ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូ​ល L ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ អង់គ្លេស​ប្ដេជ្ញា​ចិត្ត​នាំ​ពាន​ត្រឡប់​ទៅ​ផ្ទះ

48 នាទី មុន

អន្តរជាតិ ៖ ពូ​ល L ដែល​ជា​ពូ​ល​ចុង​ក្រោយ​គេ​នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ រួម​មាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស ក្រូ​អាស៊ី ហ្កា​ណា និង​ប៉ា​ណា​ម៉ា​។ ពូ​ល​នេះ ត្រូវ​បាន​ចាត់ទុកជា​ពូ​ល​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត និង​គួរ​រំលង​ជាមួយ​ការ​ប្រកួតប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ ជា​ពិសេស​ការ​ផ្តោត​យ៉ាង​សំខាន់​លើ​ក្រុម​តោ​កំណាច​អង់គ្លេស​។

អង់គ្លេស ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ក្រុម​មួយ​ដែល​មានឱកាស​ខ្ពស់​ក្នុង​ការ​ប្រជែង​ពានរង្វាន់ World Cup ឆ្នាំ ២០២៦ ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី​ជនជាតិ​អា​ល្លឺ​ម៉​ង់ លោក Thomas Tuchel​។ កាលពី​វគ្គ​ជម្រុះ ក្រុម​រហស្សនាម​តោ​កំណាច​មួយ​នេះ ធ្វើ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ ដោយ​ឈ្នះ​ទាំង ៨ ប្រកួត ស៊ុត​បញ្ចូល​ទី​បាន ២២ គ្រាប់ និង​គ្មាន​របូត​សូ​ម្បី​តែ​១​គ្រាប់​។ លោក Tuchel បាន​ផ្លាស់​ប្តូរ​អង់គ្លេស​ឱ្យមក​លេង​ក្នុង​ទម្រង់​វាយបក និង​ការ​គ្រប់គ្រង​បាល់​ដ៏​មាន​ប្រសិទ្ធភាព ខុស​ប្លែក​ពី​ទម្រង់​ការពារ​ខ្លាំង​ពេក កាលពី​សម័យកាល​ដឹកនាំ​របស់​លោក Gareth Southgate​។ នៅ​ព្រឹត្តិការណ៍​ឆ្នាំ ២០២៦ អង់គ្លេស​ដាក់​គោលដៅ​យ៉ាង​មោះមុត​បញ្ចប់​ការ​រង់ចាំ​ការ​ឈ្នះ​ជើងឯក​ពិភពលោក​អស់​រយៈពេល ៦០ ឆ្នាំ គិត​ចាប់តាំងពី​ឆ្នាំ ១៩៦៦ ដែល​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​ពួក​គេ​ឈ្នះ​ជើងឯក​លើក​ដំបូង​។

-​ចំណាត់ថ្នាក់ FIFA ៖ លេខ ៤
-​ឱកាស​លេខ ១ ក្នុង​ពូ​ល​ពី​ការ​ព្យាករណ៍​របស់ Opta ៖ ៦៧,៥%
-​កីឡាករ​ឆ្នើម ៖ Harry Kane, Jude Bellingham, Bukayo Saka និង Declan Rice

ក្រូ​អាស៊ី បាន​កៅអី​ឡើង​មក​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ជា​ផ្លូវការ បន្ទាប់​ពី បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ ១ ពូ​ល L វគ្គ​ជម្រុះ​ទ្វីបអឺរ៉ុប​។ នេះ​គឺជា​ការ​បង្ហាញខ្លួន​លើក​ទី ៧ របស់​ពួក​គេ​ក្នុង​ពានរង្វាន់​ពិភពលោក ហើយ​ពួក​គេ​លែង​ត្រូវ​បាន​គេ​ចាត់ទុកជា​ក្រុម​ទន់ខ្សោយ​ត​ទៀត​ហើយ ចាប់តាំងពី​ក្លាយជា​ក្រុម​រងជើង​ឯក​ឆ្នាំ ២០១៨ និង​ចំណាត់ថ្នាក់​លេខ ៣ ឆ្នាំ ២០២២​។ ក្រោម​ការ​ដឹកនាំ​របស់​លោក Zlatko Dalić តែង​និយម​ប្រើប្រាស់​ទម្រង់ ៤-៣-៣ ឬ ៤-២-៣-១​។ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​ឆ្នាំ​នេះ លោក​បាន​បង្ហើប​ពី​ការ​ផ្លាស់​ប្តូរ​មក​ប្រើប្រាស់​ទម្រង់ ៣-៤-២-១ វិញ ព្រោះ​មាន​កីឡាករ​សំខាន់​ៗ​ជា​ច្រើន​ស៊ាំ​នឹង​ទម្រង់​នេះ​ជាមួយ​ក្លិប​អាជីព​របស់​ពួក​គេ ជា​ពិសេស​ដើម្បី​ទប់ទល់​នឹង​ក្រុម​ខ្លាំង​ៗ​។

-​ចំណាត់ថ្នាក់ FIFA ៖ លេខ ១១
-​ឱកាស​លេខ ១ ក្នុង​ពូ​ល​ពី​ការ​ព្យាករណ៍​របស់ Opta ៖ ២០,៤%
-​កីឡាករ​ឆ្នើម ៖ Luka Modrić, Joško Gvardiol, Mateo Kovačić និង Andrej Kramarić

ហ្កា​ណា បាន​កៅអី World Cup ឆ្នាំ​២០២៦ ដែល​ជា​ការ​បង្ហាញខ្លួន​លើក​ទី​៥ របស់​ពួក​គេ​នៅ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​។ ក្រុម​រហស្សនាម​ផ្កាយ​ខ្មៅ​មួយ​នេះ មិន​អន់​ទេ ដោយ​បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ ១ ពូ​ល I វគ្គ​ជម្រុះ​ទ្វីបអាហ្វ្រិក ដោយ​ឈ្នះ ៨ ប្រកួត និង​ចាញ់​តែ ១ ប្រកួត​ប៉ុណ្ណោះ ក្នុង​ចំណោម ១០ ប្រកួត​។ ទោះបីជា​ដឹកនាំ​ក្រុម​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្តី ប៉ុន្តែ​លោក Otto Addo ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​ហ្គា​ណា​បញ្ចប់​តំណែង កាលពី​ខែមីនា ឆ្នាំ​២០២៦ បន្ទាប់​ពី​លទ្ធផល​ប្រកួត​មិត្តភាព​មិនសូវ​ល្អ​។ អតីត​ជំនួយការ​លោក Sir Alex Ferguson នៅ Manchester United គឺ​លោក Carlos Queiroz ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ថ្មី​ដើម្បី​ដឹកនាំ​ក្រុម​ក្នុង​ព្រឹត្តិការណ៍​នេះ​។

-​ចំណាត់ថ្នាក់ FIFA ៖ លេខ ៧៣
-​ឱកាស​លេខ ១ ក្នុង​ពូ​ល​ពី​ការ​ព្យាករណ៍​របស់ Opta ៖ ៧,២%
-​កីឡាករ​ឆ្នើម ៖ Antoine Semenyo, Jordan Ayew និង Thomas Partey
ប៉ា​ណា​ម៉ា ឡើង​មក​កាន់​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ដែល​ជា​ការ​បង្ហាញខ្លួន​លើក​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ​។ ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​ជនជាតិ​ដា​ណឺ​ម៉ាក លោក Thomas Christiansen ប៉ា​ណា​ម៉ា​បាន​ក្លាយជា​ក្រុម​ដ៏​ខ្លាំង​ប្រចាំ​តំបន់​អា​មេ​រិ​ក​កណ្តាល និង​មាន​មហិច្ឆតា​ខ្ពស់​ជាង​កាលពី​ឆ្នាំ ២០១៨​។

-​ចំណាត់ថ្នាក់ FIFA ៖ លេខ ៣៤
-​ឱកាស​លេខ ១ ក្នុង​ពូ​ល​ពី​ការ​ព្យាករណ៍​របស់ Opta ៖ ៤,៩%
-​កីឡាករ​ឆ្នើម ៖ Adalberto Carrasquilla, Michael Amir Murillo និង Ismael Díaz
កាលវិភាគ​ប្រកួត​ទី ១ (​ម៉ោង​នៅ​កម្ពុជា​)
-​អង់គ្លេស ប៉ះ ក្រូ​អាស៊ី ម៉ោង ៣ រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃ​ទី​១៨ ខែមិថុនា
-​ហ្កា​ណា ប៉ះ ប៉ា​ណា​ម៉ា ម៉ោង ៦ ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា
កាលវិភាគ​ប្រកួត​ទី ២

-​អង់គ្លេស ប៉ះ ហ្កា​ណា ម៉ោង ៣ រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​២៤ ខែមិថុនា
-​ប៉ា​ណា​ម៉ា ប៉ះ ក្រូ​អាស៊ី ម៉ោង ៦ ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា
កាលវិភាគ​ប្រកួត​ទី ៣
-​ប៉ា​ណា​ម៉ា ប៉ះ អង់គ្លេស ម៉ោង ៤ ទៀប​ភ្លឺ​ថ្ងៃ​ទី​២៨ ខែមិថុនា
-​ក្រូ​អាស៊ី ប៉ះ ហ្កា​ណា ម៉ោង ៤ ទៀប​ភ្លឺ​ថ្ងៃ​ទី​២៨ ខែមិថុនា​៕ ប្រភព ៖ FIFA, BBC, Yahoo Sports, Opta Analyst, MLS Soccer និង​ប្រភព​ផ្សេង​ទៀត