ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​រាប់​ពាន់​នាក់ ដើរ​ដង្ហែរ​ក្បួន​ទាមទារ​ឱ្យ​ដោះ​លែង​ឪពុក​ខ្សែប្រយុទ្ធ Luis Díaz

1 ឆ្នាំ មុន

កូ​ឡុំ​ប៊ី ៖ ពលរដ្ឋ​រស់នៅ​ទីក្រុង Barrancas ប្រទេស​កូ​ឡុំ​ប៊ី បាន​ដើរ​ដង្ហែរ​ក្បួន ដើម្បី​ទាមទារ​ឱ្យ​មានការ​

កូ​ឡុំ​ប៊ី ៖ ពលរដ្ឋ​រស់នៅ​ទីក្រុង Barrancas ប្រទេស​កូ​ឡុំ​ប៊ី បាន​ដើរ​ដង្ហែរ​ក្បួន ដើម្បី​ទាមទារ​ឱ្យ​មានការ​ដោះ​លែង​ឪពុក​របស់​កីឡាករ​បាល់ទាត់ Luis Díaz ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម​ហង្ស​ក្រហម Liverpool ដែល​ត្រូវ​ក្រុម​ប្រដាប់​អាវុធ​ចាប់ជំរិត កាលពី​ថ្ងៃ​ទី​២៨ ខែតុលា កន្លង​ទៅ​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៣​។

លោក Luis Manuel Díaz និង​ប្រពន្ធ​របស់​គាត់ លោកស្រី Cilenis Marulanda ត្រូវ​បាន​ក្រុម​ប្រដាប់​អាវុធ​ចាប់ជំរិត​។ ទោះ​យ៉ាងណា ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​បាន​ជួយ​សង្គ្រោះ ប៉ុន្តែ​បុរស​ជា​ប្តី​ត្រូវ​ក្រុម​ចាប់ជំរិត​នាំ​ខ្លួន​ចេញ​ទៅ​។ បច្ចុប្បន្ន​អង្គភាព​ប៉ូលិស​ជំនាញ​កំពុង​ស្រាវជ្រាវ​តំបន់​នោះ ដោយ​មាន​ទាំង​ឆ្កែ​ហិតក្លិន​ផង​ដែរ​។

ក្រ​ឡែក​មក​ក្រុម​អ្នក​ដើរ​ដង្ហែរ​ក្បួន​ឯណេះ​វិញ បាន​នាំ​គ្នា​ស្រែក​ពាក្យ​ថា «​សេរីភាព​» និង​នាំ​គ្នា​ពាក់​អាវយឺត​ពណ៌​ស អម​ដោយ​រូប​លោក Luis Manuel Díaz ខណៈ​ដែល​ក្រុម​អ្នក​ទាមទារ​រាប់រយ​នាក់​បាន​ដើរ​កាត់​ពេញទី​ក្រុង Barrancas កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែតុលា កន្លង​ទៅ​។

ខ្សែអាត់​វី​ដេ​អូ​ពី​កាមេរ៉ា​សុវត្ថិភាព CCTV ដែល​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​បង្ហាញ​ពី​ក្រុម​ប្រដាប់​អាវុធ​ជិះ​ម៉ូតូ​តាម​រថយន្ត​របស់​ឪពុក​ម្តាយ​កីឡាករ Luis Díaz មុន​ពេល​ពួក​គាត់​ត្រូវ​បាន​ចាប់ជំរិត នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ​ក្នុង​ទីក្រុង Barrancas ។ លោក​ឧត្តមសេនីយ៍ Nicolás Zapata អគ្គស្នងការ​រង​ប៉ូលិស​កូ​ឡុំ​ប៊ី បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា នៅ​ពេល​មានរឿង​បែប​នេះ​កើតឡើង មិនមែន​កើតឡើង​ដោយ​ឯកឯង​ទេ គឺ​មាន​ផែនការ​ច្បាស់លាស់​ទុកជា​មុន​»​។ បច្ចុប្បន្ន​អាជ្ញាធរ​កូ​ឡុំ​ប៊ី​បាន​បង្កើន​ការ​ស្វែងរក​ជន​រង​គ្រោះ ដោយ​មានការ​ចូលរួម​ពី​យោធា​ផង​ដែរ​។

សូម​ជម្រាប​ថា ទីក្រុង Barrancas នៃ​ខេត្ត La Guajira ភាគ​ខាងជើង​ប្រទេស​កូ​ឡុំ​ប៊ី គឺជា​តំបន់​ប្រតិបត្តិការ​ក្រុម​ទ័ពព្រៃ និង​ក្រុម​ប្រដាប់​អាវុធ​ជា​ច្រើន​កំ​បុ​ង​បង្កប់ខ្លួន​នៅ​ទីនោះ ខណៈ​ដែល​ប៉ូលិស និង​ទាហាន​កំពុង​ផ្តោត​លើ​ការ​ស្វែងរក​របស់​ពួក​គេ​នៅ​លើ​ភ្នំ Perijá ដែល​ជា​ព្រៃ​ក្រាស់​ជាប់​ព្រំដែន​កូ​ឡុំ​ប៊ី​-​វេ​នេ​ហ្ស៊ុ​យ​ឡា​។

អង្គភាព​ប៉ូលិស​កំពុង​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ និង​យន្តហោះ​បំពាក់​ដោយ​កាមេរ៉ា​ស្វែងរក ដើម្បី​ហោះហើរ​លើ​ព្រៃ​។ ពួក​គេ​ក៏​បាន​ទម្លាក់​ខិត្តប័ណ្ណ​មាន​រូបថត​លោក Luis Manuel Díaz និង​ការ​ផ្តល់​ជូន​ប្រាក់​រង្វាន់​៥​ម៉ឺន​ដុល្លារ សម្រាប់​ព័ត៌មាន​អំពី​កន្លែង​លោក Luis Manuel Díaz ត្រូវ​បាន​លាក់ខ្លួន​។

ទន្ទឹម​ជាមួយ​គ្នា​នោះ ប៉ូលិស​បាន​អះអាង​ថា ពួក​គេ​បាន​កំណត់​អត្តសញ្ញាណ​បុគ្គល​មួយ​ចំនួន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចាប់ជំរិត ប៉ុន្តែ​មិន​បាន​និយាយ​ថា ពួក​គេ​ជា​នរណា​នៅឡើយ​នោះ​ទេ​។ យ៉ាងណា​ក៏​ដោយ ប៉ូលិស​គ្រាន់តែ​បង្ហើប​ថា លោក Luis Manuel Díaz ទំនង​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ក្រុម​ឧក្រិដ្ឋជន​ជាង​ក្រុម​ទ័ពព្រៃ ដោយសារ​តែ​ក្រុម​ក្មេង​ទំនើង​មួយ​ចំនួន កំពុង​ធ្វើ​សកម្មភាព​រត់ពន្ធ ជំរិត​ទារប្រាក់ និង​ការ​ជួញដូរ​មនុស្ស​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​កូ​ឡុំ​ប៊ី និង​វេ​នេ​ហ្ស៊ុ​យ​ឡា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ