រាជធានីភ្នំពេញ ៖ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកនៅយប់ថ្ងៃទី១៥ ធ្នូនេះថា ៖ អាទិភាពចម្បងនៅពេលនេះ គឺការបញ្ឈប់ការប្រយុទ្ធគ្នា និងការពារជនស៊ីវិល។ ប្រទេសចិនសង្ឃឹមថា ភាគីទាំងពីរ នឹងអនុវត្តការអត់ធ្មត់ជាអតិបរមា ដោយពិចារណាលើការការពារសន្តិភាព និងស្ថិរភាពនៃតំបន់ព្រំដែន និងផលប្រយោជន៍របស់ប្រជាជន ចាត់វិធានការទាំងអស់ដែលអំណោយផលដល់ការសម្រេចបាននូវបទឈប់បាញ់ និងបន្ធូរបន្ថយភាពតានតឹងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។
ប្រទេសចិន បាននិងកំពុងបន្តធ្វើអ្វីគ្រប់យ៉ាង ដែលយើងអាចធ្វើបាន ដើម្បីលើកកម្ពស់ការចរចាដើម្បីសន្តិភាព និងដើរតួនាទីស្ថាបនាតាមវិធីផ្ទាល់ខ្លួនរបស់យើង ដើម្បីនាំមកនូវបទឈប់បាញ់រវាងកម្ពុជា និងថៃ និងស្តារសន្តិភាពឡើងវិញ ។
សូមជម្រាបថា ប្រទេសចិន មានសារនយោបាយ មួយពាក់ព័ន្ធនឹងជម្លោះរវាងកម្ពុជា-ថៃ ។ ប្រទេសចិន ប្រកាសថា ខ្លួនកំពុងជំរុញឱ្យមានបទឈប់បាញ់រវាងថៃ និងកម្ពុជា ហើយនឹងបន្តដើរតួនាទីបែបស្ថាបនានៅក្នុងការបន្ធូរបន្ថយភាពតានតឹង នេះបើតាមការប្រកាសរបស់អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក គួ ចាឃុន (Guo Jiakun) នៅក្នុងសេចក្ដីសង្ខេបព័ត៌មាន នារសៀលថ្ងៃទី១៥ ធ្នូ ២០២៥ នេះបើយោងតាមការផ្សាយរបស់ស៊ីន ហួ, ស៊ី ស៊ី ធីវី និងប្រភពដទៃទៀត ។
លោកថ្លែងថា ក្នុងនាមជាប្រទេសជិតខាង និងជាមិត្តភក្ដិទាំងសងខាងជាមួយថៃ និងកម្ពុជា ប្រទេសចិន បន្តតាមដាន ដោយយកចិត្តទុកដាក់ទៅលើស្ថានការណ៍វិវត្តថ្មីៗ នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ។ ប្រទសចិន សូមសម្ដែងការសោក ស្ដាយចំពោះការបាត់បង់ជីវិតមនុស្ស នៅក្នុងជម្លោះនេះ និងសូមសម្ដែងសមានចិត្តអស់ពីចិត្តពីថ្លើម ។
អ្នកនាំពាក្យចិន ថ្លែងបន្តទៀតថា កម្ពុជា និងថៃ ជាប្រទេសភូមិផងរបងជាមួយនឹងគ្នា មិនថា ពេលនេះ ឬពេលអនាគត ។ ការរួមរស់ដោយសុខុដុមរមនានឹងគ្នា និងការរក្សាទំនាក់ទំនងល្អ ក្នុងនាមជាប្រទេសជិតខាងនឹងគ្នា ពិតជាមានតម្លៃណាស់ ។ អ្វីដែលជាចំណុចអាទិភាពនៅពេលនេះ គឺបញ្ឈប់ការប្រយុទ្ធគ្នា និងការពារជនស៊ីវិល ។ យើង សង្ឃឹមថា ភាគីទាំង២ នឹងប្រើប្រាស់ការអត់ធ្មត់ជាអតិបរមា និងចាត់គ្រប់វិធានការ ដើម្បីឱ្យមានបទឈប់បាញ់ និងបន្ធូរបន្ថយភាពតានតឹង កាន់តែឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីសន្តិភាព និងស្ថិរភាព នៅតាមបន្ទាត់ព្រំដែន និងជាប្រយោជន៍ សម្រាប់ប្រជាជន (ប្រទេសទាំង២) ។
អ្នកនាំពាក្យចិន ថ្លែងបន្តទៀតថា ចាប់តាំងពីមានការប្រយុទ្ធគ្នាតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ប្រទេសចិន បន្តទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសទាំង២ តាមរយៈបណ្ដាញនានា នៅគ្រប់កម្រិត ។ យើងចូលរួមយ៉ាងសកម្ម ក្នុងការជំរុញឱ្យកម្ពុជា និងថៃ ខិតខំចរចាសន្តិភាព។ ចិន បានបង្កើតលក្ខខណ្ឌ(ចរចា)មួយចំនួន និងបានផ្ដល់ជាទម្រង់បែបបទសម្រាប់ការសន្ទនាគ្នា ។
ប្រទេសចិន គាំទ្រឱ្យប្រទេសទាំង២ សន្ទនាគ្នា និងពិគ្រោះយោបល់គ្នាដោយផ្ទាល់, គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានដើម្បីធ្វើឱ្យមានសន្តិភាព ជាពិសេសប្រទេសម៉ាឡេស៊ី និងគាំទ្រកិច្ចខិតខំប្រឹងប្រែង ក្នុងការស្វែងរកដំណោះស្រាយ ដែលប្រទេសទាំង២ អាចទទួលយកបាន និងស្ថិតនៅក្រោមក្របខណ្ឌការងាររបស់អាស៊ាន ។
ប្រទេសចិន នឹងខិតខំធ្វើអ្វីៗ គ្រប់យ៉ាងតាមលទ្ធភាព ដែលអាចធ្វើទៅបាន ដើម្បីជំរុញការចរចាសន្តិភាព ហើយប្រទេស ចិន នឹងដើរតួនាទីបែបស្ថាបនា ដើម្បីធ្វើឱ្យមានបទឈប់បាញ់ និងស្ដារសន្តិភាពឡើងវិញ ៕

រូបភាពឯកសារ
រូបភាពឯកសារ
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ