London Marathon 2026 ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ពិសេសបំផុត
ចក្រភពអង់គ្លេស ៖ កំណត់ត្រាពិភពលោក ឬ Guiness World Records បានប្រកាសថា ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសឆ្នាំ…
ចក្រភពអង់គ្លេស ៖ កំណត់ត្រាពិភពលោក ឬ Guiness World Records បានប្រកាសថា ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសឆ្នាំ…
ចក្រភពអង់គ្លេស ៖ កំណត់ត្រាពិភពលោក ឬ Guiness World Records បានប្រកាសថា ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសឆ្នាំ ២០២៦ (London Marathon) ដែលបញ្ចប់ទៅកាលពីថ្ងៃទី២៦ ខែមេសា កន្លងទៅ បានបំបែកកំណត់ត្រាអ្នកសម្រេចទីច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ ដោយមានចំនួនសរុប ៥៩ ៨៣០នាក់ បំបែកកំណត់ត្រាអ្នកសម្រេចទីសរុបចំនួន ៥៩ ២២៦នាក់ នៅព្រឹត្តិការណ៍ទីក្រុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកឆ្នាំ ២០២៥ (New York City Marathon 2025)។
ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងទីក្រុងឡុងដ៍ឆ្នាំ ២០២៦ គឺជាព្រឹត្តិការណ៍ម៉ារ៉ាតុងដ៏ធំបំផុតមិនធ្លាប់មាន ជាមួយអ្នកចូលរួមរត់សរុបចំនួន ៦០ ៥១២ នាក់។ ព្រឹត្តិការណ៍នេះ ក៏បានបង្កើតកំណត់មានអ្នករត់ជុំវិញពិភពលោកច្រើនបំផុតដាក់ពាក្យស្នើសុំចុះឈ្មោះផងដែរ ពោលចំនួន ១ ១៣៣ ៨១៣ នាក់ ដោយបំបែកកំណត់ត្រាចាស់របស់ខ្លួន ចំនួនត្រឹម ៨៤០ ៣១៨ នាក់ កាលពីឆ្នាំ ២០២៥។
ព្រឹត្តិការណ៍នៅឆ្នាំ ២០២៦ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដោយសារតែហេតុផលកីឡាករចំណាត់ថ្នាក់កំពូលទាំង ៣ សុទ្ធតែបំបែកកំណត់ និងបង្កើតកំណត់ត្រារៀងៗខ្លួន។ ជាក់ស្តែង កីឡាករ Sabastian Sawe ម្ចាស់ជើងឯក និងកីឡាករ Yomif Kejelcha រងជើងឯក ក្លាយជាកីឡាករដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្របញ្ចប់ការរត់ម៉ារ៉ាតុងដោយប្រើពេលតិចជាង២ម៉ោង។ ចំណែកកីឡាករ Jacob Kiplimo ចំណាត់ថ្នាក់លេខ ៣ បានប្រើថិរវេលាតិចជាងម្ចាស់កំណត់ត្រាពិភពលោកចាស់។
កីឡាករកេនយ៉ា Sabastian Saw ក្លាយជាម្ចាស់ជើងឯក ដោយបានប្រើថិរវេលាត្រឹម ១ម៉ោង ៥៩នាទី និង ៣០វិនាទី នៅក្នុងចម្ងាយ ៤២,១៩៥ គីឡូម៉ែត្រ ដើម្បីក្លាយជាកីឡាកររត់លឿនជាងគេបំផុតថ្មីរបស់ពិភពលោក។ កីឡាករអេត្យូពី Yomif Kejelcha បានប្រើថិរវេលា ១ម៉ោង ៥៩នាទី និង ៤១វិនាទី ទទួលបានចំណាត់ថ្នាក់លេខ ២។ ចំណែកកីឡាករអ៊ូហ្គង់ដា Jacob Kiplimo ប្រើថិរវេលា ២ម៉ោង និង ២៨វិនាទី (២:០០:២៨)។
តាមរយៈនេះមានន័យថា កីឡាករទាំង៣រូបខាងលើ សុទ្ធតែបានបំបែកកំណត់ត្រាពិភពលោកចាស់របស់កីឡាករកេនយ៉ា Kelvin Kiptum ដែលបង្កើតបាននៅព្រឹត្តិការណ៍ម៉ារ៉ាតុងទីក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក ឆ្នាំ ២០២៣។ ជាអកុសលកីឡាកររូបនេះ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តក្នុងប្រទេសកំណើតរបស់ខ្លួន កាលពីឆ្នាំ ២០២៤ ក្នុងវ័យត្រឹម២៤ឆ្នាំ។
ដោយឡែកផ្នែកនារី កីឡាការិនីអេត្យូពី Tigst Assefa ឈ្នះជើងឯកដោយប្រើថិរវេលា ២ម៉ោង ១៥នាទី និង ៤១វិនាទី បំបែកកំណត់ត្រាចាស់របស់ខ្លួនក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុងទីក្រុងឡុងដ៍ដូចគ្នា កាលពីឆ្នាំមុន ដោយប្រើថិរវេលា ២ម៉ោង ១៥នាទី និង ៥០វិនាទី ក្នុងនាមជាម្ចាស់ផ្ទះ។ ដ្បិតកំណត់ត្រាល្អបំផុតរបស់នាងកើតឡើងក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ឆ្នាំ ២០២៣ ដោយប្រើថិរវេលា ២ម៉ោង ១១នាទី និង ៥៣វិនាទី។
ចំណាត់ថ្នាក់លេខ ២ និងលេខ ៣ ព្រឹត្តិការណ៍ម៉ារ៉ាតុងទីក្រុងឡុងឆ្នាំ ២០២៦ ផ្នែកនារីបានលើកីឡាការិនីកេនយ៉ា Hellen Obiri ប្រើថិរវេលា ២ម៉ោង ១៥នាទី និង ៥៣វិនាទី និងកីឡាការិនីមិត្តរួមជាតិ Joyciline Jepkosgei ប្រើថិរវេលា ២ម៉ោង ១៥នាទី និង ៥៥វិនាទី។
គិតមកទល់ពេលនេះ កីឡាការិនីកេនយ៉ា Ruth Chepng’etich នៅតែកាន់កាប់តំណែងជាអ្នករត់ម៉ារ៉ាតុងលឿនជាងគេបំផុតលើពិភពលោក ដែលសម្រេចបានក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុងទីក្រុងឈីកាហ្គោ ឆ្នាំ ២០២៤ ដោយប្រើថិរវេលាត្រឹម ២ម៉ោង ០៩នាទី និង ៥៦វិនាទី៕ ប្រភព ៖ London Marathon Events, Runners World, BBC និងប្រភពផ្សេងទៀត




ចែករំលែកព័តមាននេះ