ខេត្តកំពត៖ ព្រះសង្ឃមួយអង្គគង់នៅវត្តព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរត្រូវនារីម្នាក់អាយុ១៨ឆ្នាំ រស់នៅភូមិអំពេង ឃុំអង្គោល ស្រុកដំណាក់ចង្អើរចោទប្រកាន់ថា បានលួងលោមសេពមេថុនជាមួយនាងរហូតមានផ្ទៃពោះ៤ខែហើយមិនទទួលខុសត្រូវ។
ព្រះសង្ឃដែលរងការចោទប្រកាន់នោះព្រះនាម សេង ឧត្តម ព្រះជន្ម២១ឆ្នាំ មានម្តាយ ឪពុករស់នៅភូមិទួលស្រងាំ ជិតផ្ទះរបស់នារីរងគ្រោះ។ បើយោងតាមសម្តីរបស់នារីរងគ្រោះបានឱ្យដឹងថា ព្រះសង្ឃអង្គនោះតែងតែនិមន្តមកលេងផ្ទះញឹកញាប់ ហើយសុំលេខទូរស័ព្ទរបស់នាងដើម្បីទំនាក់ទំនងគ្នាបានរយៈពេលជិត១ឆ្នាំ។
នាងបន្តថា ក្រោយមកទៀតសង្ឃអង្គនោះក៏បាននិមន្តតាមផ្លូវវាងមកផ្ទះរបស់នាងសេពមេថុនជាមួយនាងបានចំនួន៣ដង ហើយប្រាប់នាងកុំឱ្យនិយាយប្រាប់អ្នកណាអី ចាំពេលលោកបំពេញភិក្ខុសង្ឃហើយ នឹងសឹករៀបការជាមួយនាង។ លុះពេលបំពេញភិក្ខុសង្ឃហើយ សឹក ព្រះសង្ឃអង្គនោះមិនបានរៀបការជាមួយនាងតាមការសន្យាទេ ។
ពេលនេះនារីរងគ្រោះ និងម្តាយបានសំណូមពរឱ្យអាជ្ញាធរ និងអង្គការផ្សេងៗជួយអន្តរាគមន៍រឿងនេះផង៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ