ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋភូមិសំយ៉ោង បានរិះគន់ថា ក្រុមហ៊ុន ដែលទទួលការសាងសង់ផ្លូវបេតុងអាម៉ែ ប្រវែង១,៥៣៣ ម៉ែត្រ ទទឹង ៥ម៉ែត្រ មានគុណភាពទាប និងសាងសង់ខុសស្តង់ដាបច្ចេកទេស ។
មហាជនលើកឡើងថា គម្រោងឆ្នាំ២០២៤ ប្រវែង ៨០០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់បេតុង ០,១៥ ម៉ែត្រ ដែលសាងសង់រួចមកហើយ បានត្រឹមតែ ៥ ខែ គឺបែក របើក នៅសល់តែថ្ម។ ចំណែកឯគម្រោងថ្មីឆ្នាំ២០២៥ ដែលសាងសង់ផ្លូវបេតុងអាមេបន្ថែមប្រវែង ៧៣៣ ម៉ែត្រ ទទឹង ៥ ម៉ែត្រ កម្រាស់បេតុង ០,១៥ ម៉ែត្រ ក៏កំពុងមានស្នាមប្រេះផ្ទៃផ្លូវដែរ ។ ករណីនេះកើតឡើងនៅភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទ៍។ ទាក់ទងនឹងករណីនេះ លោកមេឃុំសំយ៉ោង បានបញ្ជាក់ថា ៖ «ពិតជាដូចការលើកឡើងរបស់ប្រជាពលរដ្ឋមែន» ។
លោកមេឃុំបន្តថា គម្រោងឆ្នាំ២០២៤ ដែលក្រុមហ៊ុនពេជ្រធីតា ទទួលសាងសង់ផ្លូវបេតុងអាមេ ប្រវែង ៨០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ កម្រាស់ ០,១៥ ម៉ែត្រ ពីកែងវត្តតាពៅ ទៅដល់ខាងកើតវត្តទួលអំពឹល គឺស្ថិតនៅក្នុងគម្រោងថែទាំ។ ដូច្នេះ ក្រុមប្រឹក្សាឃុំបានប្រជុំជាមួយមន្ត្រីបច្ចេកទេសស្រុក និងខេត្ត ដើម្បីតម្រូវឲ្យក្រុមហ៊ុនជួសជុល និងកែលម្អឡើងវិញឲ្យបានត្រឹមត្រូវ តាមស្តង់ដាបច្ចេកទេស ដោយបាញ់ទឹកសម្អាតផ្លូវ និងក្រាលបេតុងថែមពីលើកម្រាស់ ០,០៦ ម៉ែត្រ ។
ចំណែកគម្រោងថ្មីឆ្នាំ២០២៥ ដែលសាងសង់ផ្លូវបេតុងអាម៉ែបន្ថែម (តគម្រោងចាស់) ប្រវែង ៧៣៣ ម៉ែត្រ ទទឹង ៥ ម៉ែត្រ កម្រាស់បេតុង ០,១៥ ម៉ែត្រ ក៏មានបញ្ហាដែរ។ តាមការពិនិត្យរបស់មន្ត្រីបច្ចេកទេស កន្លែងដែលមានស្នាមប្រេះនោះ ត្រូវបានប្រេះតាមថ្នេរតំណរ។ ដូច្នេះ តម្រូវឲ្យក្រុមហ៊ុនយកម៉ូទ័រកាត់តាមតំណ រួចដាក់កៅស៊ូបិទ កុំឲ្យទឹកចូល (ដើម្បីការពារការរីកមាឌបេតុង) ។
លោក ព្រំ ចាន់ មន្ត្រីបច្ចេកទេសខេត្ត ដែលចុះស្រុកកំពង់រោទ៍ បានប្រាប់ថា ៖ «ការដសែលប្រជាពលរដ្ឋលើកឡើងថា ផ្លូវបេតុងមួយខ្សែ ប្រវែង ៧៣៣ ម៉ែត្រ នៅភូមិសំយ៉ោង ដែលទើបតែសាងសង់រួច មានស្នាមប្រេះនោះ ក្រុមការងារបានចុះទៅពិនិត្យនៅវេលាម៉ោង ១០:១០ នាទីព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ។ តាមការពិនិត្យជាក់ស្តែង មានស្នាមប្រេះតាមមុខតំណ (គឺ ៥ ម៉ែត្រ ទុកមុខតំណ ១ ការពាររីកមាឌបេតុង) ។
លោកបានឲ្យក្រុមហ៊ុនកែសម្រួលឡើងវិញហើយបើតាមការពិនិត្យ និងបាញ់គំហាប់ នៃម៉ាស៊ីនវាស់កំហាប់ថ្នល់ រយៈពេល ១៤ថ្ងៃ មានកំហាប់ ២០, រយៈពេល ១០ ថ្ងៃ មានកំហាប់ ១៨។ ដូច្នេះ បើសង់រួចរយៈពេល ២០ថ្ងៃ ទៅ ២៨ថ្ងៃ គឺអាចគ្រប់តាមស្តង់ដាបច្ចេកទេស គឺ កម្រិត ២៨ ទៅ ៣០» ។
ចំពោះគម្រោងឆ្នាំ២០២៤ ប្រវែង ៨០០ម៉ែត្រ ដែលស្ថិតនៅក្នុងគម្រោងថែទាំ តម្រូវឲ្យក្រុមហ៊ុនពេជ្រធីតា ជាអ្នកទទួលការជួសជុល និងកែលម្អឡើងវិញ គឺចាក់បេតុងថែមកម្រាស់ ០,០៦ ម៉ែត្រ ។
លោកស្រី ពេជ្រ ធីតា ប្រធានក្រុមហ៊ុនពេជ្រធីតា បានប្រាប់ថា ៖ «ផ្លូវបេតុងប្រវែង ៨០០ម៉ែត្រ គឺនៅក្នុងគម្រោងថែទាំ ដោយមានការយឺតយ៉ាវ។ លោកស្រី ពន្យាពេលជួសជុល ដោយគម្រោង២០២៤ នៅដើមផ្លូវ ដូច្នេះក៏ពន្យាពេលជួសជុល រង់ចាំសាងសង់ផ្លូវគម្រោង២០២៥រួច ទើបមកជួសជុលកែលម្អឲ្យបានតាមស្តង់ដាបច្ចេកទេស នៃកិច្ចសន្យា។ ផ្លូវបេតុងអាមេ កិច្ចសន្យា នៃគម្រោងថែទាំ រយៈពេល ០៦ខែ បើស្រុតខូច ឬបែករបើក តម្រូវឲ្យក្រុមហ៊ុនទទួលការជួសជុលឡើងវិញ» ។ មហាជនលើកឡើងថា ៖ «គម្រោងថែទាំរយៈពេល ០៦ខែ ខ្លីណាស់! ធ្វើខាងមុខខូច ខាងក្រោយធ្វើរហូត?» ៕














ចែករំលែកព័តមាននេះ