រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី១ ខែឧសភា ខាងមុខនេះនិងបញ្ចប់នៅថ្ងៃទី៩ ខែឧសភា ។ ការប្រកួតដែលនឹងធ្វើឡើងនៅរាជធានីភ្នំពេញឆ្នាំនេះមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីកើនឡើងជាងឆ្នាំកន្លងទៅ។ នេះបើតាមការឱ្យដឹងពីលោកហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា កាលពីថ្ងៃទី២៨ខែមេសា ឆ្នាំ២០២៦។
លោក ហួត សេងទ្រី បន្តថា ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិស្សាថ្នាក់ជាតិមួយនេះត្រូវបានគេរៀបចំធ្វើឡើងជារៀងរាល់១ឆ្នាំម្ដង។
ការប្រកួតឆ្នាំនេះ មានថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹកកីឡាករ កីឡាការិនីដែលជាសិស្សានុសិស្សចំនួន២៦៨៩នាក់ មកពី២៥រាជធានីខេត្ត ។ សម្រាប់ប្រភេទកីឡាដែលត្រូវដាក់ឱ្យប្រកួតឆ្នាំនេះមានទាំងអស់១២ ដែលប្រកួតនៅលើ១៣ទីលានផ្សេងគ្នាក្នុងរាជធានីភ្នំពេញ ។ ចំពោះប្រភេទកីឡាទាំង១២រួមមាន បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយកូនឃ្លីលើតុ ប៊ូលនិងប៉េតង់ វាយសី ចំបាប់ ល្បុក្កតោ តេក្វាន់ដូWT ហែលទឹក និងគុនដាវ ។ ជាការកត់សម្គាល់ឆ្នាំនេះ ចំនួនអត្តពលិកជាកុមារី ចូលរួមប្រហាក់ប្រហែលកុមារាដែរ។
លោក ហួត សេងទ្រី បានឱ្យដឹងទៀតថា កីឡាករ-កីឡាការិនីមុននឹងឈានមកដល់ការប្រកួតថ្នាក់ជាតិនៅរាជធានីភ្នំពេញគឺសុទ្ធតែបានឆ្លងកាត់វគ្គប្រកួតជម្រុះតាមសាលារៀន និងបណ្ដាខេត្តជាមុនរួចមកហើយ។ គោលបំណងសំខាន់នៃការរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិធ្វើឡើងដើម្បីចម្រាញ់រកអ្នកពូកែឱ្យចូលទៅក្នុងក្រុមជម្រើសជាតិថ្នាល និងក្លាយទៅជាកីឡាករជម្រើសជាតិឈុតធំទៅថ្ងៃអនាគត ។ ចំពោះការហូបចុកស្នាក់នៅ និងការដឹកជញ្ជូនគឺជាបន្ទុករបស់ក្រសួងអប់រំ យុវជននិងកីឡា ។ លោកសង្ឃឹមថា ពួកគេនឹងខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាពក្នុងការដណ្ដើមយកមេដាយត្រឡប់ទៅវិញ ៕



ចែករំលែកព័តមាននេះ