ប្រទេសវៀតណាម ៖ ឯកឧត្តមខូវ ឆាយអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិតំណាងឯកឧត្តមវ៉ាត់ ចំរើន ប្រធានសហព័ន្ធ កាលពីថ្ងៃទី១២ ខែមីនា បានចូលរួមជាសក្ខីភាពក្នុងការចុះអនុស្សរណៈយោគយល់ដ៏សំខាន់មួយនៅទីក្រុងហូជីមីញ ប្រទេសវៀតណាមដើម្បីពង្រឹងការអភិវឌ្ឍកីឡាប្រដាល់គុនខ្មែរនៅក្នុងតំបន់និងឆាកអន្តរជាតិ។
ក្នុងនាមឯកឧត្តមជាតំណាងឱ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ បានចុះអនុស្សរណៈយោគយល់ជាមួយតំណាងសហព័ន្ធប្រដាល់គុនខ្មែរអន្តរជាតិប្រចាំប្រទេសវៀតណាម តំណាងដោយលោក Ho Thanh Liem ក្នុងការផ្ដល់សិទ្ធិដល់សហព័ន្ធគុនខ្មែរអន្តរជាតិប្រចាំប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី១ឆ្នាំ២០២៦( The 1st Kunkhmer Asian Championship)ដែលគ្រោងប្រព្រឹត្តិទៅនៅថ្ងៃទី៥ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តកឹងថី ប្រទេសវៀតណាម។
ទន្ទឹមជាមួយគ្នានេះដែរ ឯកឧត្តមខូវ ឆាយ ក៏បានចុះអនុស្សរណៈជាមួយក្រុមហ៊ុនបណ្ដាញព័ត៌មានកីឡាប្រយុទ្ធអន្តរជាតិដ៏ល្បីប្រចាំប្រទេសវៀតណាមSearike Networkដើម្បីពង្រឹងនិងពង្រីកការផ្សព្វផ្សាយនិងការឧបត្ថម្ភគាំទ្រផ្នែកថវិកាលើការចំណាយផ្នែកប្រព័ន្ធផ្សព្វផ្សាយ សម្រាប់រាល់ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរនៅទូទាំងប្រទេសវៀតណាម ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនៅលើឆាកអន្តរជាតិ។
បន្ទាប់ពីបានធ្វើជាសក្ខីភាពក្នុងការចុះអនុស្សរណៈយោគយល់ទ្វេភាគីជាមួយប្រទេសវៀត
ណាមរួចមក ភាគីទាំងពីរបានឯកភាពក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកម្រិតអន្តរជាតិរៀងរាល់៣ខែម្ដង នៅលើសង្វៀនដែលមានកម្រិតអន្តរជាតិThe Grand Ho Tram ក្នុងខេត្តវុងតាវ ប្រទេសវៀតណាម ដែលនឹងបង្កើតវេទិកាកម្រិតអន្តរជាតិមួយសម្រាប់កីឡាករប្រដាល់គុនខ្មែរកម្ពុជានិងកីឡាករមកពីបណ្ដាប្រទេសនានានៅលើសកលលោក មកចូលរួមប្រកួតបង្ហាញសមត្ថភាពនិងផ្សព្វផ្សាយគុនខ្មែរ។
ឯកឧត្តមខូវ ឆាយ បានបន្តឱ្យដឹងទៀតថាការចុះអនុស្សរណៈនេះគឺជាជំហានដ៏សំខាន់មួយក្នុងការពង្រីកឥទ្ធិពលនិងការទទួលស្គាល់គុនខ្មែរជាកីឡាប្រយុទ្ធអត្តសញ្ញាណរបស់ជាតិខ្មែរឱ្យកាន់តែទូលំទូលាយនៅក្នុងតំបន់និងលើពិភពលោក ។ សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ នឹងបន្តសហការជាមួយបណ្ដាប្រទេសជាសមាជិកនិងដៃគូអន្តរជាតិនានា ដើម្បីជំរុញការអភិវឌ្ឍ ការរៀបចំព្រឹត្តិការណ៍ និងការផ្សព្វផ្សាយគុនខ្មែរឱ្យក្លាយជាកីឡាប្រយុទ្ធដ៏ល្បីល្បាញនៅលើឆាកអន្តរជាតិ ៕



ចែករំលែកព័តមាននេះ