ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រត់​ម៉ា​រ៉ា​តុង​១០​នាក់​រង​បំរា.ម​៣​ឆ្នាំ រឿង​បត់​ជើ.ងតូច​នៅ​ទី​សាធារណៈ អំឡុង​ប្រកួត​ព្រឹ​តិ្ត​ការណ៍​​ធំ​មួយ​នៅ​ចិន

6 ម៉ោង មុន

ប្រទេស​ចិន ៖ អ្នក​រត់​ម៉ា​រ៉ា​តុង​ចំនួន​១០​នាក់ ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចូលរួម​ប្រកួត​រយៈពេល​៣​ឆ្នាំ ដោយ​ស្ថាប័ន​អត្តពលកម្ម​កំពូល​របស់​ប្រទេស​ចិន បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​រក​ឃើញ​ថា​បាន​បត់ជើងតូច​នៅ​ទី​សាធារណៈ អំឡុង​ពេល​ការ​ប្រកួត​ព្រឹត្តិការណ៍ Suzhou Marathon ឆ្នាំ…

ប្រទេស​ចិន ៖ អ្នក​រត់​ម៉ា​រ៉ា​តុង​ចំនួន​១០​នាក់ ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចូលរួម​ប្រកួត​រយៈពេល​៣​ឆ្នាំ ដោយ​ស្ថាប័ន​អត្តពលកម្ម​កំពូល​របស់​ប្រទេស​ចិន បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​រក​ឃើញ​ថា​បាន​បត់ជើងតូច​នៅ​ទី​សាធារណៈ អំឡុង​ពេល​ការ​ប្រកួត​ព្រឹត្តិការណ៍ Suzhou Marathon ឆ្នាំ ២០២៥ នៅ​ទីក្រុង​ស៊ូ​ចូ​វ (Suzhou) ខេត្ត​ជាំ​ង​ស៊ូ (Jiangsu) ដែល​បង្ក​ឱ្យ​មានការ​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាជន​ចិន​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន VnExpress បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៥​។

អ្នក​រត់​ទាំង​១០​នាក់ ត្រូវ​បាន​គេ​ថត​ជាប់​កំពុង​ឈរ​បត់ជើងតូច​នៅ​ទី​សាធារណៈ រួម​ទាំង​លើ​ផ្លា​ក​ឈ្មោះ​សាលារៀន និង​លើ​ផើងផ្កា សួនផ្កា​ដែល​នៅ​ជាប់​បង្គន់​សាធារណៈ អំឡុង​ពេល​ប្រកួត​កាលពី​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២៥ កន្លង​ទៅ ហើយ​វី​ដេ​អូ​ត្រូវ​បាន​បង្ហោះ និង​ចែកចាយ​ពាសពេញ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ចិន​។ សកម្មភាព​អវិជ្ជមាន​នេះ បាន​ទាក់ទាញ​ការ​រិះគន់​ភ្លាម​ៗ​ជា​ពិសេស ដោយសារ​បង្គន់​ចល័ត​សាធារណៈ​ជា​ច្រើន​ដែល​ផ្តល់​ដោយ​អ្នក​រៀបចំ​ព្រឹត្តិការណ៍ ស្ថិត​នៅ​ចម្ងាយ​ត្រឹមតែ​ប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ​។

ជា​លទ្ធផល​សមាគម​អត្ត​ព​លិ​ក​ចិន បាន​កំណត់​អត្តសញ្ញាណ​អ្នកចូលរួម​រត់​ដែល​ប្រព្រឹត្ត​ល្មើស ហើយ​បាន​ដាក់​បំរាម​រយៈពេល​បី​ឆ្នាំ នេះ​បើ​យោង​តាម​ប្រភព​ពី What’s On Weibo បាន​ចេញផ្សាយ​។ សមាគម​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា «​យើង​សង្ឃឹមថា អ្នកចូលរួម និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចាត់​ទុក​រឿង​នេះ​ជា​មេរៀន​មួយ​»​។ ដ្បិត​ការ​បត់ជើងតូច​នៅ​តាម​ទី​សាធារណៈ​ក្នុង​ក្រុង​ស៊ូ​ចូ​វ ខេត្ត​ជាំ​ង​ស៊ូ ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ចំនួន​១​ពាន់​យន់ ឬ ១៣៧​ដុល្លារ​អា​មេ​រិ​ក​។

បន្ថែម​ពីលើ​ការ​ដាក់​ពិន័យ​អ្នកចូលរួម​រត់ សមាគម​បាន​ដកហូត​វិ​ញ្ញាប​ន​ប័ត្រ​ផ្លូវការ​របស់​ព្រឹត្តិ​ការណ៍ Suzhou Marathon សម្រាប់​ឆ្នាំ ២០២៦ នា​ពេល​ខាង​មុខ ដោយ​បាន​ដក​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ ចេញពី​កាលវិភាគ​រត់​ម៉ា​រ៉ា​តុង​ផ្លូវការ​ប្រចាំឆ្នាំ​របស់​សមាគម​។

បញ្ហា​ដែល​បាន​កើតឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍ Suzhou Marathon កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ធ្វើ​ឱ្យ​អ្នកលេង​បណ្តាញ​សង្គម​រំលឹក​ឡើង​អំពី​រឿង​ដ៏​ចម្រូងចម្រាស​ស្រ​ដៀង​គ្នា​នឹង​ព្រឹត្តិការណ៍​រត់ Beijing Marathon កាលពី​ឆ្នាំ ២០១៣ នៅ​ទីក្រុង​ប៉េ​កាំ​ង ដែល​អ្នកចូលរួម​ជា​ច្រើន​ត្រូវ​បាន​បង្ខំចិត្ត​បត់ជើងតូច​នៅ​តាម​ទី​សាធារណៈ ដោយសារ​តែ​មាន​បង្គន់​មិន​គ្រប់គ្រាន់​។ ចាប់តាំងពី​ពេល​នោះ​មក អ្នក​រៀបចំ​ព្រឹត្តិការណ៍​នេះ​បាន​បន្ថែមចំនួន​បង្គន់​ចល័ត​យ៉ាងច្រើន​។

សូម​ជម្រាប​ថា Suzhou Marathon គឺជា​ព្រឹត្តិការណ៍​រត់​ម៉ា​រ៉ា​តុង​លំដាប់​កំពូល​មួយ​ផង​ដែរ​របស់​ប្រទេស​ចិន ដែល​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវការ​ដោយ​សហព័ន្ធ​អត្តពលកម្ម​ចិន និង​រៀបចំ​ដោយ​រដ្ឋាភិបាល​ក្នុង​តំបន់ ខណៈ​ដែល​ការ​រត់​ឆ្នាំ​នេះ​បាន​ទាក់ទាញ​អ្នក​ចុះ​ឈ្មោះ​ចូលរួម​ជាង​១៦​ម៉ឺន​នាក់​ឯណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ