ចាប់​បាន​ហើយ ជន​ដៃដល់​ដែល​កាប់​​កីឡាករ​ម្នាក់​កំពុង​ឌុ​ប​មិត្ត​ស្រី​យ៉ាង​សាហាវ


ខេត្តស្វាយរៀង ៖​បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ថា សមត្ថកិច្ច​បាន​តាម​ប្រមាញ់​ចាប់ខ្លួន​ជន​ដៃដល់​ជា​ឃាតករ​ដែល​កាប់​ប្រហារ​ជន​រង​គ្រោះជា​និស្សិត និង​ជា​កីឡាបាល់ទាត់​ខេត្តស្វាយរៀង បណ្តាល​ឲ្យ​ស្លាប់​កាលពី​ម៉ោង​៦​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​១០ វិច្ឆិកា នៅ​ខាងលិច​ស្ពាន​គយ​ត្របែក​ខាង​មុខ​សាល​ប្រជុំ​ឆ្នេរទន្លេ ក្នុងភូមិ​រោង​បន្លែ សង្កាត់​ស្វាយ​រៀង​នោះ​បាន​ហើយ គឺ​រត់​រហូត​ដល់​រាជធានី​ភ្នំពេញ យក​មក​ផ្តន្ទាទោស ព្រមទាំង​ចាប់​ឃាត់ខ្លួន​អ្នក​ដឹក និង​ម្ចាស់​កាំបិត​មក​ទទួលខុសត្រូវ​ផង​ដែរ នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​។

បើ​តាម​សមត្ថកិច្ច​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ជា​ជន​ដៃដល់​ខាងលើ ១-​ឈ្មោះ ប្រាក់ សុធា​រាជ (​ហៅ​ពៅ​) ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​មេភ្លើង​សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង (​ជា​ជន​ដៃដល់​) ២-​ឈ្មោះ អេ​ង វិចា​អក្ខ​រ៉ា ហៅ​ស្នា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​កៀន​សាំង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង (​ជា​ជន​សមគំនិត​) បាន​ជិះ​ម៉ូតូ​ម៉ាក​ឌូ​ក ពាក់​ស្លាក​លេខ​ភ្នំពេញ 1CV-1852 ពណ៌​សលាយ​ខ្មៅ ឌុ​ប​គ្នា​ប្រដាប់​ដោយ​កាំបិត​កាប់​ទៅ​លើ​ជន​រង​គ្រោះ ឈ្មោះ​វ៉ា វិសាល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​និស្សិត និង​ជា​កីឡាករ​បាល់ទាត់​ខេត្តស្វាយរៀង មាន​ទីលំនៅ​ភូមិ​វាល​យន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង បណ្ដាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​ទទួល​ព័ត៌មាន​ពី​ឃាតកម្ម​នេះ​ភ្លាម លោកស្នងការ​នគរបាល​ខេត្ត​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឱ្យ​កម្លាំង​ជំនាញ​ដឹកនាំ​ដោយ​លោកស្នងការ​រង​នគរបាល​ខេត្ត​និង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ​អេ​ង វិចា​អក្ខ​រ៉ា ដែល​ជា​អ្នក​បើក​ម៉ូតូ នាំ​ខ្លួន​យក​ទៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ក្រុង​ស្វាយ​រៀង​ធ្វើការ​សាកសួរ​។

ប្រភព​ដដែល​បន្ត​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ជិះ​ម៉ូតូឌុប​ឈ្មោះ ប្រាក់ សុធា​រាជ ទៅ​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ប្រាកដ​មែន​។ ក្រោយ​ពី​ធ្វើ​សកម្មភាព​ហើយ ខ្លួន​និង​ឈ្មោះ​ប្រាក់ សុធា​រាជ ក៏​បែកផ្លូវ​គ្នា​រៀង​ៗ​ខ្លួន​។ ក្រោយ​ពី​ទទួល​បាន​ចម្លើយ​សារភាព​សមត្ថកិច្ច​ខេត្ត ក៏​ចុះ​ទៅ​ព័ទ្ធ​ផ្ទះ​ជនសង្ស័យ​មួយ​យប់ ទើប​ដឹង​ថា ជនសង្ស័យ​បាន​គេចខ្លួន​តាម​រថយន្ត​តាក់ស៊ី​ទៅ​រាជធានី​ភ្នំពេញ ទើប​សមត្ថកិច្ច​នគ​បាល​ខេត្តស្វាយរៀង​ទៅ​សហការ​ជាមួយ​សមត្ថកិច្ច​រាជធានី​ភ្នំពេញ ក៏​បន្ត​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ ប្រាក់ សុធា​រាជ បាន​នៅ​រាជធានី​ភ្នំពេញ​កាលពី​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១១ វិច្ឆិកា​។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​សាកសួរ​ឈ្មោះ ប្រាក់ សុធា​រាជ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​។ រីឯ​វត្ថុ​តាង​កាំបិត​ដែល​ខ្លួន​ធ្វើ​សកម្មភាព​នោះ គឺ​ខ្លួន​ខ្ចី​ពី​ឈ្មោះ សុខ ទិ​ត្យ​វាសនា តែ​ពេល​ធ្វើ​សកម្ម​ភាព​រួច ខ្លួន​និង​ឈ្មោះ​អេ​ង វិចា​អក្ខ​រ៉ា បាន​យក​កាំបិត​នោះ​ទៅ​ឲ្យ​ឈ្មោះ សុខ ទិ​ត្យ​វាសនា​វិញ​ហើយ​។

ក្រោយ​ពី​ទទួល​បាន​ចម្លើយ​សារភាព​ដូច្នេះ​សមត្ថកិច្ច​យើង​ក៏​ធ្វើការ​ឃាត់ខ្លួន ឈ្មោះ សុខ ទិ​ត្យ​វាសនា ព្រមទាំង​វត្ថុ​តាង​កាំបិត និង​គូរ​កន​ខាងលើ​បញ្ជូន​មក​ការិយាល័យ​ជំនាញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​។

សូម​រំលឹក​ផង​ដែរ​ថា ជន​រង​គ្រោះ​ម្នាក់​ជា​កីឡាករ​ខេត្តស្វាយរៀង បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ឌុ​ប​មិត្ត​ស្រី​ដើរ​លេង​លើ​ដងផ្លូវ​មាត់ទន្លេ ស្រាប់តែ​ក្រុម​ជន​ដៃដល់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ឌូ​ក មក​ពីក្រោយ រួច​យក​កាំបិត​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ពីក្រោយ​ចំ​.​ក និង​គុម្ពត្រចៀក របួស​ធ្ងន់ធ្ងរ​តែ​ម្តង ។ ខណៈ​ពី​ដំបូង​ជន​រង​គ្រោះ​មិន​ទាន់​មាន​បញ្ហា​អ្វី​នោះ​ទេ ហើយ​ជន​រង​គ្រោះ​ក៏​ជិះ​ម៉ូតូ​ដេញ​តាម​ជនសង្ស័យ​បាន​ប្រមា​ន​៧០០​ម៉ែត្រ ឈាម​ក៏​ស្រោច​ពេញ​ខ្លួនប្រាណ ជន​រង​គ្រោះ​ក៏​ឈប់​នៅ​មុខ​ផ្សារ​ម៉ាត​រួច​ចុះ​ពីលើ​ម៉ូតូ ស្រាប់តែ​ដួល​សន្លប់​តែ​ម្តង ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៦​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​១០ វិច្ឆិកា ២០១៩ ត្រង់​ចំណុច​ខាងលិច​ស្ពាន​គយ​ត្របែក ស្ថិត​ក្នុងភូមិ​រោង​បន្លែ សង្កាត់​ស្វាយ​រៀង ។

គួរ​រំលឹក​ទៀត​ថា ៖ កីឡាករ​ម្នាក់​កំពុង​ជិះ​ម៉ូតូឌុប​មិត្ត​ស្រី ត្រូវ​គេ​កាប់​ប្រហារ​យ៉ាង​សាហាវ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ