រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាប្រដាល់សកលអាជីពបើកឆាកដំបូងកាលពីថ្ងៃទី២៨ ខែកុម្ភៈ កីឡាករពេជ្រ ម្ទេសខ្មាំង បានយកឈ្នះកីឡាករZWAN ROSS LEE ជនជាតិសិង្ហបូរីដោយពិន្ទុ ចំណែកកីឡាករភី សុភ័ស បានយកឈ្នះកីឡាករMOHAMAD KHEIRIជនជាតិអីុរ៉ង់នៅត្រឹមទឹកទី៣។
ការប្រកួតរវាងកីឡាករពេជ្រ ម្ទេសខ្មាំង និងកីឡាករZWAN ROSS LEE នៅក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ កីឡាករពេជ្រ ម្ទេសខ្មាំងត្រូវបានគេចាត់ទុកថាជាជើងខ្លាំងមួយរូបទោះបីរហូតមកទល់ពេលនេះគេមានវ័យរាងចំណាស់បន្តិចទៅហើយក្ដី ។ ជាក់ស្ដែងស្នៀតកណ្ដាប់ដៃរបស់គេវាយចេញបានលឿន មានទម្ងន់ និងរាល់ការវាយចេញត្រូវចំគោលដៅថែមទៀត។ ចំណែកកីឡាករសិង្ហបូរីក៏មិនអន់នោះដែរ គេបានវាយបកសងទៅវិញទៅមករហូតដល់ចប់ការប្រកួត។ បើតាមប្រវត្តិប្រកួត ពេជ្រ ម្ទេសខ្មាំង មានរហូតដល់ទៅ១៣០ដង ឈ្នះ៧០ដងនិងចាញ់៦០ដង។ ចំណែកកីឡាករZWAN ROSS LEEធ្លាប់ប្រកួតត្រឹមតែ៦ដងឈ្នះ៥ដង និងចាញ់១ដង។
ដោយឡែកកីឡាករភី សុភ័ស វិញបានធ្វើឱ្យកីឡាករMOHAMAD KHEIRIចុះចាញ់មុនស្នូរជួងបញ្ចប់ទឹកទី៣ ។ ការប្រកួតរវាងគូនេះមានសភាពស្វិតស្វាញខ្លាំង ព្រោះកីឡាករអុីរ៉ង់ម្នាក់នេះគឺជាជើងខ្លាំងមួយរូប និងមានប្រវត្តិប្រកួតច្រើនជាងកីឡាករភី សុភ័ស ។ ប៉ុន្តែភី សុភ័សវិញក៏មិនអន់នោះដែរ ប្រកួត៣ទឹកពេញគេបានម៉ាត់ចូលមុខគូប្រកួតពេញៗរហូតធ្វើឱ្យកីឡាករអុីរ៉ង់លើកទង់ជ័យសចុះចាញ់មុនចប់ទឹកទី៣ ។ កីឡាករMOHAMAD KHEIRIធ្លាប់ប្រកួតបាន៤៨ដង ឈ្នះ៣៨ដង ចាញ់១០ដង។ចំណែកភី សុភ័ស ធ្លាប់ប្រកួត៣៣ដង ឈ្នះ៣០ដងនិងចាញ់៣ដង។
ក្រៅពីគូអន្តរជាតិទាំងពីរ ក៏មានការប្រកួតរវាងកីឡាកររួមជាតិផងដែរ។ កីឡាករសៅ រង្សី ឈ្នះកីឡាករបាំង កាណុង ដោយពិន្ទុ ។ កីឡាករ នា សុវណ្ណ យកឈ្នះកីឡាកររិទ សុផេង ដោយពិន្ទុ ។ កីឡាករថុល ណារ៉ែត យកឈ្នះកីឡាករប៊ុន រតនៈ ដោយពិន្ទុ និងកីឡាករនូ សុផាតចាញ់ពិន្ទុកីឡាកររ៉ាន ណាន។
លោកប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានឱ្យដឹងថា ការប្រកួតបើកឆាកថ្ងៃដំបូងនេះគឺទទួលបានការគាំទ្រច្រើនពីសំណាក់អ្នកគាំទ្រ ។ ចាប់ពីគូទី៣រហូតដល់គូទី៦ ពួកគេគឺជាអ្នកប្រដាល់ជើងចាស់ដែលមានបទពិសោធន៍ប្រកួតគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកទស្សនា ។ ប៉ុន្តែលោកក៏បានវាយតម្លៃខ្ពស់សម្រាប់កីឡាករជើងថ្មីមួយចំនួនដោយសង្ឃឹមថា ពួកគេនឹងអាចធ្វើបានល្អទៅថ្ងៃខាងមុខ។ ចំពោះការប្រកួតលើកដំបូងនេះមិនមានវត្តមានកីឡាការិនីនោះទេ។ប៉ុន្តែការប្រកួតបន្ទាប់នឹងដាក់កីឡាការិនី១គូឬ២គូដើម្បីឱ្យពួកគេមានឱកាសបញ្ចេញសមត្ថភាព ៕



ចែករំលែកព័តមាននេះ