រាជធានីភ្នំពេញ ៖ ទោះបីអ្នកប្រដាល់ជើងខ្លាំងកម្ពុជាធឿន ធារ៉ា ការពារខ្សែក្រវាត់IPCC
របស់ខ្លួនបានសម្រេចបន្ទាប់ពីយកឈ្នះពិន្ទុអ្នកប្រដាល់ជើងខ្លាំងសញ្ជាតិសេណេហ្គាល់អាប់
ឌុលឡា ដាយឡូ នៅក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរមួយមានឈ្មោះថា សេនាគុនខ្មែរយ័ន្ត៨ទិស កាលពីថ្ងៃអាទិត្យទី៤ ខែឧសភា ឆ្នាំ២០២៥ ក៏គេមើលឃើញជ័យជម្នះនោះបានមកដោយធឿន ធារ៉ា ស្ថិតក្នុងដង្ហើមចង្រិតទៅហើយព្រោះក្រោយពីចុះពីលើសង្វៀនភ្លាមរូបគេត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លែត។
បើមើលលើការប្រកួតជាក់ស្ដែង ធឿន ធារ៉ា វាយមិនបានល្អទាល់តែសោះមិនសមជាជើងខ្លាំងគុនខ្មែរប្រចាំប្រទេសនោះទេ ។ ជាក់ស្ដែងតាំងពីទឹកទី១ដល់ទឹកទី៣ ធឿន ធារ៉ា មិនមានក្បាច់
ពិសេសអ្វីយកទៅវាយជាមួយគូប្រកួតដូចការប្រកួតមុនៗឡើយ។ ការវាយតបតទៅលើគូប្រកួតហាក់ស្ថិតក្នុងភាពរញ៉េរញ៉ៃខ្លាំងណាស់ឯកម្លាំងវាយចេញទៀតសោតហាក់មិនសូវធ្ងន់ដូចមុន។ ការវាយចេញបែបនេះធ្វើឱ្យគូប្រកួតបានចិត្តបើកការវាយចេញវិញផ្ទួនៗដោយប្រើកណ្ដាប់ដៃវាយចូលមុខ និងប្រើជើងទាត់ត្រូវចំកញ្ចឹងកទៀតផង ។ បើកុំតែកណ្តាប់ដៃ នឹងទម្ងន់ជើងអាប់ឌុលឡា ដាយឡូ មិនសូវធ្ងន់កុំអីធឿន ធារ៉ា ដួលដេកលើក្ដារសង្វៀនបាត់ទៅហើយ ។
ទោះបីយ៉ាងណា ធឿន ធារ៉ា បានប្រឹងទប់ជំហររបស់ខ្លួននិងបានវាយតបតវិញធ្វើឱ្យការប្រកួតមួយនេះស្ថិតក្នុងសភាពស្វិតស្វាញ និងប្រដំប្រសងគ្នា ទើបនាទីចុងក្រោយធឿន ធារ៉ា ត្រូវចៅក្រមកាត់ក្ដីឱ្យឈ្នះការប្រកួត និងការពារខ្សែក្រវាត់IPCC របស់ខ្លួនបានសម្រេចជាមួយប្រាក់រង្វាន់ដល់ទៅ៤៨លានរៀល ។
ការសម្រេចរបស់ចៅក្រមក៏ទទួលរងនូវការរិះគន់ពីមនុស្សមួយចំនួនថាមិនយុត្តិធម៌ផងដែរ
ដោយសារគេឃើញធឿន ធារ៉ា វាយមិនបានល្អទាល់តែសោះ ។ អ្នកខ្លះថា បើការប្រកួតនេះមិនមែនជាការប្រកួតដណ្ដើម-ការពារខ្សែក្រវាត់ ធឿន ធារ៉ា ប្រាកដជាត្រូវកាត់ក្ដីឱ្យចាញ់អាប់ឌុលឡា ដាយឡូ មិនខាន។
ការវាយមិនបានល្អនេះ ត្រូវបានប្រភពព័ត៌មានដែលអាចយកជាការបានទម្លាយថា ធឿន ធារ៉ា កើតរោគគ្រុនក្ដៅតាំងពីមុនពេលឡើងប្រកួតម្ល៉េះ ។ បើកុំតែខ្លាចខូចកម្មវិធីរបស់អ្នកឧបត្ថម្ភធំ រូបគេនឹងសុំផ្អាកការចូលរួមប្រកួតមិនខាន ។ ការឡើងប្រកួតទាំងខ្លួនមានជំងឺជាមួយអាប់ឌុលឡា ដាយឡូ ដែលជាជើងខ្លាំងលំដាប់អន្តរជាតិមួយនេះគឺជារឿងមិនងាយស្រួលសោះឡើយ ទើបចប់ការប្រកួតភ្លាម ធឿន ធារ៉ា ត្រូវគេសែងឡើងឡានពេទ្យដឹកយកទៅសង្គ្រោះបន្ទាន់ ៕








ចែករំលែកព័តមាននេះ