រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានសំណូមពរឱ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លុបចោលសេចក្តីជូនដំណឹងពីការហាមឃាត់កីឡាករ២រូបមិនឱ្យប្រកួតរយៈពេល៦ខែ ក្នុងខណៈកីឡាករទាំងពីររូបកំពុងត្រៀមប្រកួតនៅក្រៅប្រទេសនោះ។
យោងតាមបណ្ដាញទំនាក់ទំនងសង្គម នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចតេជោបានសរសេរថា ក្រោយការផ្ទុះការវែកញែកលើរឿងសហព័ន្ធកីឡាប្រដាល់គុនខ្មែរហាមឃាត់កីឡាករ២រូបមិនឱ្យប្រកួតរយៈពេល៦ខែ ក្នុងពេលកីឡាករទាំងពីររូបកំពុងត្រៀមប្រកួតនៅក្រៅប្រទេស ។
សម្តេចតេជោបានថ្លែងថា៖«ខ្ញុំសូមសំណូមពរដ៏ទទូចឱ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរលុបចោលសេចក្តីជូនដំណឹងនេះសិន ព្រោះវាទាក់ទងជាមួយកិត្តិយសជាតិផង និងវិធីដោះស្រាយបញ្ហារបៀបរបបនៃការងារផ្ទៃក្នុងសហព័ន្ធផង ។ ការដោះស្រាយផ្សេងទៀតរង់ចាំឱ្យកីឡាករទាំងពីររូប និងគណៈប្រតិភូវិលចូលប្រទេសវិញចាំពិភាក្សាដោះស្រាយជាក្រោយដោយស្មារតីសាមគ្គីភាព និងការយោគយល់គ្នា»។
គួរបញ្ជាក់ដែរថា តាមសេចក្ដីជូនដំណឹងស្តីពីការផ្អាកកីឡាករប្រដាល់គុនខ្មែរមិនឱ្យចូលរួមការប្រកួត ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា យោងលិខិតលេខ០៣១/២០២៦ សណ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ របស់មជ្ឈមណ្ឌលកីឡាកងយោពលខេមរភូមិន្ទ។ តបតាមកម្មវត្ថុ និងយោងខាងលើ សហព័ន្ធកីឡាប្រដាល់គុនខ្មែរមានកិត្តិយសសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី បណ្តាស្ថានីយទូរទស្សន៍ ដៃគូអភិវឌ្ឍន៍ សមាគម ក្លិបកីឡាប្រដាល់គុនខ្មែរទាំងអស់មេត្តាជ្រាបថា ករណីស្នើសុំរបស់មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ អំពីការផ្អាកចាប់គូប្រកួតទាំងក្នុង និងក្រៅប្រទេស រយៈពេល៦ខែ គឺកីឡាករ ២រូបដែលជាយោធិនសេរី មិនគោរពអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ គិតចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ដែលមានសមាសភាព ១-អនុសេនីយ៍ត្រី អេ វិរៈខាំឈិតភូថង កីឡាករគុនខ្មែរ និង២-នាយឯក អេ អាំម៉ារីនភូថង កីឡាករគុនខ្មែរ ។
កីឡាករគុនខ្មែរទាំងពីររូបនេះត្រូវបានគេស្គាល់ជាកូនប្រុសបង្កើតរបស់អតីតកីឡាករគុនខ្មែរដ៏ល្បីអំឡុុងទសវត្សឆ្នាំ១៩៩០គឺលោក អេ ភូថង ៕


ចែករំលែកព័តមាននេះ