ប្រទេសចិន ៖ កីឡាករជឺជីតស៊ូជម្រើសជាតិកម្ពុជា សៅ សុភារ៉ា បានផ្តួលកីឡាករថៃ Soonthorn Sarin ឱ្យបោះបង់ការប្រកួតក្រោយរបួសស្មា និងសែងចេញពីទីលាន នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ក្នុងវិញ្ញាសារប្រកួតផ្នែកបុរសទម្ងន់ ៦៩គីឡូក្រាម វគ្គ៣២នាក់ចុងក្រោយនៃព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់អាស៊ីលើកទី៦ (The Asian Beach Games 2026) នៅទីក្រុងសាន់យ៉ា (Sanya) ប្រទេសចិន។
នៅក្នុងការប្រកួតដ៏ជក់ចិត្តនោះ សៅ សុភារ៉ា ធ្វើបានយ៉ាងល្អ ដោយបានផ្តួលកីឡាករថៃឱ្យសែងចេញពីទីលានជាមួយលទ្ធផល ៥០-០ ។ តាមរយៈជ័យជម្នះនេះ សុភារ៉ា បានបន្តឡើងទៅវគ្គ ១៦នាក់ចុងក្រោយ ដោយជួបកីឡាករកូរ៉េខាងត្បូង Lee Jae-young ប៉ុន្តែគួរឱ្យសោកស្តាយលទ្ធផលបញ្ចប់ទៅដោយ សុភារ៉ា ចាញ់នៅក្នុងលទ្ធផល ៥០-០ អស់ឱកាសត្រឹមនេះ។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតព្រឹត្តិការណ៍កីឡាខាងលើនេះ កម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី៤ប្រភេទកីឡា ដែលមានចំនួន៣២រូបឱ្យទៅចូលរួមប្រកួតរួមមាន ជឺជីតស៊ូ ទ្រីអាត្លុង បាល់ទាត់លើតុ និងចំបាប់។
គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ កម្ពុជារកបានមេដាយប្រាក់១គ្រឿងហើយ ធ្វើបានដោយកីឡាការិនីទ្រីយ៉ាត្លុង ម៉ាហ្គ មរតក ហ្គារ៉ាប៊ិឌៀន (Garabedian Margot Morokot) ដែលជាកូនកាត់ខ្មែរ-បារាំង កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅលើវិញ្ញាសា Aquathlon Individua ដើម្បីនាំកម្ពុជាក្លាយជាប្រទេសសមាជិកអាស៊ានមុនគេ ដែលឈ្នះមេដាយពីព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់ទ្វីបអាស៊ីលើកទី៦៕



ចែករំលែកព័តមាននេះ