ប្រទេសអារ៉ាប៊ីសាអូឌីត ៖ ក្រុមការងាររបស់ Cristiano Ronaldo បានបញ្ជាក់ថា កីឡាករបាល់ទាត់ឆ្នើមរូបនេះ នៅតែស្ថិតក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ខណៈពាក្យចចាមអារ៉ាមបានផ្ទុះឡើងយ៉ាងខ្លាំង កាលពីយប់ថ្ងៃអង្គារ ក្រោយយន្តហោះឯកជនដ៏ប្រណីតរបស់ខ្សែប្រយុទ្ធក្រុម Al-Nassr វ័យ៤១ឆ្នាំរូបនេះ បានចាកចេញពីប្រទេសនៅមជ្ឈិមបូព៌ាមួយនេះទៅប្រទេសអេស្ប៉ាញ ក្រោយការវាយប្រហាររបស់អ៊ឺរ៉ង់លើស្ថានទូតអាមេរិកនៅក្នុងទីក្រុងរីយ៉ាដ (Riyadh)។
ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ត្រូវបានរាយការណ៍ថាកំពុងបន្តហ្វឹកហាត់ជាមួយក្រុម Al-Nassr នៅកន្លែងហ្វឹកហាត់ស្ថិតក្នុងទីក្រុងរីយ៉ាដ បន្ទាប់ពីសារព័ត៌មានធំៗជាច្រើនរួមទាំង The Sun, Daily Mail និង Goal បានរាយការណ៍ថា យន្តហោះឯកជនដ៏ប្រណីតតម្លៃ ៨១ លានដុល្លាររបស់កីឡាកររូបនេះ បានប្រទះឃើញដោយគេហទំព័រតាមដានជើងហោះហើរ Flightradar24 ថាបានចុះចតនៅទីក្រុងម៉ាឌ្រីដ (Madrid) ប្រទេសអេស្ប៉ាញ នៅវេលាទៀបភ្លឺឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។
បណ្តាសារព័ត៌មានក្នុងស្រុកដោយស្រង់ប្រភពពីសារព័ត៌មាន Al Riyadiyah ក៏បានឱ្យដឹងដែរថា Ronaldo ពិតជាស្ថិតនៅប្រទេសអារ៉ាប៊ីសាអូឌីត។ ស្របពេលដំណឹងដែលថា យន្តហោះឯកជន Bombadier Global Express របស់កីឡាកររូបនេះ បានធ្វើដំណើរទៅប្រទេសអេស្ប៉ាញនោះ ក៏មិនមានការបញ្ជាក់ផ្លូវការណាមួយថា Ronaldo ឬក្រុមគ្រួសាររបស់គេស្ថិតលើយន្តហោះនោះផងដែរ។
ប្រភពមួយចំនួនបានលើកឡើងថា ការប្រទះឃើញយន្តហោះឯកជនរបស់ម្ចាស់ផ្ទះពានរង្វាន់ Ballon d’Or ៥ សម័យកាលរូបនេះ ចាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីត ទំនងជាបញ្ជៀសផលប៉ះពាល់ ឬខូចខាតដោយ-យថាហេតុណាមួយ កើតឡើងពីការវាយប្រហាររបស់អ៊ីរ៉ង់លើមូលដ្ឋានទ័ពអាមេរិកជាការសងសឹក ឬក៏អាចនាំសមាជិកគ្រួសាររបស់គេចាកចេញទៅកាន់ប្រទេសអេស្ប៉ាញ។
ប្រទេសអារ៉ាប៊ីសាអូឌីតត្រូវបានជាប់គាំងនៅក្នុងជម្លោះដ៏ឃោរឃៅមួយនៅមជ្ឈិមបូព៌ា ដោយអ៊ីរ៉ង់បានបើកការវាយប្រហារសងសឹកប្រឆាំងនឹងប្រទេសជិតខាងនៃឈូងសមុទ្ររបស់ខ្លួន ដែលមានមូលដ្ឋានទ័ពអាមេរិក បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលចាប់ផ្តើមកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ជនបរទេសជាច្រើនកំពុងស្វែងរកផ្លូវសុវត្ថិភាពចេញពីតំបន់នេះ ដោយអ្នកខ្លះបានធ្វើដំណើរតាមផ្លូវវាលខ្សាច់ចម្ងាយ ៥០០ គីឡូម៉ែត្រ ដើម្បីធ្វើការហោះហើរជម្លៀសខ្លួននៅក្នុងប្រទេសអូម៉ង់៕ ប្រភព ៖ Gulf News និង News.com.au





ចែករំលែកព័តមាននេះ