រាជធានីភ្នំពេញ ៖ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរទទួលស្គាល់ថា កីឡាករធឿន ធារ៉ា ធ្វើមិនបានល្អពិតមែនក្នុងការប្រកួតការពារខ្សែក្រវាត់IPCC របស់ខ្លួនជាមួយអ្នកប្រដាល់ជើងខ្លាំង សញ្ជាតិសេណេហ្គាល់ អាប់ឌុលឡា ដាយឡូ នៅក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរមួយមានឈ្មោះថា សេនាគុនខ្មែរយ័ន្ត៨ទិស កាលពីថ្ងៃអាទិត្យទី៤ ខែឧសភាឆ្នាំ២០២៥ ។ គួររំលឹកថា ធឿន ធារ៉ា ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗក្រោយឡើងការពារខ្សែក្រវាត់ IPCC របស់ខ្លួនបានសម្រេច
ឯកឧត្តម ខូវ ឆាយ ថា ធឿន ធារ៉ា រាងធ្លាក់ដៃតាំងពីទឹកទី១ ប៉ុន្តែគេព្យាយាមវាយបកសងវិញនៅក្នុងទឹកទី២ ។ ជុំវិញការធ្លាក់ដៃនេះ ឯកឧត្តមក៏មិនដឹងថា មកពីមូលហេតុអ្វីនោះដែរ តែឯកឧត្តមថា បានឮលោក អេ ភូថង ជាគ្រូរបស់កីឡាករធឿន ធារ៉ាប្រាប់ថា មុនពេលប្រកួតគេមានអាការៈមិនសូវស្រួលខ្លួន ដោយក្អួតចង្អោរទៀតផង ។
ឯកឧត្តមថា ការប្រកួតលើកនេះ ធឿន ធារ៉ា ពិតជាចាញ់ប្រៀបគូប្រកួតបន្តិចបន្តួចមែន ហើយបើការប្រកួតនេះ ស្ថិតក្នុងលក្ខណៈមិត្តភាពធម្មតាវិញ ធឿន ធារ៉ា ច្បាស់ជាត្រូវកាត់ក្ដីឱ្យស្មើពិន្ទុបាន។ ប៉ុន្តែនេះជាការប្រកួតដណ្ដើមខ្សែក្រវាត់ ដែលតាមច្បាប់ ប្រកួតអ្នកមកវាយដណ្ដើមបានត្រឹមតែមានប្រៀបលើម្ចាស់ខ្សែក្រវាត់បន្តិចបន្តួច គឺមិនអាចឱ្យឈ្នះបានឡើយ ។
ឯកឧត្តម ខូវ ឆាយ ប្រាប់យ៉ាងដូច្នេះថា ៖ «បើក្នុងការប្រកួតជាលក្ខណៈមិត្តភាពវិញ ធឿន ធារ៉ា អាចឲ្យស្មើពិន្ទុបាន ប៉ុន្តែនេះវាជាការប្រកួតការពារខ្សែក្រវាត់ បើអ្នកវាយដណ្ដើមមិនអាចផ្ដួលដែគូឲ្យចាញ់ក្នុងករណីណាមួយទេនោះ ម្ចាស់ការជើងឯកខ្សែក្រវាត់ គឺជាអ្នកឈ្នះ ។
គួររំលឹកថា កីឡាករ ធឿន ធារ៉ា ត្រូវបានប្រកាសឱ្យឈ្នះពិន្ទុលើកីឡាករ សញ្ជាតិសេណេហ្គាល់អាប់ឌុលឡា ដាយឡូ នៅក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរមួយមានឈ្មោះថា សេនាគុនខ្មែរយ័ន្ត៨ទិសកាលពីថ្ងៃអាទិត្យទី៤ ខែឧសភា ឆ្នាំ២០២៥ ។ ការប្រកួត ដែលមានតែ៣ទឹក ធឿន ធារ៉ា ធ្វើមិនបានល្អទាល់តែសោះ តាំងពីទឹកទី១ ដោយគេឃើញជើងខ្លាំងគុនខ្មែររូបនេះ ព្យាយាមវាយរបៀបបិទ និងគេចចេញពីគូប្រកួត។ នៅដើមទឹកទី២ ធឿន ធារ៉ា ត្រូវគូប្រកួតចាប់បោកផ្ទប់ នឹងរេញដូចកង្កែប ធ្វើឱ្យកម្លាំងរបស់គេចាប់ផ្ដើមស្រុតចុះយ៉ាងខ្លាំង ។ នៅក្នុងទឹកទី៣ ធឿន ធារ៉ា ត្រូវគូប្រកួតវាយចូលផ្ទៃមុខពេញៗ ធ្វើឱ្យរូបគេប្រឹងទប់ទល់ស្ទើរតែមិនចប់ទឹកទៀតផង ។
ទោះបីយ៉ាងណា ចប់ការប្រកួតទឹកទី៣ ធឿន ធារ៉ា ត្រូវបានចៅក្រមកាត់សេចក្ដីឱ្យឈ្នះកីឡាករអាប់ឌុលឡា ដាយឡូ ដោយពិន្ទុទាំងវេទនា និងត្រូវបានមហាជនរិះគន់ថា អយុត្តិធម៌សម្រាប់កីឡាករបរទេសរូបនេះ ទៀតផង ។
មតិមហាជនភាគច្រើន បានរិះគន់ថា ធឿន ធារ៉ា មួយរយៈចុងក្រោយមកនេះ ប្រកួតមិនបានល្អទាល់តែសោះ ប្រហែលមកពីការហ្វឹកហាត់ មិនបានដិតដល់ហើយមើលទៅទើបធ្វើឱ្យមហាជនអស់ជំនឿបែបនេះ ។
បើតាមប្រភពព័ត៌មានមាត់ចាបមាត់ព្រាប បានទម្លាយឱ្យដឹងថា ធឿន ធារ៉ា តាំងពីល្បីឈ្មោះមកមិនសូវយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ប្រដាល់មែន ដោយភាគច្រើនគេ រវល់ទៅលេងបាល់ទះស៊ីលុយ។ អ្នកធ្លាប់គាំទ្រ បានគេរិះគន់ទៀតថា ធឿន ធារ៉ា មានលុយ មានឡាន មានផ្ទះវិឡានៅដូចសព្វថ្ងៃនេះ គឺដោយសារអាជីពជាអ្នកប្រដាល់ប៉ុណ្ណោះ ហេតុអ្វីក៏មិនប្រឹងប្រែងហ្វឹកហាត់ស្រាវជ្រាវរកក្បាច់ប្រយុទ្ធថ្មីៗមកបង្ក្រាបគូប្រកួត បែរជាទៅធ្វើរឿងឥតប្រយោជន៍បែបនេះទៅវិញ។ ថ្វីត្បិតតែលើកនេះ គេអាចការពារតំណែងជាម្ចាស់ខ្សែក្រវាត់បានមែន តែក្រោយបញ្ចប់ការប្រកួតរូបគេត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ និងត្រូវទទួលរងនូវការរិះគន់ដូចព្យុះ។
តាមប្រភពព័ត៌មានច្បាស់ការថា ធឿន ធារ៉ាមានអាការៈឈឺក្បាល ថប់ៗពិបាកដកដង្ហើមក្រោយបញ្ចប់ការប្រកួតទើបត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗតែម្ដង ។ សម្រាប់មតិមហាជនមួយចំនួនបានលើកឡើងថា ការធ្វើបែបនេះគ្រាន់តែជាលេសដើម្បីកុំឱ្យមានការគាំទ្ររិះគន់ប៉ុណ្ណោះ ។
សម្រាប់មិត្តភក្តិជិតស្និទ្ធបានទម្លាយថា ធឿន ធារ៉ា មានជំងឺគ្រុនញាក់តាំងពីមុនពេលប្រកួត តែដោយខ្លាចអ្នកគាំទ្ររបស់ខ្លួនមិនសប្បាយចិត្ត ម្យ៉ាងវិញទៀត ខ្លាចខូចកម្មវិធីរបស់គេទៀតផងនោះ ទើបរូបគេសម្រេចចិត្តឡើងប្រកួតទាំងឈឺបែបនេះ ៕











ចែករំលែកព័តមាននេះ