រាជធានីភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយសមាគមជប៉ុន-កម្ពុជា និងលើកទឹកចិត្តឱ្យមានការវិនិយោគលើវិស័យស្វាយចន្ទីកាន់តែខ្លាំង ។
នេះបើយោងតាមក្រសួងព័ត៌មានបានប្រកាស នាព្រឹកថ្ងៃទី០២ ខែមេសានេះថា ៖ ក្នុងជំនួបនេះដែរ ភាគីជប៉ុនក៏បានបញ្ជាក់ពីការបន្តការវិនិយោគលើវិស័យស្វាយចន្ទី ដែលជាផលិតផលយុទ្ធសាស្ត្ររបស់កម្ពុជា និងមានតម្រូវការកើនឡើងជាលំដាប់នៅទីផ្សារជប៉ុន។
ថ្លែងនារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃសមាគមជប៉ុន-កម្ពុជា (JCA) ដឹកនាំដោយលោក Takahashi Fumiaki ប្រធានសមាគម និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ។ ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការជំរុញការវិនិយោគ និងការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះ ជម្រាបជូនគណៈប្រតិភូអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃ ក្រុមការងារសហបង្កើតធុរកិច្ចកម្ពុជា-ជប៉ុន (Business Co-Creation Team) ដែលជាយន្តការថ្មីមួយដ៏មានប្រសិទ្ធភាពក្នុងការសម្របសម្រួល និងបង្កើតឱកាសធុរកិច្ចរួមគ្នារវាងវិនិយោគិននៃប្រទេសទាំងពីរ ។
ចំណុចគួរឱ្យកត់សម្គាល់ក្នុងកិច្ចពិភាក្សានេះ «ភាគីជប៉ុនក៏បានបញ្ជាក់ពីការបន្តការវិនិយោគលើវិស័យស្វាយចន្ទី ដែលជាផលិតផលយុទ្ធសាស្ត្ររបស់កម្ពុជា និងមានតម្រូវការកើនឡើងជាលំដាប់នៅទីផ្សារជប៉ុន ។»
ក្នុងគោលដៅបន្តសន្ទុះនៃការទាក់ទាញវិនិយោគ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីផែនការរៀបចំ បេសកកម្មគោះទ្វារវិនិយោគនៅប្រទេសជប៉ុន នាពេលខាងមុខ ក៏ដូចជាការរៀបចំកម្មវិធីអាហារពេលព្រឹកធុរកិច្ច (Business Breakfast) ដើម្បីផ្តល់វេទិកាពិភាក្សាដោយផ្ទាល់ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗជូនវិនិយោគិន ។
លោកប្រធានសមាគម បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា រូបឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ និងបានបង្ហាញឆន្ទៈយ៉ាងមោះមុតក្នុងការបន្តកៀរគរវិនិយោគិនជប៉ុន ឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនថែមទៀត ។
ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអះអាងសារជាថ្មីនូវការត្រៀមខ្លួនជាស្រេចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការផ្តល់កិច្ចសម្របសម្រួល និងគាំទ្រគ្រប់បែបយ៉ាងដល់វិនិយោគិនជប៉ុន ដើម្បីប្រែក្លាយឱកាសវិនិយោគឱ្យទៅជាផ្លែផ្កាសេដ្ឋកិច្ចជាក់ស្តែង ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕


ចែករំលែកព័តមាននេះ