ខេត្តកែប ៖ នាងក្រមុំអាយុ១៨ឆ្នាំ ម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលដោយសារតែនាងមានផ្ទៃពោះ៤ខែ ។ ក្រោយបែកការណ៍មានផ្ទៃពោះទើបគេដឹងថា មកពីនាងបានធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយសង្ឃមួយអង្គគង់នៅវត្តព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ។
តាមការចេញមុខរៀបរបស់នាងក្រមុំដែលក្លាយខ្លួនជាម្តាយកូនក្នុងផ្ទៃបានឱ្យដឹងថា សង្ឃអង្គនោះតែងបាននិមន្តមកលេងផ្ទះញឹកញាប់ ព្រោះផ្ទះនាង និងផ្ទះញោមលោកនៅក្បែរគ្នា ។ យោងតាមសម្តីនាង ហាន អ៊ាង អាយុ១៨ឆ្នាំ បានរៀបរាប់ឱ្យកោះសន្តិភាពដឹងថា ដំបូងឡើយសង្ឃនាម សេង ឧត្តម មានព្រះជន្ម២១ឆ្នាំ មានម្តាយឪពុកនៅភូមិទួលស្រងាំ ជិតផ្ទះរបស់នាងដែរ ប៉ុន្តែពេលដែលសង្ឃអង្គនោះនិមន្តមកលេងផ្ទះញឹកញាប់ក៏បានជិតស្និទ្ធនឹងគ្នា ។ សង្ឃអង្គនោះ សុំលេខទូរស័ព្ទនាង ហើយក៏មានការទាក់ទងគ្នាតាមទូរស័ព្ទអស់រយៈពេលជិត១ឆ្នាំ ក៏បានក្លាយជាអណ្តាតភ្លើងស្នេហ៍បន្តិចម្តងៗ រហូតដល់សង្ឃនោះលួចនិមន្តមកទាំងយប់ កាត់តាមផ្លូវវាងមកដល់ផ្ទះនាងចំនួន៣ដង និងបានរួមមេត្រីជាមួយគ្នា ។
នាងនិយាយថា សង្ឃនោះបានហាមនាងថា កុំបាច់ប្រាប់អ្នកណាអី ចាំខ្ញុំបំពេញកិច្ចជាភិក្ខុសិន ខ្លួននឹងសឹកមករៀបការនឹងគ្នា ។ លុះពេលសង្ឃអង្គនោះបំពេញភិក្ខុហើយ មិនបានសឹកមករៀបការនឹងនាងតាមការសន្យាស្នេហ៍នោះទេ ។ នាងបន្តថា នាងបាននិយាយប្រាប់តាមទូរស័ព្ទទៅសង្ឃនាម សេង ឧត្តម ថា ឥឡូវខ្ញុំមានផ្ទៃពោះហើយ គិតយ៉ាងម៉េច ? លោកក៏បានទូរស័ព្ទហៅនាងឱ្យមកជួបក្នុងវត្តព្រៃតាកុយ ប្រគល់ប្រាក់ឱ្យនាង៨មុឺនរៀល ដោយជំរុញឱ្យយកកូនចេញ ។ ពេលដែលទទួលលុយពីលោកហើយ នាងក៏មកផ្ទះវិញ គិតថាទៅយកកូនចេញដែរ តែគ្រូពេទ្យថាមិនអាចធ្វើកើតទេ ។ នាងក៏ប្រាប់មកលោកវិញ បែរជាសង្ឃអង្គនោះថា បើយកកើតឬមិនកើតក្តី មិនដឹងទេ ក៏បានបិទលេខទូរស័ព្ទចោល និងបានបដិសេធមិនទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនទៀតផង ។
អ្នកស្រី ង៉ែត អុង ជាជំនួយការភូមិអំពេង បាននិយាយរឿងនាងមានផ្ទៃពោះជាមួយលោកសង្ឃនេះថា ជារឿងពិត ព្រោះសង្ឃនាម សេង ឧត្តម នេះឧស្សាហ៍និមន្តមកលេងផ្ទះនាង ហាន អា៊ង នេះណាស់ ។ ស្ត្រីម្នាក់ទៀតឈ្មោះ សេង មុំ អាយុ៣១ឆ្នាំ នៅភូមិអំពេងនិយាយប្រាប់ថា សង្ឃនាម សេង ឧត្តម នេះ ពិតជាបានទាក់ទងជាមួយនឹងនាង ហាន អ៊ាង មែន ក្រោយពីដឹងថា នាងមានផ្ទៃពោះ បែរជាសង្ឃនោះមិនទទួលខុសត្រូវ ។
អ្នកស្រី សេង រី អាយុ៤២ឆ្នាំ ត្រូវជាម្តាយនិយាយថា គាត់មិននឹកស្មានថា សង្ឃអង្គនោះមានគំនិតមិនល្អជាមួយកូនស្រីគាត់សោះ ។ ស្ត្រីជាម្តាយបានសំណូមពរឱ្យអាជ្ញាធរ និងអង្គការផ្សេងៗ ជួយដោះស្រាយរឿងកូនស្រីគាត់ជាមួយសង្ឃនេះផង ។
កោះសន្តិភាពបានព្យាយាមទាក់ទងភិក្ខុ សេង ឧត្តម ដើម្បីសុំការបំភ្លឺដែរ តែមិនអាចទាក់ទងបាន ។ លោកអនុសេនីយ៍ទោ ស៊ុំ សុធាយ នាយនគរបាលប៉ុស្តិ៍អង្គោល ឱ្យដឹងថា រឿងអាស្រូវថាមានផ្ទៃពោះជាមួយសង្ឃគង់នៅវត្តព្រៃតាកុយនេះ ខាងនគរបាលមិនទាន់បានចុះធ្វើការនៅឡើយទេ ទុកឱ្យខាងធម្មការស្រុក និងខេត្ត ធ្វើការសិន ព្រោះពាក់ព័ន្ធកិច្ចការសាសនា ។ លោក មៀច អែម ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត មានប្រសាសន៍តាមទូរស័ព្ទយ៉ាងខ្លីថា រឿងលោកសង្ឃ និងនារីមានផ្ទៃពោះមិនទាន់ពិតទេ តែក្រោយមកលោកបញ្ជាក់ថា ចាំមើលលោកចុះស្រាវជ្រាវសិន ។
ទំនងលោកប្រធានមន្ទីរនិយាយស្មានទាំងប្រថុយ ព្រោះរឿងនេះបែកធ្លាយមួយភូមិទៅហើយ នៅតែលោកប្រធានម្នាក់ប៉ុណ្ណោះអត់ទាន់ដឹង ។ ម៉េចធ្វើការយឺតដូចដង្កូវបាក់ខ្នងម្ល៉េះ ? មិនខ្លាចគេថាលោកជាមន្ត្រីជើងដប់ទេឬ ?
ចែករំលែកព័តមាននេះ