រាជធានីភ្នំពេញ ៖ កម្មវិធីរត់ប្រណាំង«១ម៉ឺនជំហានដើម្បីសិស្ស១ម៉ឺននាក់»ក្រោមប្រធានបទ«រត់ ដើរដើម្បីលើកកម្ពស់ការអាន និងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន(ស.ស.រ)»ក្រោមកិច្ចសហការគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា គ្រោងបើកដំណើរការលើកដំបូងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ខាងមុខនេះ រំពឹងមានអ្នកចុះឈ្មោះចូលរួមចាប់ពី២ពាន់ដល់៣ពាន់នាក់។
នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី២០ ខែមេសា ឯកឧត្តមវ៉ាត់ ចំរើនរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡានិងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីរត់ប្រណាំងដែលមានឈ្មោះថា«១ម៉ឺនជំហានដើម្បីសិស្ស១ម៉ឺននាក់»គឺជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយដំបូងបង្អស់នៅកម្ពុជា ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងអប់រំ យុវជន និងកីឡា ដែលមានឯកឧត្តម
បណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
ឯកឧត្តមវ៉ាត់ ចំរើន បន្តថា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍ផ្ដាំផ្ញើថា ការអានគឺជាមូលដ្ឋានគ្រឹះសំខាន់នៃការអប់រំប្រកបដោយគុណភាព ដើម្បីការកសាងធនធានមនុស្ស និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ។
យុទ្ធនាការនេះ ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នាមួយដ៏សំខាន់ និងមានឥទ្ធិពលវិជ្ជមានក្នុងគោលដៅអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ច និងសង្គមជាតិទាំងមូល ។ ទន្ទឹមគ្នានេះឯកឧត្តមក៏បានអំពាវនាវឱ្យមានការចូលរួមគាំទ្រកម្មវិធីមួយនេះដែលជាយុទ្ធនាការសង្គមមួយសំខាន់ក្នុងស្មារតីលើកកម្ពស់ការអាន បណ្ដុះទម្លាប់អាន ការសិក្សាស្រាវជ្រាវ និងការបង្កើតវប្បធម៌អានដើម្បីឱ្យការអានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ។
ឯកឧត្តម វ៉ាត់ ចំរើន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមឱ្យបានច្រើន ខណៈគិតមកត្រឹមថ្ងៃនេះ ការចុះឈ្មោះបានជាង៥០០នាក់ហើយ។
លោក សែម ផល្លា នាយកបច្ចេកទេសគណៈកម្មការម៉ារ៉ាតុង ក៏បានសំណូមពរទៅដល់អ្នកសារព័ត៌មានជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ ខណៈទីតាំងដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ខាងមុខនេះ គឺស្ថិតនៅកោះនរា និងកោះពេជ្រ ៕

ចែករំលែកព័តមាននេះ