ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ចាញ់​ជើង​ទី​១​ក្នុង​ដី​! តែ​គ្រូ Arsenal នៅ​តែ​រក្សា​ទំនុកចិត្ត​នាំ​ក្រុម​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ UCL

7 ម៉ោង មុន

ចក្រភព​អង់គ្លេស ៖ លោក Mikel Arteta អ្នកចាត់ការ​ក្រុម Arsenal នៅ​តែ​បង្ហាញ​ទំនុកចិត្ត​ថា​នឹង​អាច​នាំ​យក​ក្រុម​រហស្សនាម «​កាំភ្លើង​ធំ​» មួយ​នេះ…

ចក្រភព​អង់គ្លេស ៖ លោក Mikel Arteta អ្នកចាត់ការ​ក្រុម Arsenal នៅ​តែ​បង្ហាញ​ទំនុកចិត្ត​ថា​នឹង​អាច​នាំ​យក​ក្រុម​រហស្សនាម «​កាំភ្លើង​ធំ​» មួយ​នេះ ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ UEFA Champions League រដូវ​កាល ២០២៤-២៥ និង​ជា​លើក​ទី​២ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប បើ​ទោះបីជា​ពួក​គេ​បាន​ចាញ់​ក្រុម​ជើង​ខ្លាំង​បារាំង PSG ការ​ប្រកួត​ជើង​ទី​១ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ដី​ខ្លួនឯង​ដោយ​លទ្ធផល ០​ទល់​នឹង​១ យ៉ាងណា​ក៏​ដោយ​។

ជ័យជម្នះ​របស់​ក្រុម PSG លើ​ទឹកដី Emirates កាលពី​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៥ សម្រេច​បាន​ដោយ​ខ្សែប្រយុទ្ធ​បារាំង Ousmane Dembélé តាំងពី​នាទី​៤​មក​ម្ល៉េះ ហើយ​បើ​ទោះបីជា​ក្រុម​ទាំង​មានការ​វាយ​សម្រុក​ខ្លាំងក្លា​យ៉ាងណា​ក៏​ដោយ ក៏​លទ្ធផល​នេះ​បាន​រក្សា​រហូត​ដល់​បញ្ចប់​ការ​ប្រកួត​។ ដូច្នេះ​ក្រុម​លោក Luis Enrique មាន​ភាគរយ​ខ្ពស់​ជាង​ក្រុម​លោក Mikel Arteta ដើម្បី​បន្ត​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ព្រោះ​ជំនួប​ជើង​ទី​២ នា​ថ្ងៃ​ទី​៧ ខែឧសភា ខាង​មុខ​នេះ ធ្វើ​ឡើង​ក្នុង​ទឹកដី​ខ្លួន​នៅ​កីឡដ្ឋាន Parc des Princes ជាមួយ​គ្រាប់​បាល់​ចំណេញ​១​គ្រាប់​ក្នុង​ដៃ​ថែម​ទៀត​។

លោក Mikel Arteta បាន​ថ្លែង​នៅ​ក្រោយ​បញ្ចប់​ការ​ប្រកួត​យ៉ាង​ដូច្នេះ​ថា «​ក្រុម​ទាំង​ពីរ​លេង​បាន​យ៉ាង​ល្អជា​មួយ​ស្មារតី​ប្រយុទ្ធ និង​គ្មាន​ចន្លោះ​ប្រហោង​ច្រើន​នោះ​ទេ​។ យើង​ខកចិត្ត​នឹង​លទ្ធផល​នេះ ព្រោះ​ខ្ញុំ​គិត​ថា​យើង​គុណសម្បត្ដិ​ច្រើន​ជាង​អ្វី​ដែល​យើង​ទទួល​បាន​»​។ ទោះជា​យ៉ាងណា​ក៏​ដោយ តាម​រយៈ​លទ្ធផល​បាន​បង្ហាញ​នៅ​ជើង​ទី​១​នេះ បាន​រក្សា​ទំនុកចិត្ត​របស់​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ​៤៣​ឆ្នាំ​រូប​នេះ ដើម្បី​នាំ​ក្រុម​ឈាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប ដោយ​អ្នកចាត់ការ​រូប​នេះ​បាន​បន្ថែម​ថា «​ពួក​យើង​បាន​ធ្វើ​រឿង​ដូច​គ្នា​ពេល​យើង​យកឈ្នះ Real Madrid ៣​ទល់​នឹង​០​ក្នុង​ជើង​ទី​១ ហើយ​ឥឡូវនេះ​ភារកិច្ច​បន្ទាប់​គឺ​ច្បាស់​ណាស់ យើង​ទៅ​ប៉ា​រី​ស ឈ្នះ​ការ​ប្រកួត និង​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​»​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​គេហទំព័រ​ផ្លូវការ​របស់​ក្លិប Arsenal​។

គួរ​រំលឹក​ថា ចាប់តាំងពី​ពានរង្វាន់ European Cup ឬ UEFA Champions League ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ​១៩៥៥ រហូត​មក​ទល់​ពេល​នេះ​មាន​រយៈពេល​៧០​ឆ្នាំ​ហើយ ក្រុម​កាំភ្លើង​ធំ Arsenal ក្នុង​នាម​ជា​ក្រុម​ខ្លាំង​មួយ​នៅ​អង់គ្លេស មិន​ទាន់​ស្គាល់​រសជាតិ​ឈ្នះ​ជើងឯក​នៅឡើយ​ទេ ខណៈ​ដែល​កាលពី​រដូវ​កាល ២០០៥-០៦ ពោល​ក្រោម​ការ​ដឹកនាំ​របស់​លោក Arsène Wenger ពួក​គេ​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ម្តង ដោយ​ចាញ់​ក្រុម Barcelona ដោយ​លទ្ធផល ២​ទល់​នឹង​១ នៅ​ឯ​កីឡដ្ឋាន​ជាតិ​បារាំង Stade de France៕ រូបភាព ៖ Arsenal, PSG

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ