រាជធានីភ្នំពេញ ៖ កម្មវិធីរត់ប្រណាំង ដែលមានឈ្មោះថា «១ម៉ីនជំហាន ដើម្បីសិស្ស១ម៉ីននាក់» និងក្រោមប្រធានបទ «រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ)» ក្រោមកិច្ចសហការគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា គ្រោងនិងដំណើរលើកដំបូងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ខាងមុខនេះហើយ។ ទន្ទឹមជាមួយគ្នានេះដែរ គេរំពឹងថា នឹងមានអ្នកចុះឈ្មោះរត់ចាប់ពី២ពាន់ ដល់៣ពាន់នាក់ ។
នៅក្នងសន្និសិទសារព័ត៌មាន ដែលបានធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី២០ ខែមេសា ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ឱ្យបានដឹងថា កម្មវិធីរត់ប្រណាំង ដែលមានឈ្មោះថា ១ម៉ីនជំហាន ដើម្បីសិស្ស១ម៉ីននាក់ កឺជាផ្នែកមួយ នៃយុទ្ធនាការផ្សព្វផ្សាយដំបូងបង្អស់នៅកម្ពុជា ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងអប់រំ យុវជន និងកីឡា ។
ឯកឧត្តម ក៏បានមានប្រសាសន៍ឱ្យដឹងទៀតថា កម្មវិធីនេះទទួលបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ហើយឯកបណ្ឌិសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍ផ្ដាំផ្ញើថា ការអានគឺជាមូលដ្ឋានគ្រឹះសំខាន់ នៃការអប់រំប្រកបដោយគុណភាព ដើម្បីការកសាងធនធានមនុស្ស និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានឱ្យដឹងទៀតថា យុទ្ធនាការនេះ ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នា មួយដ៏សំខាន់ និងមានឥទ្ធិពលវិជ្ជមានក្នុងគោលដៅអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ច និងសង្គមជាតិទាំងមូល ។
ទន្ទឹមជាមួយគ្នានេះដែរ ឯកឧត្តមក៏បានអំពាវនាវឱ្យមានការចូលរួម គាំទ្រកម្មវិធី រត់ ដើរ ដើម្បីលើកម្ពស់ការអាន និងសារមន្ទីរ ស.ស.រ ដែលជាយុទ្ធនាការសង្គមមួយសំខាន់ ក្នុងស្មារតីលើកកម្ពស់ការអានបណ្ដុះទម្លាប់អាន ការសិក្សាស្រាវជ្រាវ និងការបង្កើតវប្បធម៌អាន ដើម្បីឱ្យការអាន ក្លាយជាផ្នែកមួយ នៃជីវិតប្រចាំថ្ងៃ ។
ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ឱ្យដឹងទៀតថា នេះជាទំព័រប្រវត្តិសាស្ត្រថ្មី ដែលក្រសួងអប់រំ យុវជន និងកីឡា បានរួមសហការជាមួយដៃគូសំខាន់ក្នុងការរៀបចំឱ្យព្រឹត្តិការណ៍ ១ម៉ីនជំហាន ដើម្បីសិស្ស១ម៉ឺននាក់ ក្រោមប្រធានបទ រត់ ដើរ ដើម្បីលើកកម្ពស់ការអាន។
ឯកឧត្តបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមឱ្យបានច្រើន ។ គិតមកត្រឹមថ្ងៃនេះការចុះឈ្មោះបានជាង៥០០នាក់ហើយ ប៉ុន្តែអ្វីដែលជាការរំពឹងទុក ចំនួនអ្នកចូលរួមអាចចាប់ពី២០០០នាក់ ដល់៣០០០នាក់ ។
លោក សែម ផល្លា នាយកបច្ចេកទេសគណៈកម្មការម៉ារ៉ាតង់ សំណូមពរទៅដល់បងប្អូនអ្នកសារព័ត៏មានជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ ខណៈទីតាំង ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភាខាងមុខនេះ គឺស្ថិតនៅកោះនរា និងកោះពេជ្រ ៕


ចែករំលែកព័តមាននេះ