កងទ័ពកូឡុំប៊ីចូលរួមស្វែងរកឪពុកកីឡាករ Luis Diaz ដែលត្រូវក្រុមប្រដាប់អាវុ.ធចាប់ជំរិ.ត
កូឡុំប៊ី ៖ ទាហានកូឡុំប៊ីជាង១២០នាក់ ដែលគាំទ្រដោយប៉ូលិសជាតិរបស់ប្រទេសនេះ កាលពីថ្ងៃទី២៩
កូឡុំប៊ី ៖ ទាហានកូឡុំប៊ីជាង១២០នាក់ ដែលគាំទ្រដោយប៉ូលិសជាតិរបស់ប្រទេសនេះ កាលពីថ្ងៃទី២៩
កូឡុំប៊ី ៖ ទាហានកូឡុំប៊ីជាង១២០នាក់ ដែលគាំទ្រដោយប៉ូលិសជាតិរបស់ប្រទេសនេះ កាលពីថ្ងៃទី២៩ ខែតុលា កន្លងទៅ បានបន្តស្វែងរកឪពុករបស់ខ្សែប្រយុទ្ធ Luis Diaz របស់ក្រុមជម្រើសជាតិកូឡុំប៊ី និងក្រុមហង្សក្រហម Liverpool ដែលត្រូវបានក្រុមប្រដាប់អាវុធចាប់ជំរិតរួមជាមួយប្រពន្ធរបស់គាត់ កាលពីថ្ងៃទី២៨ ខែតុលា កន្លងទៅ ប៉ុន្តែក្រោយមក ប្រពន្ធរបស់គាត់ត្រូវបានជួយសង្គ្រោះ។
សេចក្តីរាយការណ៍ពីកងទ័ពបានឱ្យដឹងថា ខ្លួនបានបង្កើតការបិទផ្លូវឆែកឆេរ និងដាក់ពង្រាយកងអនុសេនាតូច ដ្រូន ឧទ្ធម្ភាគចក្រ និងយន្តហោះមានរ៉ាដា នៅក្នុងដំណើរស្វែងរកលោក Luis Manuel Diaz ឪពុកកីឡាករ Luis Diaz ។ អាជ្ញាធរកូឡុំប៊ីមិនបានផ្តល់ព័ត៌មានលម្អិតអំពីការចាប់ជំរិតនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ឪពុកម្តាយកីឡាករ Luis Diaz ត្រូវបានចាប់ខ្លួនដោយក្រុមប្រដាប់អាវុធ កាលពីថ្ងៃ២៨ ខែតុលា កន្លងទៅ នៅឯស្ថានីយ៍ប្រេងឥន្ធនៈមួយនៅក្នុងទីក្រុង Barrancas ខេត្ត La Guajira ភាគខាងជើងប្រទេសកូឡុំប៊ី ដែលជាស្រុកកំណើតពួកគាត់។ ប៉ូលិសកូឡុំប៊ី ប្រកាសផ្តល់ប្រាក់រង្វាន់ប្រហែល ៤៨,០០០ដុល្លារ សម្រាប់តម្រុយឈានទៅដល់ការរកឃើញលោក Luis Manuel Diaz និងក្រុមប្រដាប់អាវុធដែលចាប់ខ្លួនគាត់។
ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានថ្លែងថា ម្តាយកីឡាករ Luis Díaz គឺលោកស្រី Cilenis Marulanda ត្រូវបានជួយសង្គ្រោះនៅទីក្រុង Barrancas ពោលប៉ុន្មានម៉ោងបន្ទាប់ពីលោកស្រី និងប្តីលោកស្រីត្រូវបានយកចាប់ខ្លួន។ លោក Olmer Diaz ដែលត្រូវជាប្អូនប្រុសលោក Luis Manuel Diaz បានប្រាប់ទីភ្នាក់សារព័ត៌មាន AFP ថា «យើងអស់សង្ឃឹម យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះយើងមិនដឹងអ្វីទាំងអស់អំពីគាត់»។
កូឡុំប៊ី គឺជាប្រទេសមួយដែលទើបតែរួចចេញពីជម្លោះស៊ីវិលជាច្រើនទសវត្សមកហើយរវាងក្រុមប្រដាប់អាវុធជាគូសត្រូវ ដែលបានចាប់ពង្រត់មនុស្សជាង ៣៨,០០០នាក់ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដែលភាគច្រើនគឺជាថ្នូរនឹងទឹកប្រាក់ដោះដូរ។
លោក Luis Manuel Diaz គឺជាគ្រូបង្វឹកស្ម័គ្រចិត្តនៅសាលាបាល់ទាត់តែមួយគត់នៅ Barrancas ដែលជាទីក្រុងមានប្រជាជនរស់នៅប្រហែល ៣៨,០០០នាក់ និងនៅជិតព្រំដែនប្រទេសវេនេហ្ស៊ុយឡា។ អគ្គមេធាវីកូឡុំប៊ី លោក Francisco Barbosa កាលពីថ្ងៃទី២៩ ខែតុលា បានថ្លែងនៅសន្និសីទសារព័ត៌មានមួយថា លោក Luis Manuel Diaz អាចស្ថិតនៅក្នុងប្រទេសវេនេហ្ស៊ុយឡា ដោយមិនបានបញ្ជាក់លម្អិតបន្ថែមទៀតនោះទេ។
រហូតមកទល់ពេលនេះ ខ្សែប្រយុទ្ធ Luis Díaz មិនទាន់ចេញសេចក្តីថ្លែងការណ៍ណាមួយអំពីបញ្ហានេះ នៅឡើយទេ ខណៈដែលរូបគេបានខកខានការប្រកួតរវាងក្រុម Liverpool នឹងក្រុមភ្ញៀវ Nottingham Forest កាលពីថ្ងៃទី២៩ ខែតុលា កន្លងទៅ ដើម្បីត្រឡប់ទៅកាន់ប្រទេសកូឡុំប៊ី។
ក្លិបបាល់ទាត់ Liverpool រួមនឹងអ្នកចាត់ការទូទៅលោក Jürgen Klopp បានបង្ហាញការសោកស្តាយចំពោះរឿងដែលបានកើតឡើង និងបានពណ៌នាថា គឺជាស្ថានភាពគួរឱ្យព្រួយបារម្ភសម្រាប់អ្នកគ្រប់គ្នានៅ Liverpool ៕ (ប្រភពពី BBC និង New Straits Times)
ចែករំលែកព័តមាននេះ