ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​អា​ល្លឺ​ម៉​ង់ ពិភាក្សា​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​ការ ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​ការ​បញ្ជូន​កម្មសិក្សាការី

37 នាទី មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្ដែង​ការ​គួរសម​ជាមួយ​លោក Christoph Weigelmeier…

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្ដែង​ការ​គួរសម​ជាមួយ​លោក Christoph Weigelmeier ភារធារី​ស្តីទី​នៃ​ស្ថានទូត​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​ប្រចាំ​កម្ពុជា និង​លោក​បណ្ឌិត Christoph Hoffmann អតីត​សមាជិក​សភា​អា​ល្លឺ​ម៉​ង់ នា​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៦ នេះ នៅ​ទីស្តីការក្រសួង ដើម្បី​ពិភាក្សា​ស្វែងរក​ឱកាស​បង្កើត​គំនិត​ផ្តួចផ្តើម​ដែល​គាំទ្រ​ដល់​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា ដែល​រួម​មាន​ទាំង​សិក្ខាកាម ដែល​អាច​មានឱកាស​ទៅ​ធ្វើ​កម្មសិក្សា និង​កម្មសិក្សា​ឆ្លាស់​នៅ​អា​ល្លឺ​ម៉​ង់​ ។

ជាមួយនឹង​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក Weigelmeier និង​លោក​បណ្ឌិត Hoffmann ដែល​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការ​អភិវឌ្ឍ​ជំនាញ​កម្លាំង​ពលកម្ម​។ ឯកឧត្តម​បាន​រំ​ឮ​ក​ផង​ដែរ​ពី​ប្រវត្តិ​ដ៏​យូរអង្វែង និង​សមិទ្ធផល​នានា​របស់​អា​ល្លឺ​ម៉​ង់ ដែល​បាន​ជួយ​ជ្រោមជ្រែង​ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ នៅ​កម្ពុ​ជានា​ពេល​កន្លង​មក ​។

ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ការ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) គឺជា​សសរស្តម្ភ​ដ៏​សំខាន់​នៃ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ប្រែក្លាយ​កម្លាំង​ពលកម្ម​ឱ្យ​មាន​ជំនាញ​ខ្ពស់ តាម​រយៈ​ការ​ធ្វើ​ទំនើប​កម្ម​ជំនាញ និង​ការ​បណ្តុះបណ្តាល​ជំនាញ​ថ្មី​ឱ្យ​ស្រប​តា​មកា​រវិ​វត្ត​នៃ​ឧស្សាហកម្ម​។ ឯកឧត្តម​បាន​រំ​ឮ​ក​ពី​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​នៅ​សាលា​វិជ្ជាជីវៈ​អា​ល្លឺ​ម៉​ង់ ក្នុង​ទីក្រុង Frankfurt នា​ពេល​កន្លង​មក ដោយ​គូសបញ្ជាក់​ថា អ្វី​ដែល​ពិតជា​គួរ​ឱ្យ​ចាប់អារម្មណ៍​ជា​ខ្លាំង​នោះ គឺ​ប្រព័ន្ធ​សិក្សា​មុខងារ​ពីរ​របស់​អា​ល្លឺ​ម៉​ង់ ដែល​សម​ស្រប​សម្រាប់​កម្ពុជា ​។

ចំណែក​ភាគី​អា​ល្លឺ​ម៉​ង់​បាន​លើក​ឡើង​ពី​គំនិត​ផ្តួចផ្តើម បង្កើត​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​លើ​វិស័យ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការ​បញ្ជូន​កម្មសិក្សាការី ដោយ​បាន​សង្កត់ធ្ងន់​ថា យន្តការ​នេះ​ត្រូវ​ផ្អែក​លើ​គោលការណ៍ «​ឈ្នះ​-​ឈ្នះ​» ដែល​ផ្តល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក ទាំង​សម្រាប់​ប្រទេស​បញ្ជូន និង​ប្រទេស​ទទួល​ ។

ជា​ការ​ឆ្លើយ​តប ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ចាត់​ទុក​គំនិត​ផ្តួចផ្តើម​នេះ​ថា​ជា «​ដំណឹង​ដ៏​ល្អ និង​ចំ​ពេល​ជាក់ស្តែង​បំផុត​»​។ ឯកឧត្តម​បាន​បញ្ជាក់​ពី​ជំហរ​ត្រៀមខ្លួន​រួច​ជា​ស្រេច​របស់​ក្រសួង ក្នុង​ការ​សហការ​ជាមួយ​សាលា​វិជ្ជាជីវៈ​អា​ល្លឺ​ម៉​ង់ ដើម្បី​ជ្រើសរើស​គ្រឹះស្ថានសិក្សា​សម​ស្រប​នៅ​កម្ពុជា ក្នុង​គោលដៅ​បង្កើត​ភាព​ជា​ដៃគូ និង​គាំទ្រ​ដល់​ដំណើរការ​ជ្រើសរើស​សិក្ខាកាម​ឱ្យ​មាន​តម្លាភាព ​។

ជា​កិច្ចបញ្ចប់ ភាគី​អា​ល្លឺ​ម៉​ង់​បាន​សម្ដែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី និង​បាន​បង្ហាញ​នូវ​ឆន្ទៈ​ក្នុង​ការ​ពង្រឹង​ កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​ឱ្យ​កាន់តែ​ស៊ីជម្រៅ ដើម្បី​នាំ​មក​នូវ​ផលប្រយោជន៍​សម្រាប់​ប្រជាជាតិ​ទាំង​ពីរ ​៕ អត្ថបទសហការ