លោក ត្រាំ ជំរុញអូស្ត្រាលីផ្តល់សិទ្ធិជ្រកកោនដល់ក្រុមបាល់ទាត់នារីអ៊ីរ៉ង់ ដែលប្រឈមគ្រោះថ្នា.ក់ពេលត្រឡប់ទៅប្រទេសកំណើត
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃទី៩ ខែមីនា…
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃទី៩ ខែមីនា…
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានជំរុញឱ្យប្រទេសអូស្ត្រាលីផ្តល់សិទ្ធិជ្រកកោនដល់ក្រុមបាល់ទាត់ជម្រើសជាតិនារីអ៊ីរ៉ង់ ដោយលោកបាននិយាយថា សហរដ្ឋអាមេរិកនឹងផ្តល់សិទ្ធិជ្រកកោនដល់ពួកគេ ប្រសិនបើអូស្ត្រាលីមិនធ្វើដូច្នេះ។
ការលើកឡើងរបស់លោក ត្រាំ កើតឡើងក្រោយមានការភ័យខ្លាចថា ក្រុមនារីអ៊ីរ៉ង់អាចប្រឈមមុខនឹងការបៀតបៀន ឬគ្រោះថ្នាក់អាយុជីវីតដោយប្រការណាមួយ បើពួកគេវិលត្រឡប់ទៅប្រទេសកំណើតវិញ។ ការព្រួយបារម្ភនេះ កើតឡើងបន្ទាប់ពីពួកគេបដិសេធច្រៀងចម្រៀងភ្លេងជាតិ មុនការប្រកួតដំបូងរបស់ពួកគេទល់នឹងកូរ៉េខាងត្បូង កាលពីថ្ងៃទី២ ខែមីនា កន្លងទៅ នៅក្នុងពូល A ពានរង្វាន់ Asian Cup ឆ្នាំ ២០២៦ ដែលអូស្ត្រាលីធ្វើជាម្ចាស់ផ្ទះ។
ការវិលត្រឡប់ទៅប្រទេសកំណើតវិញរបស់ក្រុមនារីអ៊ីរ៉ង់នឹងធ្វើឡើងភ្លាមៗ បន្ទាប់ពីក្រុមបានធ្លាក់ចេញពីពានរង្វាន់ Asian Cup ឆ្នាំ ២០២៦ ក្រោយចាញ់ហ្វីលីពីននៅប្រកួតទី៣ កាលពីថ្ងៃទី៨ ខែមីនា កន្លងទៅ។ ប៉ុន្តែបើតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា កីឡាការិនីទាំងអស់នៅតែស្ថិតក្នុងប្រទេសអូស្ត្រាលីនៅឡើយ។
របាយការណ៍ចុងក្រោយកាលពីថ្ងៃទី៩ ខែមីនា បានឱ្យដឹងថា ប៉ូលិសសហព័ន្ធអូស្ត្រាលីបានជួយសមាជិកចំនួន៥នាក់នៃក្រុមនារីអ៊ីរ៉ង់ចាកចេញពីកន្លែងស្នាក់នៅក្រុម ទៅកាន់ផ្ទះសុវត្ថិភាពមួយ។ រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី លោក តូនី ប៊ើក (Tony Burke) បានថ្លែងថា ស្ត្រីអ៊ីរ៉ង់ទាំងនោះត្រូវបានប៉ូលិសអូស្ត្រាលីផ្លាស់ប្តូរទៅកាន់ទីតាំងសុវត្ថិភាព។ លោកបន្តថា សមាជិកក្រុមផ្សេងទៀត ក៏ត្រូវបានប្រាប់ថា ពួកគេត្រូវបានស្វាគមន៍ឱ្យបន្តស្នាក់នៅក្នុងប្រទេសអូស្ត្រាលី។
លោក ត្រាំ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានដាក់សម្ពាធលើរដ្ឋាភិបាលអូស្ត្រាលីឱ្យផ្តល់សិទ្ធិជ្រកកោនដល់ក្រុមនារីអ៊ីរ៉ង់ទាំងអស់។ លោកបានសរសេរនៅលើ Truth Social ថា «ប្រទេសអូស្ត្រាលីកំពុងធ្វើកំហុសមនុស្សធម៌ដ៏គួរឱ្យភ័យខ្លាចមួយ ដោយអនុញ្ញាតឱ្យក្រុមបាល់ទាត់នារីជម្រើសជាតិអ៊ីរ៉ង់ត្រូវបានបង្ខំឱ្យត្រឡប់ទៅប្រទេសអ៊ីរ៉ង់វិញ ជាកន្លែងដែលពួកគេទំនងជាត្រូវបានប្រហារជីវិត។ កុំធ្វើដូច្នោះអី លោកនាយករដ្ឋមន្ត្រី (អូស្ត្រាលី) សូមផ្តល់សិទ្ធិជ្រកកោនដល់ពួកគេ»។ សំណេរនោះបានបន្តថា «សហរដ្ឋអាមេរិកនឹងទទួលយកពួកគេប្រសិនបើអ្នក (អូស្ត្រាលី) មិនព្រមធ្វើដូច្នោះ។ សូមអរគុណចំពោះការយកចិត្តទុកដាក់របស់អ្នកចំពោះបញ្ហានេះ»។
រឿងនេះបានជំរុញឱ្យមានការរិះគន់នៅក្នុងប្រទេសអ៊ីរ៉ង់ ដោយអ្នកអត្ថាធិប្បាយអភិរក្សនិយមម្នាក់បានចោទប្រកាន់ក្រុមនារីអ៊ីរ៉ង់ថា ជនក្បត់ជាតិសម័យសង្គ្រាម និងជំរុញឱ្យមានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើពួកគេ។
សូមជម្រាបជូនថា កម្មវិធីទិដ្ឋាការមនុស្សធម៌របស់ប្រទេសអូស្ត្រាលី ផ្តល់ការការពារជាអចិន្ត្រៃយ៍ដល់បណ្តាជនភៀសខ្លួន និងប្រជាជនដែលមានតម្រូវការមនុស្សធម៌ ដោយអ្នកកាន់ទិដ្ឋាការនេះ អាចរស់នៅ ធ្វើការ និងសិក្សានៅក្នុងប្រទេសអូស្ត្រាលី៕ ប្រភព ៖ ESPN, BBC, Reuters និង Independent


ចែករំលែកព័តមាននេះ