ទីក្រុងតេហេរ៉ង់ ៖ ក្រសួងការបរទេសអ៊ីរ៉ង់ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ បានអះអាងថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កំណត់គោលដៅលើទីតាំងស៊ីវិលចំនួន ៣៣ កន្លែងទូទាំងប្រទេស រួមទាំងមន្ទីរពេទ្យ សាលារៀន តំបន់លំនៅដ្ឋាន ផ្សារដ៏ធំនៅតេអេរ៉ង់ និងអគារប្រវត្តិសាស្ត្រ Golestan Palace ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ នេះបើយោងតាមប្រភពពីសារព័ត៌មាន Reuters និង Al Jazeera បានចេញផ្សាយ។
ផ្សែងខ្មៅក្រាស់បានហុយឡើងលើទីក្រុងតេហេរ៉ង់ បន្ទាប់ពីការវាយប្រហារតាមអាកាសមួយក្នុងរដ្ឋធានីអ៊ីរ៉ង់មួយនេះ ដែលបានបំផ្លាញពហុកីឡដ្ឋានជាតិ Azadi ដែលជាកីឡាដ្ឋានធំបំផុតរបស់ប្រទេសអ៊ីរ៉ង់ តម្លៃជាង ៤០០ លានដុល្លារ សមត្ថភាពផ្ទុកអ្នកទស្សនាបានជាង ៧ ៨០០០នាក់ និងបម្រើដល់ប្រកួតក្នុងផ្ទះរបស់ក្រុមបាល់ទាត់ជម្រើសជាតិប្រទេសនេះ ខណៈពេលដែលអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបង្កើនការវាយប្រហារជាលើកទី៦ជាប់ៗគ្នា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។
តាមតួលេខរបស់រដ្ឋាភិបាលអ៊ីរ៉ង់ដែលបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម X ដោយស្រង់សម្តីមន្ត្រីអឌ្ឍចន្ទក្រហមអ៊ីរ៉ង់បានឱ្យដឹងថា ទីតាំងស៊ីវិលជាង ៣ ៦០០ កន្លែងបានរងការខូចខាតពីការវាយប្រហារដែលសន្មត់ជាទង្វើរបស់អាមេរិក និងអ៊ីស្រាអែល។ ប្រធានអឌ្ឍចន្ទក្រហមអ៊ីរ៉ង់បានបញ្ជាក់ថា យ៉ាងហោចណាស់ផ្ទះសម្បែងចំនួន ៣ ០៩០ ខ្នង មជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន ៥២៨ មណ្ឌលសុខភាពចំនួន ១៣ និងមជ្ឈមណ្ឌលអឌ្ឍចន្ទក្រហមចំនួន ៩ រងការវាយប្រហាររបស់អ៊ីស្រាអែល និងអាមេរិក។ មន្ត្រីក៏បានរាយការណ៍ពីការខូចខាតដល់មណ្ឌលសុខភាពសំខាន់ៗ រួមទាំងមន្ទីរពេទ្យ Khatam មន្ទីរពេទ្យ Gandhi និងមជ្ឈមណ្ឌលស្តារនីតិសម្បទា និងសុខុមាលភាពផ្សេងៗ។
អ៊ីស្រាអែលបានបញ្ជាក់ពីការវាយប្រហារបន្ថែមលើទីក្រុងតេហេរ៉ង់ និងការផ្ទុះនៅតែបន្តនៅទូទាំងប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។ ចំនួនអ្នកស្លាប់ក្នុងប្រទេសអ៊ីរ៉ង់ត្រូវបានរាយការណ៍ថា កើនឡើងដល់យ៉ាងហោចណាស់ ១ ២៣០ នាក់ ចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុន ស្របពេលដែលអ៊ីស្រាអែលបានពង្រីកការវាយប្រហាររបស់ខ្លួនដល់ប្រទេសលីបង់។
អឌ្ឍចន្ទក្រហមអ៊ីរ៉ង់បានបញ្ជាក់ថា ឯកសារនៃការខូចខាតត្រូវបានដាក់ជូនគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម និងអង្គការអន្តរជាតិផ្សេងទៀត សម្រាប់ដំណើរការផ្លូវច្បាប់ដែលអាចកើតមាន៕


ចែករំលែកព័តមាននេះ