដ៏តិចតួចចំណាត់ថ្នាក់លេខ ៣ ល្អរបស់ពួកគេ។
ព័រទុយហ្កាល់ ស្ថិតក្នុងចំណោមក្រុមភាគរយខ្ពស់ ដែលអ្នកវិភាគមើលឃើញថា ប្រជែងតំណែងជើងឯក World Cup ឆ្នាំ២០២៦។ ដឹកនាំដោយលោក Roberto Martínez ហើយក៏ជាការប្រកួត World Cup លើកទី៦ និងចុងក្រោយរបស់ប្រធានក្រុម Cristiano Ronaldo ផងដែរ។ ក្រុមរហស្សនាមបញ្ចខែលមួយនេះ កំពុងតែបង្ហាញទម្រង់លេងដ៏ភ្ញាក់ផ្អើលមួយ ក៏ដូចជាការលេងសហការ និងយល់ចិត្តគ្នាយ៉ាងល្អពីសំណាក់កីឡាករលំដាប់ពិភពលោកជាច្រើននាក់របស់ពួកគេ។ ក្រុមទាំងមូលកំពុងតែស្វែងរកការឈ្នះជើងឯកលើកដំបូងពីការបង្ហាញ៨លើកកន្លងមកហើយ និងសម្រាប់ជាកាដូដ៏ពិសេសជូនវីរៈបុរសបាល់ទាត់ព័រទុយហ្កាល់ Cristiano Ronaldo ផងដែរ។
-ចំណាត់ថ្នាក់ FIFA ៖ លេខ ៥
-ឱកាសលេខ ១ ក្នុងពូលពីការព្យាករណ៍របស់ Opta ៖ ៥៩%
-កីឡាករឆ្នើម ៖ Cristiano Ronaldo, Bruno Fernandes, Vitinha និង Rúben Dias
កុងហ្គោ បានកៅអីឡើងមកកាន់ជុំចុងក្រោយ World Cup នេះ តាមរយៈវគ្គ Play-off។ ពួកគេបានវិលត្រលប់មកកាន់ព្រឹត្តិការណ៍នេះវិញជាលើកដំបូង ចាប់តាំងពីឆ្នាំ ១៩៧៤។ ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិបារាំង លោក Sébastien Desabre ក្រុមរហស្សនាមខ្លារខិនមួយនេះ បានក្លាយជាក្រុមដ៏គួរឱ្យចាប់អារម្មណ៍ និងរឹងមាំខ្លាំង ដោយសារមានកីឡាករពោរពេញកម្លាំង និងកាយសម្បទារឹងមាំ ហើយចំណុចខ្លាំងរបស់ពួកគេគឺ តំបន់ការពាររឹងមាំ និងការវាយបកលឿនៗ។
-ចំណាត់ថ្នាក់ FIFA ៖ លេខ ៤៥
-ឱកាសលេខ ១ ក្នុងពូលពីការព្យាករណ៍របស់ Opta ៖ ៦,១%
-កីឡាករឆ្នើម ៖ Yoane Wissa, Chancel Mbemba, Cédric Bakambu និង Aaron Wan-Bissaka
អ៊ូសបេគីស្ថាន បានបង្កើតប្រវត្តិសាស្ត្រឈានដល់ការព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦ និងជាលើកដំបូងបំផុតរបស់ខ្លួន ហើយពួកគេគឺជាប្រទេសតែមួយគត់មកពីអាស៊ីកណ្តាលដែលបានចូលរួមក្នុងការប្រកួតនេះ។ ក្រោមការដឹកនាំដោយលោក Fabio Cannavaro អតីតខ្សែការពារឆ្នើមក្រុមជម្រើសជាតិអ៊ីតាលី ផ្តោតខ្លាំងលើទម្រង់ការពារដ៏រឹងមាំ និងមិនសូវដណ្តើមការគ្រប់គ្រងបាល់ច្រើននោះទេ ប៉ុន្តែរង់ចាំការវាយបកភ្លាមៗពីកំហុសខុសឆ្គងរបស់គូប្រកួត។
-ចំណាត់ថ្នាក់ FIFA ៖ លេខ ៥០
-ឱកាសលេខ ១ ក្នុងពូលពីការព្យាករណ៍របស់ Opta ៖ ៥,៧%
-កីឡាករឆ្នើម ៖ Abdukodir Khusanov, Eldor Shomurodov និង Abbosbek Fayzullaev
កូឡុំប៊ី បានត្រលប់មកកាន់ព្រឹត្តិការណ៍ FIFA World Cup 2026 វិញយ៉ាងមានទំនុកចិត្តខ្ពស់ បន្ទាប់ពីខកខានកាលពីឆ្នាំ ២០២២។ ពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ការប្រកួតជម្រុះតំបន់ CONMEBOL និងជាក្រុមរងជើងឯកពាន Copa América ឆ្នាំ ២០២៤ ផងដែរ។ ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន លោក Néstor Lorenzo ក្រុមមកពីអាមេរិកខាងជើងមួយនេះ ត្រូវបានគេចាត់ទុកជាក្រុមមួយដែលអាចបង្កើតភាពភ្ញាក់ផ្អើល និងឱកាសឡើងទៅវគ្គបន្តបន្ទាប់។ ពួកគេបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោក្នុងរយៈពេល២ឆ្នាំចុងក្រោយ ដោយមានខ្សែប្រយុទ្ធស្លាបល្បឿនលឿន Luis Díaz និងប្រធានក្រុមដ៏មានបទពិសោធន៍ James Rodríguez។
-ចំណាត់ថ្នាក់ FIFA ៖ លេខ ១៣
-ឱកាសលេខ ១ ក្នុងពូលពីការព្យាករណ៍របស់ Opta ៖ ២៩,២%
-កីឡាករឆ្នើម ៖ Luis Díaz, James Rodríguez និង Richard Ríos
កាលវិភាគប្រកួតទី ១ (ម៉ោងនៅកម្ពុជា)
-ព័រទុយហ្កាល់ ប៉ះ កុងហ្គោ ម៉ោង ១២ រំលងអធ្រាត្រចូលថ្ងៃទី១៨ ខែមិថុនា
-អ៊ូសបេគីស្ថាន ប៉ះ កូឡុំប៊ី ម៉ោង ៩ ព្រឹកថ្ងៃទី១៨ ខែមិថុនា
កាលវិភាគប្រកួតទី ២
-ព័រទុយហ្កាល់ ប៉ះ អ៊ូសបេគីស្ថាន ម៉ោង ១២ រំលងអធ្រាត្រចូលថ្ងៃទី២៤ ខែមិថុនា
-កូឡុំប៊ី ប៉ះ កុងហ្គោ ម៉ោង ៩ ព្រឹកថ្ងៃទី២៤ ខែមិថុនា
កាលវិភាគប្រកួតទី ៣
-កូឡុំប៊ី ប៉ះ ព័រទុយហ្កាល់ ម៉ោង ៦កន្លះ ព្រឹកថ្ងៃទី២៨ ខែមិថុនា
-កុងហ្គោ ប៉ះ អ៊ូសបេគីស្ថាន ម៉ោង ៦កន្លះ ព្រឹកថ្ងៃទី២៨ ខែមិថុនា៕ ប្រភព ៖ FIFA, Yahoo Sports, Opta Analyst, Fox Sports, MLS Soccer និងប្រភពផ្សេងទៀត

ចែករំលែកព័តមាននេះ