រាជធានីភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានប្រកាសពីការរកឃើញអធិការរងនគរបាលស្រុកបវេល ខេត្តបាត់ដំបង ១រូប គឺលោក វ៉ន វាសនា ទទួលលុយពីជនជាតិចិននិងថៃចំនួន ៧៧៤ ០០០ដុល្លារ ដែលជាមេខ្លោងក្រុម Online Scams ជាថ្នូរនឹងការដោះលែង បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួន ។ នេះបើតាមរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានបង្ហាញនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយពីបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សា ។
ក្រៅពីអធិការរងនគរបាលស្រុកបវេល រូបនេះ អង្គភាពប្រឆាំងអំពើពុករលួយក៏បានរកឃើញមនុស្សចំនួន៥នាក់ផ្សេងទៀត ដែលពាក់ព័ន្ធក្នុងករណីរត់ការដោះលែងក្រុម Online Scams នេះដែរ ក្នុងនោះមានឈ្មោះ តាំង សំណាង ជាយោធា(មានខ្លួន) ឈ្មោះ ហេង សុខណា(គេចខ្លួន) ឈ្មោះ មុនី សុខដារ៉ូ(គេចខ្លួន) ឈ្មោះ OVARARINT RAWI ជាថៅកែពួក Online Scams ចំនួន៤៣នាក់ ជាជនជាតិថៃ និងជាអ្នកចំណាយលុយ ៧៧៤ ០០០ដុល្លារ រត់ការដោះលែងកូនចៅ(គេចខ្លួន) និងឈ្មោះ SRIPHAN SUPARP ជនជាតិថៃ (គេចខ្លួន) ។
តាមអង្គភាពប្រឆាំងអំពើពុករលួយ ករណីនេះបានកើតឡើងតាំងពីខែឧសភា ឆ្នាំ២០២៥ កន្លងមក ពោលនៅពេលនគរបាលជាតិ តាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សហការជាមួយមូលដ្ឋាន បានចុះប្រតិបត្តិការរដ្ឋបាលនៅថ្ងៃទី២ខែឧសភា ឆ្នាំ២០២៥ នៅក្រុងប៉ោយប៉ែត ហើយរកឃើញអ្នកចូលមកស្នាក់នៅ ព្រមទាំងធ្វើការខុសច្បាប់ជាច្រើននាក់ ក្នុងនោះជនជាតិថៃ ៤៣នាក់ (ស្រី២០នាក់) ដែលធ្វើការបោកប្រាស់តាមអនឡាញ ។
ជាគោលការណ៍ នគរបាលជាតិនឹងត្រូវបណ្តេញអ្នកឆបោកទាំងនោះចេញពីកម្ពុជា បញ្ជូនទៅប្រទេសវិញ ។ ថៅកែទីតាំង Online Scams ជាជនជាតិថៃ ឈ្មោះ OVARARINT RAWI តាមរយៈមេការជនជាតិថៃម្នាក់ឈ្មោះ SRIPHAN SUPARP បានចំណាយប្រាក់រត់ការដើម្បីសុំឲ្យមានការដោះលែងជនជាតិថៃ ៤៣នាក់ ពីការឃុំឃាំង និងសុំកុំឲ្យបញ្ជូនទៅថៃវិញ ព្រមទាំងអនុញ្ញាតឲ្យបាននៅក្នុងប្រទេសកម្ពុជា បន្តធ្វើការវិញដដែល ដោយចំណាយប្រាក់ជាច្រើន ។ប៉ុន្តែការរត់ការនេះត្រូវបរាជ័យ ព្រោះនគរបាលជាតិមិនអាចសម្របសម្រួលឲ្យ ហើយត្រូវចាប់បណ្តេញចេញពីកម្ពុជានៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ គឺ៦ថ្ងៃក្រោយមក ព្រមទាំងរឹបអូសបានប្រាក់រត់ការ ២០០ ០០០ដុល្លារអាមេរិកជូនមកតុលាការ ។
ដោយសាររឿងនេះជារឿងរត់ការ តុលាការបានបញ្ជូនសំណុំរឿងនេះមកអង្គភាពប្រឆាំងអំពើពុករលួយ ជាសមត្ថកិច្ចវិញ ។ អង្គភាពប្រឆាំងអំពើពុករលួយ បានរកឃើញថា វរសេនីយ៍ វ៉ន វាសនា អធិការរងនគរបាលស្រុកបវេល ជាអ្នករត់ការសូកប៉ាន់ បានទទួលប្រាក់ចំនួន ៧៧៤ ០០០ដុល្លារអាមេរិក (ម្នាក់១៨ ០០០ដុល្លារអាមេរិក) ពីឈ្មោះ OVARA-RINT RAWI ជាជាតិថៃ ជាថៅកែពួក Online Scams ៤៣នាក់នោះ ដើម្បីរត់ការដោះលែងកូនចៅរបស់ខ្លួន តាមរយៈជនជាតិថៃមួយរូបទៀតឈ្មោះ SRIPHAN SUPARP ។
នៅយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ឈ្មោះវ៉ន វាសនា បានប្រគល់ប្រាក់ ២៨៤ ០០០ដុល្លារ ឲ្យទៅឈ្មោះ ហេង សុខណា នៅខេត្តកំពត ដើម្បីរត់ការសូកប៉ាន់ ដែលមានឈ្មោះ មុនី សុខដារ៉ូ ជាអ្នកឃុបឃិត និងជួយលាក់បាំងពីការផ្ទេរប្រាក់ ។ ក្រោយពីមានភ័ស្តុតាងគ្រប់គ្រាន់ហើយ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនជនសង្ស័យប៉ុនប៉ងសូកប៉ាន់ ៦នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ។
អង្គភាពប្រឆាំងអំពើពុរលួយ កំពុងបន្តរកឃាត់ខ្លួនជនជាប់ចោទ ៤នាក់ទៀត ខណៈឈ្មោះ ហេង សុខណា និងឈ្មោះ មុនី សុខដារ៉ូ ដែលអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនបាននៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ពីបទប៉ុនប៉ងសូកប៉ាន់ដោះលែងពួក Online Scams ហៅ Call Center ហើយនៅសល់តែ២នាក់ទៀតដែលពុំទាន់ចាប់បាន សុទ្ធតែជាជនជាតិថៃ ហើយជាម្ចាស់ Call Center ៕
ចែករំលែកព័តមាននេះ