ថ្ងៃ៩ មិថុនា ជាថ្ងៃប្រវត្តិសាស្ដ្រសម្រាប់វិស័យកីឡាបាល់ទាត់កម្ពុជា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ត្រូវបានចារជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់បាល់ទាត់កម្ពុជា បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា បានបញ្ចប់ការរង់ចាំអស់រយៈពេល ៦៩ឆ្នាំ ដើម្បីយកឈ្នះលើកដំបូងលើក្រុមចិនហុងកុង ស្របពេលក្រុមជម្រើសជាតិយុវជនអាយុក្រោម១៩ឆ្នាំកម្ពុជា បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូងនៃការប្រកួតជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម១៩ឆ្នាំ (ASEAN U19 Boy’sChampionship) ឆ្នាំ២០២៦។
នេះគឺជាកំណត់ត្រាដ៏អស្ចារ្យដែលធ្វើឲ្យអ្នកគាំទ្រមានមោទនភាព និងសហគមន៍អន្ដរជាតិ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះវិស័យកីឡាបាល់ទាត់កម្ពុជា ទាំងបាល់ទាត់បុរស និងនារី ដ្បិតនៅថ្ងៃជាមួយគ្នា ក្រុមជម្រើសជាតិនារីកម្ពុជា ក៏បានប្រកួតស្មើក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ១-១ ក្នុងជំនួបមិត្តភាពអន្ដរជាតិផងដែរ ដែលអាចចាត់ទុកជាថ្ងៃប្រវត្តិសាស្ដ្រ សម្រាប់ក្រុមបាល់ទាត់កម្ពុជា៣កម្រិតផ្សេងគ្នាប្រកួតក្នុងថ្ងៃតែមួយដោយមិនស្គាល់បរាជ័យ។
សម្រាប់ជំនួបមិត្តភាពអន្ដរជាតិរបស់ក្រុមជម្រើសជាតិកម្ពុជា ទល់នឹងហុងកុង ដែលមានអ្នកទស្សនាផ្ទាល់ជាង២ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ម្ចាស់ផ្ទះកម្ពុជា ធ្វើបានយ៉ាងល្អ តាំងពីតំបន់ការពារ បម្រើ រហូតដល់ប្រយុទ្ធ រហូតអាចរក្សា Clean Sheet និងរកបាន២គ្រាប់បន្ថែមទៀត ដោយកីឡាករ Yudai Ogawa នៅនាទី៤៥+១ និងសៀង ចន្ធា នៅនាទីទី៥០។ ជ័យជម្នះនេះ បានធ្វើឲ្យគ្រូបង្វឹកលោក Koji Gyotoku មានមោទនភាពយ៉ាងខ្លាំង ចំពោះការខំប្រឹង និងធ្វើបានល្អលើសពីការរំពឹងទុករបស់កូនក្រុម។
ទោះបីជាការប្រកួតមិត្តភាព តែជ័យជម្នះនេះ ត្រូវបានចារជាប្រវត្តិ ដ្បិតរយៈពេល៦៩ឆ្នាំកន្លងមក ពោលគឺចាប់តាំងពីឆ្នាំ១៩៥៧ ដល់បច្ចុប្បន្ន កម្ពុជា និងហុងកុង ធ្លាប់ជួបគ្នា ទាំងពានរង្វាន់អន្ដរជាតិ និងមិត្តភាពចំនួន១២លើក ទើបស្គាល់ជ័យជម្នះលើកដំបូងនេះប៉ុណ្ណោះ។អ្វីដែលមិននឹកស្មានដល់ទៀតនោះ គឺម្ចាស់គ្រាប់បាល់ទាំង ២ រួមមានម្ចាស់គ្រាប់ទី១ Yudai ពាក់អាវលេខ៦ និងម្ចាស់គ្រាប់ទី២ ពាក់អាវលេខ៩ រកបាននៅថ្ងៃប្រកួត ចំថ្ងៃទី៩ ខែ៦(មិថុនា)ថែមទៀត។
ក្រៅពីក្រុមធំ ក្រុមគោព្រៃជំទង់កម្ពុជា ក៏ត្រូវបានចារក្នុងប្រវត្តិសាស្ដ្រដូចគ្នា ក្រោយការរង់ចាំអស់រយៈពេល២៤ឆ្នាំ នៃពានរង្វាន់យុវជន U19 អាស៊ាន ដោយការឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូង បន្ទាប់ពីវាយបកស្មើក្រុមខ្លាំងអូស្ដ្រាលី ។ មុនការប្រកួតបញ្ចប់ពូលC នេះ មានមនុស្សជាច្រើនសុទ្ធតែមិនរំពឹងក្រុមជម្រើសជាតិ U19 កម្ពុជាអាចធ្វើបាន ដ្បិតពួក
គេបានដឹងច្បាស់ពីគុណភាព និងកម្រិតលេងរបស់អូស្ដ្រាលី ទាំងកាយសម្បទា និងបច្ចេកទេស។
ប៉ុន្ដែនេះគ្រាន់តែជាការប៉ាន់ស្មាន ហើយទីបំផុតក្រុមយុវជន U19 កម្ពុជា ក៏អាចធ្វើបាន ទោះបីត្រូវអូស្ដ្រាលី នាំមុខ ២គ្រាប់មុន នៅវគ្គទី១ តែការព្យាយាមមិនបោះបង់របស់ពួកគេ ក៏អាចរកបាន ២គ្រាប់តាមស្មើវិញ ដែលនាំឲ្យកម្ពុជាទទួលបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូង ក្នុងនាមក្រុមលេខ២ ល្អជាងគេ ។ ជាការពិត ការដោះស្រាយសមីការក្រុមលេខ២ ល្អជាងគេនេះ កម្ពុជាធ្លាប់ជួបប្រទះច្រើនដងមកហើយ តែដោះមិនចេញ ទើបតែលើកនេះ ក្រុម U19 កម្ពុជា បានដោះស្រាយចេញ ដោយមោទនភាពថែមទៀត តាមរយៈការប្រកួតស្មើអតីតក្រុមជើងឯក៥សម័យអូស្ដ្រាលី។
សម្រាប់វគ្គ ៤ក្រុមចុងក្រោយ នៃ ASEAN U19 Boy’s Championship ឆ្នាំ២០២៦ ក្រុមជម្រើសជាតិ U19 កម្ពុជា នឹងត្រូវជួបក្រុម U19 ថៃ គ្រាដែលអូស្ដ្រាលី ក្នុងនាមក្រុមកំពូលតារាងពូលC នឹងត្រូវជួបក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ។ តាមរយៈនេះ សង្ឃឹមថា បងប្អូនអ្នកគាំទ្រ នឹងបន្ដគាំទ្រ និងលើកទឹកចិត្តដល់កីឡាករកម្ពុជា ដើម្បីឆ្ពោះទៅសម្រេចបាននូវសមិទ្ធផល និងកំណត់ត្រាថ្មីៗបន្ថែមទៀត ៕




ចែករំលែកព័តមាននេះ