ប្រទេសអ៊ីរ៉ាក់ ៖ ហេតុការណ៍អសន្តិសុខមួយបានកើតឡើងបណ្តាលឱ្យការប្រកួតរវាងក្រុម Erbil និង Al Minaa នៅក្នុងលីគកំពូលរបស់ប្រទេសអ៊ីរ៉ាក់ (Iraq Stars League) ត្រូវបានផ្អាកអស់រយៈពេលជិត១ម៉ោង មុនពេលបញ្ចប់ការប្រកួតដផោយក្រុមម្ចាស់ផ្ទះយកឈ្នះដោយលទ្ធផល ៣-២ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ចំពេលសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ារវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីស្រាអែលជាមួយនឹងប្រទេសអ៊ីរ៉ង់ឡើងកម្តៅកាន់ខ្លាំង។
ខណៈពេលដែលការប្រកួតកំពុងដំណើរការនៅកីឡដ្ឋាន Franso Hariri នៅក្នុងទីក្រុង Erbil មនុស្សជាច្រើនបានឃើញបណ្តាមីស៊ីលហោះជ្រែកមេឃពីលើតំបន់ក្បែរនោះ។ ហើយភ្លាមៗ អាជ្ញាកណ្តាលបានសម្រេចបញ្ឈប់ការប្រកួត ដើម្បីធានាសុវត្ថិភាពអ្នកគ្រប់គ្នា។ កីឡាករមកពីក្រុមទាំងពីរត្រូវបានឱ្យចាកចេញពីទីលាន ខណៈកម្លាំងសន្តិសុខបានត្រួតពិនិត្យតំបន់ជុំវិញនោះ។ ប៉ុន្តែរូបភាព និងវីដេអូដែលចែកចាយលើបណ្តាញទំនាក់ទំនងសង្គមបានបង្ហាញឱ្ជឃើញថា អ្នកមានវត្តមានលើទីលានហាក់ដូចជាគ្មានការភិតភ័យស្លន់ស្លោខ្លាំងពេកនោះទេ។
ជាធម្មតាអំឡុងពេលបុណ្យរ៉ាម៉ាឌន (Ramadan) បណ្តាការប្រកួតនៅតំបន់មជ្ឈិមបូព៌ា ត្រូវបានផ្អាកបន្តិច ដើម្បីអនុញ្ញាតឱ្យកីឡាករកាន់សាសនាអ៊ិស្លាមស្រាយបួស បន្ទាប់ពីថ្ងៃលិច។ ទោះយ៉ាងណាក៏ដោយ លើកនេះការរំខានបានកើតចេញពីការព្រួយបារម្ភអំពីសន្តិសុខ ដោយសារតែការបាញ់មីស៊ីលជាបន្តបន្ទាប់នៅក្នុងតំបន់។
យ៉ាងណាមិញ បន្ទាប់ពីការរង់ចាំប្រហែល ៤៥ នាទី អាជ្ញាធរបានបញ្ជាក់ថា កម្រិតគ្រោះថ្នាក់ត្រូវបានដក ហើយការប្រកួតក៏ត្រូវបានអនុញ្ញាតឱ្យបន្តពីនាទីដែលផ្អាកដោយសារការរំខាន។ នៅពេលដែលការប្រកួតចាប់ផ្តើមម្តងទៀត សកម្មភាពនៅលើទីលានរវាងក្រុមកាន់តែមានភាពរស់រវើក និងជក់ចិត្តជាងមុន ហើយជាលទ្ធផលបញ្ចប់ទៅ ក្រុមម្ចាស់ផ្ទះ Erbil យកបាន៣ពិន្ទុដ៏សំខាន់ ក្រោយឈ្នះក្រុមភ្ញៀវ Al Minaa ៣-២៕ ប្រភព ៖ Znews



ចែករំលែកព័តមាននេះ