រាជធានីភ្នំពេញ ៖ កម្ពុជាបានសម្រេចបញ្ជូនអត្តពលិក ចំនួន៤ប្រភេទកីឡា ដែលមានជឺជីតស៊ូ ទ្រីអាត្លុង បាល់ទាត់លើតុ និងចំបាប់ ចូលរួមព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់ ជើងឯកអាស៊ី ឆ្នាំ២០២៦ នៅក្រុង Sanya នៃសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែមេសា ។
ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ឱ្យដឹងនៅក្នុងការចេញដំណើរកាលពីព្រឹកថ្ងៃទី២១ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ថា នេះជាលើកទី៦ហើយ ដែលក្រុមអត្តពលិកជម្រើសជាតិកម្ពុជា បានចូលរួមព្រឹត្តិការណ៍លើឆ្នេរខ្សាច់។ អ្វីដែលខុសប្លែកពីលើកមុនៗ គឺការចូលរួមឆ្នាំនេះ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចបញ្ជូនអត្តពលិកតែ ៤ប្រភេទកីឡាប៉ុណ្ណោះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយចំណាយ។ ឯកឧត្ដមសង្ឃឹមថា កម្ពុជានឹងអាចទទួលបានលទ្ធផល ជាទីគាប់ចិត្តវិលត្រលប់មកមាតុភូមិវិញ ។
ឯកឧត្ដម វ៉ាត់ ចំរើន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្ដល់ឱកាសដល់ក្រុមអត្តពលិកចូលរួមប្រកួត ទោះបីកាលៈទេសៈសេដ្ឋកិច្ចសកល មិនសូវអំណោយផល ដើម្បីរក្សាបាននូវសិទ្ធិជាសមាជិកភាពរបស់ចលនាអូឡាំពិកអាស៊ី ហើយក៏នឹងពិនិត្យលទ្ធភាពក្នុងការចូលរួមនៅ៤ឆ្នាំទៀត នៅក្រុង Cebu ប្រទេសហ្វីលីពីន ។
សូមរំឭកថា ក្នុងការចូលរួមលើកចុងក្រោយបង្អស់ កម្ពុជាទទួលបានមេដាយមាស៦គ្រឿង ប្រាក់៦គ្រឿង និងសំរឹទ្ធ៩គ្រឿងពីព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់ជើងឯកអាស៊ី កាលពីឆ្នាំ២០១៦ ដែលពេលនោះបានប្រព្រឹត្តទៅនៅក្រុង Da Nang ប្រទេសវៀតណាម ៕



ចែករំលែកព័តមាននេះ