ល្ហៀងៗថា លោក Ancelotti ព្រមទៅដឹកនាំក្រុមជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រ World Cup
ទីក្រុងម៉ាឌ្រីដ ៖ លោក Carlo Ancelotti នឹងចាកចេញពីក្លិប Real Madrid នៅចប់រដូវកាលនេះ ខណៈប្រភពពីកាសែតអេស្ប៉ាញ…
ទីក្រុងម៉ាឌ្រីដ ៖ លោក Carlo Ancelotti នឹងចាកចេញពីក្លិប Real Madrid នៅចប់រដូវកាលនេះ ខណៈប្រភពពីកាសែតអេស្ប៉ាញ…
ទីក្រុងម៉ាឌ្រីដ ៖ លោក Carlo Ancelotti នឹងចាកចេញពីក្លិប Real Madrid នៅចប់រដូវកាលនេះ ខណៈប្រភពពីកាសែតអេស្ប៉ាញ Marca ព្រមទាំង Relevo បានរាយការណ៍ថា គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ បានយល់ព្រមធ្វើជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិប្រេស៊ីល ដែលត្រូវបានស្គាល់ថា ក្រុមជោគជ័យបំផុតនៅក្នុងប្រវត្តិសាស្ត្រ World Cup តាមរយៈការឈ្នះជើងឯកច្រើនជាងគេ ពោល៥សម័យកាល។
កាសែតល្បីរបស់អេស្ប៉ាញបានចេញផ្សាយថា អ្វីគ្រប់យ៉ាងត្រូវបានរៀបចំរួចជាសម្រេចលើកិច្ចព្រមព្រៀងរវាងលោក Ancelotti និងសហព័ន្ធបាល់ទាត់ប្រេស៊ីល ដែលអាចកើតឡើងជាផ្លូវការនៅខែមិថុនាខាងមុខនេះ។ ចំណែកខាងក្លិប Real Madrid ក៏នឹងត្រៀមធ្វើពិធីលាដ៏ពិសេសសម្រាប់លោក Ancelotti ឱ្យសមនឹងស្នាដៃដ៏ធំធេងដែលលោកបានបន្សល់ទុកសម្រាប់ក្រុមរហស្សនាម «ស្តេចស» មួយនេះ ដោយលោកឈ្នះពានរង្វាន់ Champions League ៣ដង La Liga ២ដង ព្រមទាំងពានរង្វាន់ជាច្រើនផ្សេងទៀត អំឡុងពេលដឹកនាំ Real Madrid។
ប្រភពមួយចំនួនផ្សេងទៀតបានអះអាងថា ជំហានដំបូងលោក Ancelotti នឹងមានកុងត្រារយៈពេល១ឆ្នាំជាមុនសិនជាមួយសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល ដែលមានន័យថា លោកនឹងត្រូវដឹកនាំរហូតដល់ចប់ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦។
នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីអនាគតរបស់លោកក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីការចាញ់ក្រុម Barcelona នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa del Rey កាលពីថ្ងៃទី២៧ ខែមេសា លោក Ancelotti ពុំបានអត្ថាធិប្បាយច្រើនអំពីបញ្ហានេះឡើយ ដោយគ្រាន់តែនិយាយថា «រឿងថាតើខ្ញុំបន្តនៅ Real Madrid ឬក៏អត់ គឺជាបញ្ហានៅសប្តាហ៍ខាងមុខនេះ មិនមែននៅថ្ងៃនេះទេ»។ លោកក៏មិនបានបញ្ជាក់ថា លោកនឹងដឹកនាំ Real Madrid នៅក្នុងការប្រកួតពានរង្វាន់ FIFA Club World Cup នៅរដូវក្តៅនេះឬក៏អត់នោះដែរ។
ទោះយ៉ាងណាក៏ដោយ របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញរាយការណ៍ថា បុគ្គល៣រូបត្រូវបានកំណត់សម្រាប់កាន់តំណែងគ្រូបង្វឹកបណ្ដោះអាសន្ន បើលោក Ancelotti ពិតជាចាកចេញមែនោះ រួមមានលោក Santiago Solari នាយកផ្នែកកីឡាក្លិប Real Madrid ព្រមទាំងគ្រូបង្វឹកក្រុមយុវជនពីររូបគឺលោក Raul ឬលោក Alvaro Arbeloa។ ទន្ទឹមជាមួយគ្នានោះ ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ក៏បានរាយការណ៍ផងដែរថា លោក Jurgen Klopp អតីតគ្រូបង្វឹកក្រុម Liverpool បានបដិសេធការងារនៅ Real Madrid ដូច្នេះលោក Xabi Alonso អតីតខ្សែបម្រើឆ្នើម Real Madrid ដែលបច្ចុប្បន្នជាគ្រូបង្វឹកក្រុម Bayer Leverkusen បានលេចចេញជាបេក្ខភាពឈានមុខគេ សម្រាប់ជំនួសតំណែងលោក Ancelotti។
សូមជម្រាបជូនថា លោក Carlo Ancelotti ត្រូវបានចាត់ទុកជាគ្រូបង្វឹកបាល់ទាត់ដ៏ជោគជ័យ និងអស្ចារ្យមួយរូបនៅលើពិភពលោក ដោយធ្លាប់បានដឹកនាំក្រុមកំពូលៗជាច្រើន Juventus, AC Milan, Chelsea, PSG, Bayern Munich និង Napoli ដោយឈ្នះពានរង្វាន់ និងបង្កើតបានកំណត់ត្រាជាច្រើន។ លោកបានដឹកនាំ Real Madrid ២លើក ដោយលើកដំបូងចាប់ពីឆ្នាំ ២០១៣ ដល់ ២០១៥ និងលើកទី២ ចាប់តាំងពីឆ្នាំ ២០២១ រហូតមកទល់បច្ចុប្បន្ន។
អ្នកគាំទ្របាល់ទាត់មើលឃើញថា តាមរយៈស្នាដៃ និងបទពិសោធន៍ដ៏ក្រាសក្រែលនេះ លោក Ancelotti សមសក្តិបំផុតសម្រាប់តំណែងគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល ដែលកំពុងតែទំនេរ ដើម្បីនាំយកភាពខ្លាំងរបស់ក្រុមរហស្សនាម «សាំបា» មួយនេះត្រឡប់មកវិញ សម្រាបើការប្រកួតពានរង្វាន់ FIFA World Cup ឆ្នាំ២០២៦ ដែលប្រទេសកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះរួមគ្នា។ ដ្បិតបច្ចុប្បន្នពួកគេកំពុងឈរនៅចំណាត់ថ្នាក់ទី៤ នៅក្នុងការប្រកួតវគ្គជម្រុះប្រចាំតំបន់អាមេរិកខាងត្បូង ក្រោយឆ្លងកាត់១៤ប្រកួតកន្លងមក ខណៈនៅសល់៤ប្រកួតទៀតដែលត្រូវលេង៕ ដកស្រង់ ៖ Znews
ចែករំលែកព័តមាននេះ