ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ាក់​គី​អៅ ពិចារណា​វិល​ឡើង​សង្វៀន​អាជីព​វិញ ក្រោយ​ឃ្លាតឆ្ងាយ​អស់​ពេល​ជិត​៤​ឆ្នាំ

3 អាទិត្យ មុន

ប្រទេស​ហ្វី​លី​ពី​ន ៖ ស្តេច​ប្រដាល់​ហ្វី​លី​ពី​ន ម៉ា​នី ប៉ាក់​គី​អៅ (Manny Pacquiao) នឹង​ពិចារណា​វិល​ឡើង​សង្វៀន​អាជីព​វិញ ពោល​ក្រោយ​ការ​បោះ​ឆ្នោត​ពាក់កណ្តាល​អាណត្តិ​ជ្រើសរើស​សមាជិក​ស្ថាប័ន​នីតិ​ប​ញ្ញ​តិ្ត​នៅ​ហ្វី​លី​ពី​ន ថ្ងៃ​ទី​១២…

ប្រទេស​ហ្វី​លី​ពី​ន ៖ ស្តេច​ប្រដាល់​ហ្វី​លី​ពី​ន ម៉ា​នី ប៉ាក់​គី​អៅ (Manny Pacquiao) នឹង​ពិចារណា​វិល​ឡើង​សង្វៀន​អាជីព​វិញ ពោល​ក្រោយ​ការ​បោះ​ឆ្នោត​ពាក់កណ្តាល​អាណត្តិ​ជ្រើសរើស​សមាជិក​ស្ថាប័ន​នីតិ​ប​ញ្ញ​តិ្ត​នៅ​ហ្វី​លី​ពី​ន ថ្ងៃ​ទី​១២ ខែឧសភា ខាង​មុខ​នេះ​។ នេះ​បើ​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​ទីប្រឹក្សា និង​ជា​ប្រធាន​ក្រុមហ៊ុន​ផ្សព្វផ្សាយ​របស់​ប៉ាក់​គី​អៅ ផ្ទាល់​។

ម៉ា​នី ប៉ាក់​គី​អៅ វ័យ​៤៦​ឆ្នាំ ដែល​ជា​អ្នក​ប្រដាល់សកល​តែ​ម្នាក់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក​លើ​៨​ប្រភេទ​ទម្ងន់​ផ្សេង​គ្នា និង​ជា​អ្នក​ប្រដាល់​តែ​ម្នាក់​គត់​ដែល​កាន់កាប់​ខ្សែក្រវាត់​ពិភពលោក​យូរ​ជាងគេ​ក្នុង​រយៈពេល​៤​ទសវត្សរ៍​នោះ បាន​ចូល​និវត្តន៍​កាលពី​ឆ្នាំ ២០២១ ពោល​អវត្តមាន​ពី​សង្វៀន​អាជីព​អស់​ពេល​ជិត​៤​ឆ្នាំ ចាប់តាំងពី​ការ​ចាញ់​ចុង​ក្រោយ ក្រោម​ស្នាដៃ​អ្នក​ប្រដាល់​សញ្ជាតិ​អា​មេ​រិ​ក Yordenis Ugás កាលពី​ខែសីហា ឆ្នាំ​២០២១ ប៉ុន្តែ​ជា​បន្តបន្ទាប់​លោក​តែងតែ​ទទួល​បាន​សំណើ​ពី​ការ​ប្រកួត​ធំ​ៗ​ជា​ច្រើន ចាប់តាំងពី​ពេល​នោះ​មក​។

ប៉ាក់​គី​អៅ ត្រូវ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ខ្លាំង​ទៅ​នឹង​ការ​ប៉ះ​គ្នា​ជាមួយ​អ្នក​ប្រដាល់​ឆ្នើម​សញ្ជាតិ​អា​មេ​រិ​ក Mario Barrios ដោយ​ប៉ាក់​គី​អៅ​ផ្ទាល់​ធ្លាប់​បាន​ថ្លែង​ថា លោក​កំពុង​ពិភាក្សា​លើ​កិច្ចព្រមព្រៀង​ដើម្បី​ប្រកួត​ជាមួយ​កីឡាករ​វ័យ​២៩​ឆ្នាំ Mario Barrios ដណ្តើម​ខ្សែក្រវាត់​ពិភពលោក WBC welterweight ហើយ​បើ​ការ​ពិភាក្សា​សម្រេច​ចេញ​ជា​ផ្លែផ្កា ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ចុងឆ្នាំ ២០២៤ ប៉ុន្តែ​អ្វី​ៗ​មិន​បាន​សម្រេច​រហូត​មក​ទល់​ពេល​នេះ​។

ចាប់តាំងពី​ចូល​និវត្តន៍​រហូត​មក​ទល់​ពេល​នេះ ប៉ាក់​គី​អៅ បាន​ឡើង​សង្វៀន​ប្រកួត​ចំនួន​២​លើក ដែល​ជា​ការ​ប្រកួត​មិន​អាជីព​។ លើក​ទី​១ បាន​ឈ្នះ​គ្រូ​ក្បាច់គុន​ជនជាតិ​កូរ៉េ​ខាងត្បូង កាលពី​ខែធ្នូ ឆ្នាំ​២០២២ មុន​ពេល​ឈ្នះ​ស្មើ​ការ​ប្រកួត​ជាមួយ​កីឡាករ​ឃី​ក​បុក​ស៊ី​ង (Kickboxing) និង​ជា​អ្នកលេង​គុន​ចម្រុះ​ជនជាតិ​ជប៉ុន Rukiya Anpo កាលពី​ខែកក្កដា ឆ្នាំ​២០២៤​។

យ៉ាងណាមិញ លោក Sean Gibbons ទីប្រឹក្សា និង​ជា​ប្រធាន​ក្រុមហ៊ុន​ផ្សព្វផ្សាយ​របស់​ប៉ាក់​គី​អៅ បាន​ប្រាប់​ទស្សនាវដ្តី The Ring កាលពី​ថ្មី​ៗ​នេះ​ថា ស្តេច​ប្រដាល់​ហ្វី​លី​ពី​ន​នឹង​ពិចារណា​ឡើង​វិញ​នូវ​អាជីព​ប្រដាល់​របស់​លោក ហើយ​លទ្ធផល​ជម្រើស​នឹង​កើតឡើង​នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ហ្វី​លី​ពី​ន​បញ្ចប់​។ លោក Gibbons បាន​ថ្លែង​ថា «​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​១២ ខែឧសភា ប្រសិនបើ​ប៉ាក់​គី​អៅ ក្លាយជា​សមាជិក​ព្រឹទ្ធសភា​សម្រាប់​អាណត្តិ​ទី​ពីរ នោះ​គាត់​នឹង​សម្រេចចិត្ត​ថា តើ​គាត់​ចង់​ត្រឡប់​មក​កាន់ការ​ប្រដាល់​អាជីព​ម្តងទៀត​ឬ​អត់? ខ្ញុំ​ប្រាថ្នា​ចង់​មាន​ច្រើន​ជាង​នេះ ប៉ុន្តែ​ប៉ាក់​គី​អៅ​ស្ថិត​ក្នុង​ការ​ប្រកួតប្រជែង​ដ៏​តឹងតែង ហើយ​រឿង​ចុង​ក្រោយ​ដែល​គាត់​មាន​ក្នុង​ការ​គិត​នៅ​ពេល​នេះ​គឺ​ការ​ប្រដាល់​»​។

លោក Gibbons បាន​លើក​ឡើង​កាលពី​ឆ្នាំ​មុន​ថា ការ​ប្រកួត​ជាមួយ Barrios គឺជា​ការ​ប្រកួត​ដែល​ប៉ាក់​គី​អៅ​អាច​យកឈ្នះ​បាន និង​ជា​ការ​ប្រកួត​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​គាត់ លោក​បាន​បន្ថែម​ថា ប៉ាក់​គី​អៅ​អាច​ប្រដាល់​រហូត​ដល់​គាត់​មាន​អាយុ​៥០​ឆ្នាំ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ