រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានបង្ហាញមោទនភាពយ៉ាងខ្លាំងក្នុងការរៀបចំការប្រកួតជើងឯកថ្នាក់ជាតិដោយសារមើលឃើញសន្ទុះស្រឡាញ់ចូលចិត្តកីឡាមួយនេះពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងខ្លាំង។ ជាក់ស្ដែង គេឃើញអត្តពលិកកីឡាជឺជីតស៊ូបានដាក់ពាក្យចូលរួមប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ មានចំនួនច្រើនជាងឆ្នាំមុន។
លោក ថោង បញ្ញាធន ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្នប្រភេទកីឡាជឺជីតស៊ូកំពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន ដែលជាហេតុធ្វើឱ្យវិស័យកីឡាប្រយុទ្ធមួយនេះមានសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ។ ជាក់ស្ដែងគេសង្កេតឃើញថាការប្រកួតជើងឯកថ្នាក់ជាតិលើកនេះ ចំនួនក្លិប និងកីឡាករ កីឡាការិនីមានការកើនឡើងខ្លាំង។
យោងតាមរបាយការណ៍របស់គណៈកម្មការរៀបចំការប្រកួតបានឱ្យដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិលើកទី១កាលពីឆ្នាំ២០២២ មានអត្តពលិកចូលរួមត្រឹមតែ៦៥នាក់ប៉ុណ្ណោះ និងមានក្លិបត្រឹមតែ៧គត់។ ដោយសារកាលណោះមិនសូវមានអ្នកចាប់អារម្មណ៍និងមិនសូវស្គាល់កីឡាប្រភេទនេះបានច្បាស់នៅឡើយ។ ដល់ការប្រកួតជើងឯកថ្នាក់ជាតិលើកទី២នៅឆ្នាំ២០២៣ បានកើនឡើងដល់ចំនួន១២១នាក់មានក្លិបចំនួន១៤ចូលរួម។ ឈានមកដល់ការប្រកួតជើងឯកថ្នាក់ជាតិលើកទី៣ឆ្នាំ២០២៤ មានកីឡាករ កីឡាការិនីចូលរួម១២៣នាក់ ប៉ុន្តែចំនួនក្លិបបានធ្លាក់ចុះមកនៅត្រឹម១២ក្លិប។
ដោយឡែកមកដល់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី៤ឆ្នាំ២០២៥សន្ទុះនៃអត្តពលិកចូលរួមកើនឡើងយ៉ាងគំហុកមានរហូតដល់ទៅ២៣០នាក់ និងមានរហូតដល់ទៅ១៨ក្លិបមកពីតាមរាជធានី-ខេត្តចូលរួម។ កត្តាទាំងនេះបានបង្ហាញឱ្យឃើញថា កីឡាជឺជីតស៊ូកម្ពុជាកាន់តែមានការរីកចម្រើនខ្លាំង ទាំងកីឡាករខ្មែរនិងបរទេសមានការចាប់អារម្មណ៍ច្រើន។
លោក សំអុន បូរមី អគ្គលេខាធិការសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានលើកឡើងថា ការប្រកួតជើងឯកថ្នាក់ជាតិ លើកទី៤ ឆ្នាំ២០២៥ នេះគឺមានសន្ទុះនៃការគាំទ្រច្រើនពីបណ្ដាកីឡាករ កីឡាការិនី និងក្លិបផ្សេងៗនៅកម្ពុជាមានរហូតជាង២០០នាក់ឯណោះ ។ ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនអ្នកចូលរួមមានការកើនឡើងជាបន្តបន្ទាប់ដែលបង្ហាញពីភាពរីកចម្រើន និងការចាប់អារម្មណ៍ខ្លាំងពីសាធារណជន។
លោក សំអុន បូរមី បន្ថែមទៀតថា ការប្រកួតថ្នាក់ជាតិនៅឆ្នាំក្រោយអាចនឹងរៀបចំនៅ
ឯខេត្តសៀមរាបវិញម្ដង ដើម្បីចូលរួមផ្សព្វផ្សាយពីខេត្តតំបន់ទេសចរណ៍នៅទីនោះផង និងជាការ
ផ្លាស់ប្ដូរបរិយាកាសថ្មីរួមទាំងជាការផ្សព្វផ្សាយទៅដល់ក្រុមជឺជីតស៊ូទាំងខ្មែរ-បរទេសផងដែរ។
គួរបញ្ជាក់ផងដែរថា សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានបិទបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិ លើកទី៤ ឆ្នាំ២០២៥ របស់ខ្លួនហើយកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្រោយរៀបចំអស់រយៈពេល២ថ្ងៃកន្លងទៅនេះ ៕





ចែករំលែកព័តមាននេះ